នូវែលហ្សេឡង់ អនុម័ត្រ​ច្បាប់​ឲ្យ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា រៀបការ​

ប្រទេសនូវែលហ្សេឡង់ (ញ៉ូហ្សេឡេន) បានក្លាយជាប្រទេសទី១៣ ក្នុងពិភពលោក និងជាប្រទេសទីមួយ ក្នុងតំបន់អាស៊ី​ប៉ាស៊ីភីក ដែលបានអនុម័ត្រច្បាប់ អោយមានអាពាហ៍ពិពាហ៍សម្រាប់មនុស្សស្រឡាញ់ភេទដូចគ្នា។ ជាការសម្រេចជា​ប្រវត្តិសាស្ត្រមួយ ដែលស័ក្ដិសមនឹងទទួលបានការអបអរ ពីសំណាក់សហគមន៍ពួកអ្នកស្រឡាញ់ភេទដូចគ្នា នៅក្នុង​ប្រទេសជាពិសេសនៅកណ្ដាលទីក្រុងវែលលីញតុន។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: April 17, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសនូវែលហ្សេឡង់ (ញ៉ូហ្សេឡេន) បានក្លាយជាប្រទេសទី១៣ ក្នុងពិភពលោក និងជាប្រទេសទីមួយ ក្នុងតំបន់អាស៊ី​ប៉ាស៊ីភីក ដែលបានអនុម័ត្រច្បាប់ អោយមានអាពាហ៍ពិពាហ៍សម្រាប់មនុស្សស្រឡាញ់ភេទដូចគ្នា។ ជាការសម្រេចជា​ប្រវត្តិសាស្ត្រមួយ ដែលស័ក្ដិសមនឹងទទួលបានការអបអរ ពីសំណាក់សហគមន៍ពួកអ្នកស្រឡាញ់ភេទដូចគ្នា នៅក្នុង​ប្រទេសជាពិសេសនៅកណ្ដាលទីក្រុងវែលលីញតុន។


ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ក្នុងទីក្រុង វែលលីញតុន ប្រទេសនូវែលហ្សេឡង់។

អត្ថបទវិសោធនកម្ម ទៅលើច្បាប់ដែលចែងពីអាពាហ៍ពិពាហ៍ អនុម័ត្រតាំងពីឆ្នាំ១៩៥៥មកនោះ ត្រូវបានសភាជាតិ​នៃ​ប្រទេសនូវែលហ្សេឡង់ អនុម័ត្រជាថ្មីទៀត កាលពីល្ងាចថ្ងៃអង្គារទី១៦ខែមេសានេះ បន្ទាប់ពីការស្រឡាញ់ភេទដូចគ្នា លែងត្រូវបានគេចាត់ទុក ជាអំពើ«ខុសច្បាប់» នៅឆ្នាំ១៩៨៦កន្លងមក។ កាលពីឆ្នាំ២០០៥ ប្រទេសនេះបានអនុញ្ញាត​អោយមាន សម្ព័ន្ធភាពស្នេហាស៊ីវិល រវាងពួកអ្នកស្រឡាញ់ភេទដូចគ្នានេះរួចហើយ តែពួកគេមិនអាចរៀបការ​ដោយ​ស្របច្បាប់បានទេ រហូតមកទល់នឹងថ្ងៃអង្គារនេះ។

កំណែទម្រង់នេះ ធ្លាប់ត្រូវបានការពារជាបថមដោយ នាយករដ្ឋមន្ត្រីមកពីគណបក្សស្ដាំនិយមកណ្ដាល លោកចន កី (John Key)  ហើយសំនុំរឿងត្រូវបានកាន់បន្តដោយ អ្នកតំណាងរាស្ត្រស្រឡាញ់ភេទដូចគ្នាមួយរូប ពីគណបក្សការងារ លោកស្រី ល្វីស៊ា វល (Louisa Wall)។ លោកស្រីបានអោយដឹងថា ការសម្រេចនូវកំណែទម្រង់នេះ នឹងជាទ្វាមួយបើកសម្រាប់​ប្រទេស​ផ្សេងទៀត ក្នុងតំបន់។

