ហង្សក្រហម បំបាក់ក្រុមមេនស៊ីធី រហូតដល់ទីបញ្ចប់!
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១០ មេសា ២០១៨
- កែប្រែចុងក្រោយ: April 11, 2018
- ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុម មេនឆេស្ទ័រ ស៊ីធី (Manchester City) ត្រូវបានគេស្គាល់ថា ជាក្រុមអ្នកមានថ្មីមួយ (ក្រោយក្រុមប៉ារីស) ដែលបានចំណាយប្រាក់ យ៉ាងសន្ធឹកសន្ធាប់ ដើម្បីទិញកីឡាករ គ្រូបង្វឹក និងសមាជិកដទៃទៀត ដើម្បីអាចដើរឡើង ទៅដល់ចំណុចកំពូល នៃការដណ្ដើមជើងឯក កម្រិតអ៊ឺរ៉ុប បន្ទាប់ពីក្រុមនេះ ត្រូវបានទិញយក ដោយម្ចាស់ថ្មី មកពីប្រទេសសហព័ន្ធអារ៉ាប់រួម ក្នុងឆ្នាំ២០០៨នោះមក។
ប៉ុន្តែមានប្រាក់ មិនមានន័យថា មានជ័យជំនះរហូតនោះទេ ជាពិសេសនៅក្នុងបាល់ទាត់។ ក្រុមស៊ីធី ដែលដឹកនាំដោយគ្រូបង្វឹក ប៉េប ហ្គ័ឌីយ៉ូឡា (Pep Guardiola) ដែលមានប្រាក់ខែ ដ៏ថ្លៃ ក្នុងចំណោមប្រាក់ខែ ដ៏ថ្លៃបំផុត នៃពិភពបាល់ទាត់ បានលុតជង្គត់ នៅចំពោះក្រុមលីវើភូល (Liverpool) ដែលជាក្រុមរួមប្រទេសអង់គ្លេសតែមួយ និងដែលជាក្រុម មានខ្ទង់ចំណាយតិចជាង។
នៅពេលបើកការប្រកួតភ្លាម ក្រុមស៊ីធី បានធ្វើឲ្យអ្នកផងជឿជាក់ ចំពោះជ័យជំនះរបស់ខ្លួន បើទោះក្រុមបានប្រកួត ចាញ់ក្រុម លីវើភូល ក្នុងការប្រកួត «ទៅ» ដោយពិន្ទុ ០-៣ ក៏ដោយ។ កីឡាករ ហ្គាប្រ៊ីយ៉ែល ចេហ្សូ (Gabriel Jesus) បានរកគ្រាប់បាល់ ឲ្យក្រុមរបស់ខ្លួន តាំងពីនាទីទី២។ បន្ទាប់មក នៅពេញទាំងពាក់កណ្ដាលម៉ោងដំបូង កីឡាករក្រុមស៊ីធី នៅបន្តគ្រប់គ្រងសាច់បាល់ និងវាយសន្ធាប់ជាច្រើនដង ទៅលើក្រុមហង្សក្រហម តែមិនទទួលបានលទ្ធផល ដូចការរំពឹងទុកទេ។
— Liverpool FC (@LFC) 10 avril 2018
ជាងនេះទៅទៀត គ្រាប់បាល់មួយគ្រាប់ របស់ក្រុមស៊ីធី ត្រូវបានអាជ្ញាកណ្ដាល ចាត់ទុកជាមោឃៈ យ៉ាងអយុត្តិធម៌ ដោយអាជ្ញាកណ្ដាល នៅខាងស្លាប បានមើលឃើញថា មានការ«ចងមុង» ពីសំណាក់ខ្សែប្រយុទ្ធម្នាក់ របស់ក្រុមស៊ីធី។ ការសម្រេចរបស់អាជ្ញាកណ្ដាល បានបង្កការក្ដៅក្រហាយ ដល់លោក ប៉េប ហ្គ័ឌីយ៉ូឡា រហូតដល់អ្នកដឹកនាំក្រុម ស៊ីធី រូបនេះ ទៅបូញមាត់បូញក ដាក់អាជ្ញាកណ្ដាល នៅពេលចប់ពាក់កណ្ដាលម៉ោង មុននឹងត្រូវអាជ្ញាកណ្ដាល បណ្ដេញឲ្យឡើងទៅអង្គុយ នៅជាមួយអ្នកទស្សនាផ្សេងទៀត។
ទំនងជាខ្វះវត្តមាន របស់គ្រូបង្វឹករបស់ខ្លួន នៅលើទីលានប្រកួត ទើបធ្វើឲ្យក្រុមមេនស៊ីធី ធ្លាក់ទាំងទឹកចិត្ត និងធ្លាក់ទាំងថ្វីជើង នៅក្នុងពាក់កណ្ដាលម៉ោងទីពីរ។ ខ្សែការពារដ៏រយីករយាក របស់ក្រុមនេះ បានបន្សល់ចន្លោះប្រហោង ឲ្យក្រុម លីវើភូល រកគ្រាប់បាល់បាន ពីរគ្រាប់៖ នៅនាទីទី៥៦ ដោយកីឡាករជាតិអេហ្សីព «Mohamed Salah» និងនៅនាទីទី ៧៧ ដោយកីឡាករ «Roberto Firmino»។
ក្រុមស៊ីធី បានព្យាយាមងើបមុខមកវិញដែរ នៅនាទីទី៨១ តែត្រូវបានអាជ្ញាកណ្ដាល បដិសេធគ្រាប់បាល់ជាថ្មីទៀត ដោយសារការ«ចងមុង»ដូចមុន ពីសំណាក់កីឡាករខ្សែប្រយុទ្ធ របស់ក្រុមស៊ីធី។ ជាលទ្ធផលបូកសរុប ទាំងពីរប្រកួត ទល់នឹងក្រុម លីវើភូល "០-៣" + "១-២" បានធ្វើឲ្យក្រុម ស៊ីធី ហាវអាវ និងមានតែការសោកស្ដាយ បន្ថែមពីការសោកស្ដាយ ដែលធ្លាប់មានកន្លងមក។ រីឯក្រុមលីវើភូលវិញ ក្រោមការដឹកនាំ របស់គ្រូបង្វឹក «Jürgen Klopp» ជាតិអាល្លឺម៉ង់ បានទទួលសំបុត្រ ដូចក្រុមរ៉ូម៉ា (AS Roma - អ៊ីតាលី) ដែលបានយកឈ្នះក្រុម បាសឺឡូន (Barcelone FC) នៅក្នុងផ្ទះរបស់ខ្លួន ដើម្បីឈានទៅប្រកួត ក្នុងវគ្គ១ភាគ២ នៃការដណ្ដើជើងឯកអ៊ឺរ៉ុបឆ្នាំនេះ៕
» ទស្សនាវីដេអូសង្ខេប នៃការប្រកួតនេះឡើងវិញ៖