សង្គមស៊ីវិលទទូចឲ្យមានការបោះឆ្នោតឡើងវិញ ដើម្បីបញ្ចប់វិបត្តិ
ដើម្បីទម្លាយភាពជាប់គាំងនយោបាយ ក្នុងពេលបច្ចុប្បន្ននេះ និងធានាពីភាពស្របច្បាប់របស់រដ្ឋាភិបាលក្រោយការបោះឆ្នោត មានតែការបោះឆ្នោតមុនបញ្ចប់អាណត្តិឡើងវិញ ក្រោយការធ្វើកំណែទម្រង់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តែប៉ុណ្ណោះ ហើយការបោះឆ្នោតនេះត្រូវធ្វើយ៉ាងយូរត្រឹមឆ្នាំ២០១៥ ទើបជាដំណោះស្រាយល្អបំផុតក្នុងកាលៈទេសៈបច្ចុប្បន្ន និងអនាគត។ ទាំងនេះគឺជាការលើកឡើង និងជាការអំពាវនាវរបស់បន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោត ដែលមានអង្គការសង្គមស៊ីវិលជិត២០អង្គការជាសមាជិក។
សន្និសីតនៅគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/U.Bory)
នយោបាយកម្ពុជា - ក្នុងអង្គសន្និសីតមួយនៅគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្រ្វែល) នៅថ្ងៃទី៣ ខែ មករា ឆ្នាំ២០១៣ នេះ បន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោតបានលើកឡើងថា ដើម្បីធ្វើឲ្យការបោះឆ្នោតឡើងវិញប្រព្រឹត្តដោយសេរី និងយត្តិធម៌ គេចាំបាច់ត្រូវការពេលវេលា និងយន្តការជាក់លាក់ជាច្រើន ដើម្បីធ្វើកំណែទម្រង់ការបោះឆ្នោត។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការ (ខុមហ្វ្រែល) ដែលបានចូលរួមក្នុងអង្គសន្និសីទបានលើកឡើងថា ប្រទេសកម្ពុជានឹងមិនអាចធ្វើដំណើរទៅមុខ ដោយប្រក្រតីបានទេ ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត ដរាបណាវិបត្តិនយោបាយក្នុងពេលច្ចុប្បន្នមិនទាន់ត្រូវបានដោះស្រាយ។ នាយកប្រតិបត្តិដដែលនេះបន្តថា ដើម្បីការដោះស្រាយវិបត្តិនយោបាយក្រោយការបោះឆ្នោត និងការធានាពីភាពស្របច្បាប់ របស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងប្រទេស ចាំបាច់ត្រូវធ្វើកំណែទម្រង់(គ.ជ.ប) ហើយត្រូវរៀបចំបោះឆ្នោតមុនបញ្ចប់អាណត្តិឡើងវិញ។
ជាមួយគ្នានេះលោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា បានលើកឡើងថា បន្ទាប់ពីជាប់គាំងនយោបាយក្រោយការបោះឆ្នោត និងការចរចានយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានបង្ហាញថាគណបក្សទាំងពីរ (គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ) មានចំណុចត្រូវគ្នាច្រើនហើយ ខណៈចំណុចមិនត្រូវគ្នាមានបន្តិបន្តួច។
លោក ព្រាប កុល បន្តថា គណបក្សទាំងពីរ បានឯកភាពគ្នាពីការជៀសវាងការប្រើអំពើហិង្សា ការធ្វើកំណែទម្រង់ (គ.ជ.ប) និងការបោះឆ្នោតឡើងវិញ។ តែចំណុចដែលខុសគ្នា គឺត្រង់ថាគណបក្សប្រជាជនកម្ពុជាចង់ឲ្យមានការបោះឆ្នោតនៅពេលបញ្ចប់អាណត្តិ រីឯគណបក្សសង្រ្គោះជាតិចង់ឲ្យមានការបោះឆ្នោត ត្រឹមរយៈពេល១ឆ្នាំ ឬ២ឆ្នាំទៀតយ៉ាងយូរ។ លោក ព្រាប កុល បន្ថែមថា គណបក្សទាំងពីរគួរអត់ធ្មត់ និងបន្តការចរចាបញ្ចប់បញ្ហា ដែលនៅសេសសល់។
រហូតមកដល់រសៀលនេះ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ នៅមិនទាន់ទទួលប្រត្តិកម្មពីសំណាក់គណបក្សធំទាំងពីរនៅឡើយ។ តែជារឿយៗ ការទាមទារឲ្យបោះឆ្នោតឡើងវិញនេះ ក៏ជាជំហរទាមទាររបស់គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដែរ ដែលខុសទៅនឹងគណបក្សប្រជាជនកម្ពុជា ដែលនៅតែនិយាយថាខ្លួនបានឈ្នះឆ្នោតដោយត្រឹមត្រូវ និងបានបង្កើតរដ្ឋាភិបាល ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕
--------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