លោកស្រីនិយាយថា «ច្បាប់ពីមុនរបស់នូវែលហ្សេឡង់ បានកំណត់អោយជនរួមជាតិ ដែលស្រឡាញ់ភេទដូចគ្នា មាន​កម្រិតនៅក្រោមមនុស្សទូទៅ និងជនរួមជាតិដូចគ្នា។ តែអត្ថបទនេះ នឹងអនុញ្ញាតអោយមានការធានាថា រដ្ឋមិនត្រូវ​បែង​ចែក​ប្រភេទនៃប្រជាជនទេ ជាពិសេសទៅលើប្រភេទ ដែលមានទៅលើទំនាក់ទំនងផ្លូវភេទ។»

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏អត្ថបទច្បាប់នេះ ត្រូវបានជម្ទាស់យ៉ាងខ្លាំងក្លា ពីក្រុមមួយដែលដាក់ឈ្មោះថា «ដំបូងត្រូវ​គិតពីគ្រួសារសិន (Family First)» ដែលបានចោទក្រុមអ្នកទទួលខុសត្រូវនយោបាយ ថាបានដើរជាន់​លើ​ប្រពៃណី​ទំនៀម​ទំលាប់របស់ប្រទេស ជាពិសេសទៅលើរបៀបរបបនៃអាពាហ៍ពិពាហ៍។ ក្រុមនេះបាននិយាយថា ការអនុម័ត្រច្បាប់ថ្មីនេះ ស្ថិតនៅក្រោមគម្នាប របស់ពួកអ្នកស្រឡាញ់ភេទដូចគ្នា។

នៅកណ្ដាលទីក្រុង វែលលីញតុន (WELLINGTON) បណ្ដាជនជាច្រើនដែលពេញចិត្តនឹងច្បាប់ថ្មី បានចុះមក​អបអរសាទរ នៅតាមដងផ្លូវយ៉ាងអធិកអធម។ អ្នកទាំងនោះ បានបញ្ចេញយោបល់ដូចៗគ្នាថា «បើមានមនុស្សមួយចំនួន ត្រូវបានគេ​អនុញ្ញាតិអោយធ្វើ ដូច្នេះមនុស្សទាំងអស់គ្នា គួរត្រូវអនុញ្ញាត អោយធ្វើបានដូចគ្នា»។ តែអ្នកដែលមិនបានស្រឡាញ់ភេទ​ដូចគ្នា អ្នកស្រីស៊ូស៊្សី ប្រាយ (Suzy Prime) ក៏បានសម្ដែងមតិដែរថា «ច្បាប់បានអនុញ្ញាតរួចហើយ ពីសម្ព័ន្ធភាពស្នេហា​ស៊ីវិល ហើយខ្ញុំមិនមានបញ្ហាអ្វីទេ សម្រាប់រឿងនេះ។ តែខ្ញុំមិនបានគិតថា យើងចាំបាច់ត្រូវធ្វើអោយហួសពីណ្នឹងទេ។»

សូមបញ្ជាក់ថា ប្រទេសទាំង១៣ក្នុងលោក បានអនុម័ត្រច្បាប់អនុញ្ញាតអោយមានអាពាហ៍ពិពាហ៍ នៃអ្នកស្រឡាញ់​ភេទ​ដូចគ្នា ក្នុងនោះប្រទេសដាណឺម៉ាក ក្នុងទ្វីបអ៊ឺរ៉ុប ជាប្រទេសទីមួយដែលបានអនុម័ត្រច្បាប់នេះ នៅឆ្នាំ២០១២។ កាលពី​ប៉ុន្មានសប្ដាហ៍មុននេះ ប្រទេសអ៊ុយរើហ្គាយ ក៏ទើបនឹងអនុម័ត្រអោយមានអាពាហ៍ពិពាហ៍របៀបនេះដែរ។ តែផ្ទុយទៅវិញ ប្រទេសអូស្ត្រាលី ដែលនៅជាប់នឹងនូវែលហ្សេឡង់ បែរជាបានបដិសេធច្បាប់នេះ កាលពីខែកញ្ញាឆ្នាំ២០១២​កន្លងមក​ទៅវិញ៕

សូមទស្សនាវីដេអូ ស្ដីពីការអនុម័ត្រច្បាប់នេះដូចតទៅ៖

------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...