CNRP ប្រកាសការពារខ្លួន ពីការទាក់ទងទណ្ឌិតមិនផ្លូវការ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១០ សីហា ២០១៧
- កែប្រែចុងក្រោយ: August 11, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រាល់សេចក្ដីសម្រេច របស់គណបក្សសង្គ្រោះជាតិ គឺជាសេចក្ដីសម្រេច របស់សមាជក្រុមប្រឹក្សាជាតិ គណៈកម្មការនាយក និងគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស ដែលស្របតាមលក្ខន្តិកៈរបស់បក្ស ហើយគណបក្សប្រកាស មិនទទួលស្គាល់ការផ្សព្វផ្សាយ និងសកម្មភាពបុគ្គលណា ដែលមិនមែនជាសេចក្ដីសម្រេចរបស់គណបក្ស រួមមាន ការប្រើប្រាស់សំឡេង រូបភាព ឯកសារលាយលក្ខណ៍អក្សរ ឬស្ដីពីសកម្មភាពទណ្ឌិត ដែលបានជាប់ទោស ពីបទមជ្ឈឹម ឬបទឧក្រិដ្ឋ។ នេះ បើតាមសេចក្ដីថ្លែងការណ៍មួយ របស់គណបក្សសង្គ្រោះជាតិ ដែលទើបនឹងចេញផ្សាយ នៅរសៀលនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ។
សេចក្ដីថ្លែងការណ៍បានបន្តឲ្យដឹងថា គណបក្សប្រកាសមិនទទួលខុសត្រូវ ចំពោះការផ្សព្វផ្សាយ និងសកម្មភាពបុគ្គលណា ទោះជាមានការយល់ព្រមដោយចំហ ដោយតុណ្ហីភាព (ដំណើរស្ងៀមមិនបញ្ចេញវាចា) ឬដោយឃុបឃិត ជាមួយទណ្ឌិត ជាប់ទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ឲ្យធ្វើសកម្មភាពណាមួយ ដោយផ្សារភ្ជាប់ទៅនឹងគណបក្ស។
ការប្រកាសខាងលើ របស់គណបក្សប្រឆាំងធំជាងគេ នៅកម្ពុជានេះ បានធ្វើឡើង បន្ទាប់ពីច្បាប់ ស្ដីពីគណបក្សនយោបាយ ដែលទើបត្រូវបានធ្វើវិសោធនកម្មថ្មីៗនេះ ត្រូវបានដាក់ឲ្យចូលជាធរមាន ដោយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា - អនុប្រធានគណបក្សប្រជាជនកម្ពុជា ចុះហត្ថលេខាលើច្បាប់នេះ ក្នុងនាមជាប្រមុខរដ្ឋស្ដីទី កាលពីពេលថ្មីៗនេះ។
ច្បាប់ថ្មី ដ៏មានឥទ្ធិពល...
ក្នុងអត្ថបទច្បាប់កែថ្មីនេះ បានចែងហាមគ្រប់គណបក្សនយោបាយ មិនត្រូវប្រើប្រាស់សារ ជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាព របស់ទណ្ឌិតជាប់ទោស ពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ដើម្បីជាផលប្រយោជន៍នយោបាយ សម្រាប់គណបក្សរបស់ខ្លួនឡើយ។ បើពុំនោះទេ ច្បាប់នេះ អនុញ្ញាតឲ្យតុលាការ សម្រេចផ្អាកសកម្មភាពនយោបាយ របស់គណបក្សនោះ ក្នុងរយៈពេល ៥ឆ្នាំ ឬអាចរំលាយគណបក្សនោះ ចោលតែម្ដង។
ក្រុមអ្នកនយោបាយប្រឆាំង និងក្រុមអ្នកឃ្លាំមើល បញ្ហានយោបាយកម្ពុជា មួយចំនួន បានយល់ថា ច្បាប់នេះចែងឡើង ដើម្បីសំដៅកំហិត ដាក់ទៅលើលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានប្រព័ន្ធតុលាការកម្ពុជា ផ្តន្ទាទោសពីបទចោទជាច្រើន ក្រោមពាក្យបណ្ដឹង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។ លោក ហ៊ុន សែន ផ្ទាល់ ក៏ធ្លាប់បានថ្លែងសំដៅទៅលោក សម រង្ស៊ី ដូច្នេះដែរ នៅពេលច្បាប់នេះ ត្រូវបានបុរសខ្លាំងរូបនេះ បញ្ជាទៅក្រុមតំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជា ឲ្យស៊ើរើធ្វើវិសោធនកម្ម ជាលើកទីពីរ កាលពីចុងខែមិថុនាកន្លងទៅ។
ដោយឡែក នៅក្នុងសំណេរមួយ របស់លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ នៅលើបណ្ដាញសង្គម បានអះអាងថា លោកនៅតែបន្តនិយាយ និងបង្ហោះរូបភាព ពីបុគ្គលទណ្ឌិតបន្តទៅទៀត ក្នុងនាមរូបលោកផ្ទាល់។ ទណ្ឌិតរូបនោះ ទំនងជាលោកចង់សំដៅ ទៅលោក សម រង្ស៊ី ដោយសារតែលោក ឆៃអ៊ាង ត្រូវបានគេស្គាល់ថា ជាមនុស្សស្មោះស្ម័គ្រ របស់អតីតប្រធានគណបក្សប្រឆាំង តាំងពីដើមទីរៀងមក ហើយសំណេរ ដែលលោកសរសេរនោះ ក៏មានអមមកជាមួយ ដោយរូបថតរបស់លោក សម រង្ស៊ី ដែរ។
អនុប្រធានគណបក្សរូបនេះ បានសរសេរឡើងថា៖ «ច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ហាមតែគណបក្សនយោបាយទេ តែមិនហាមចំពោះបុគ្គលឡើយ»។
លោក អេង ឆៃអ៊ាង បានប្រកាសពីជំហររបស់លោកថា៖ «ដូច្នេះ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំនៅតែមានសិទ្ធិនិយាយ ឬយករូបភាព [ពីលោក សម រង្ស៊ី] មកផុស (បង្ហោះ) ក្នុងគណនីបណ្តាញសង្គមផ្ទាល់ខ្លួន ចំពោះមនុស្ស ដែលខ្ញុំគោរពស្រលាញ់ ហើយត្រូវក្រុមអ្នកមានអំណាច ចាត់ជាអ្នកទោស»៕