បារាំង-អាពាហ៍​ពិពាហ៍នៃ​​ភេទ​ដូចគ្នា៖ អំពើហឹង្សា​ផ្ទុះទៀត បន្ទាប់​ពី​បាតុកម្ម​ដ៏​ធំ

អំពើហឹង្សាបានកើតឡើងខ្លាំង នៅយប់ថ្ងៃអាទិត្យ នៅទីលានអាំងវ៉ាលីដ កណ្ដាលទីក្រុងប៉ារីស បង្កឡើងដោយមនុស្សរាប់រយនាក់ នៅក្រោយពេលបាតុកម្មដ៏ធំប្រឆាំងច្បាប់ អាពាហ៍ពិពាហ៍នៃអ្នកមានភេទដូចគ្នា ត្រូវបានបញ្ចប់ និងបំបែកជួរនោះ។ មនុស្សរាប់រយទាំងនោះ ដែលភាគច្រើនបានបិតមុខ ខ្លះទៀតពាក់ពួកជិះមូតូ បានជួបគ្នារវាងពីម៉ោង២០និង៣០នាទី ទល់នឹងកងកម្លាំងនគរបាល ជាមួយនឹងសម្រែកថា «ហូឡង់ចុះចេញទៅ» «របបសង្គមនិយមផ្ដាច់ការ» ឬ«អ្នកកាសែតឃុបឃិត»ជាដើម។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: May 27, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មនុស្សរាប់រយនាក់ បានបែរមុខព្រួញរបស់ខ្លួន ដែលបានធ្វើបាតុកម្មពីរសៀលថ្ងៃអាទិត្យទី២៦ខែឧសភា ប្រឆាំងច្បាប់​អាពាហ៍ពិពាហ៍នៃអ្នកមានភេទដូចគ្នានោះ ទៅជាការប្រឈមទល់នឹងកម្លាំងនគរបាលការពារសន្តិសុខ និងបានធ្វើអំពើ​ហឹង្សាដាក់អ្នកកាសែតថែមទៀត នៅយប់ថ្ងៃដដែល។


នៅចំពោះមុខកងកម្លាំងនគរបាល បាតុករបានលើកពាក្យស្លោកថា «ហ្វ្រង់ស៊័រ ដកច្បាប់អ្នកឯងចេញទៅ»។

អំពើហឹង្សាបានកើតឡើងខ្លាំង នៅយប់ថ្ងៃអាទិត្យ នៅទីលានអាំងវ៉ាលីដ កណ្ដាលទីក្រុងប៉ារីស បង្កឡើងដោយ​មនុស្ស​រាប់រយនាក់ នៅក្រោយពេលបាតុកម្មដ៏ធំប្រឆាំងច្បាប់ អាពាហ៍ពិពាហ៍នៃអ្នកមានភេទដូចគ្នា ត្រូវបានបញ្ចប់ និងបំបែក​ជួរនោះ។

មនុស្សរាប់រយទាំងនោះ ដែលភាគច្រើនបានបិតមុខ ខ្លះទៀតពាក់មួកជិះមូតូ បានប្រឈមមុខគ្នារវាងពីម៉ោង​២០និង​៣០នាទី ទល់នឹងកងកម្លាំងនគរបាល ជាមួយនឹងសម្រែកថា «ហូឡង់ចុះចេញទៅ» «របបសង្គមនិយមផ្ដាច់ការ» ឬ«អ្នក​កាសែត​ឃុបឃិត»ជាដើម។

នៅមុនម៉ោងប្រមាណជា១០យប់ ការប្រឈមមុខគ្នាបានកើតឡើងកាន់តែខ្លាំងទៀត នៅលើទីលាននេះ។ ពួកគេបាន​ស្រែក​ឡើងព្រមៗគ្នាថា «ប្រទេសបារាំងសម្រាប់ជនជាតិបារាំង»។ ម្នាក់ពីក្នុងចំណោមនោះ បានបញ្ចេញសម្លេងខ្លាំងៗ ដូច្នេះ «ត្រូវតែចាត់ការចេញទៅ ពួកនគរបាល និងអ្នកកាសែត»។ អ្នកទទួលខុសត្រូវម្នាក់ ពីស្នងការនគរបាលក្រុងប៉ារីស បាន​ឲ្យដឹងថា មានមនុស្សប្រមាណជា៤០០ទៅ៥០០នាក់ បានធ្វើរឿងដ៏ហឹង្សាបំផុតនៅយប់នេះ។

ពួកគេបានគប់កាំជ្រួចភ្លើង ទៅកាន់កងកម្លាំងនគរបាល និងអ្នកកាសែត ជាពិសេសដបស្រារប៊ៀរ ដុំឥដ្ឋ និងរនាំងដែក​ធំៗជាច្រើន។ អ្នកកាសែតមួយចំនួន ត្រូវរងនូវការវាយតប់ទាត់ធាក់ និងបន្ទាប់មកត្រូវបានកាកបាទក្រហមបារាំង ទទួល​ព្យាបាល​នៅនឹងកន្លែង។

មនុស្សជិត៣០០នាក់ត្រូវបានឃាត់ខ្លួន

នគរបាលបានប្រតិកម្មតប ដោយបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកចូលទៅក្នុងចំណោម ហើយមនុស្សជាច្រើននាក់ត្រូវបាន​ចាប់ខ្លួន។ ពួកគេនៅឆ្លៀតជេរតប ដាក់ទៅនគរបាលវិញថា «ពួកអាចង្រៃវាយក៍ឯង មិនហ៊ានធ្វើបែបនេះទេ នៅជាយ​ក្រុងក្ដៅៗ»។ ជាយក្រុងក្ដៅៗ ទំនងជាពួកគេ ចង់សម្ដៅទៅពួកបាតសង្គម នៅតំបន់ជាយក្រុង ដែលតែងធ្វើ​រឿងផ្ដេស​ផ្ដាសកន្លងមក។ ខ្លះទៀតឆ្លៀត ច្រៀងចម្រៀងជាតិនៅជាប់នឹងមាត់ ដើម្បីបញ្ជាប់ប្រាប់នគរបាលថា គេជាជនជាតិបារាំង​ដូចគ្នាដែរ។

នៅម៉ោងប្រមាណជា១១យប់ នគរបាលបានឡោមព័ទ្ធក្រុមយុវជនហឹង្សាទាំងនេះ ហើយបានស្នើសុំឲ្យពួកគេ​ចាកចេញ​ពីទីលាន។ នៅក្នុងពេលនោះ មនុស្សជាង២០នាក់ទៀតត្រូវបានឃាត់ខ្លួន ខណៈពួកនេះនៅតែព្យាយាមប្រើអំពើហឹង្សា។ តែនៅមុនពេលនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង ម៉ានុយអែល វ៉ាល (Manuel Valls) បានប្រកាសរួចហើយថា មនុស្ស​៩៦នាក់ត្រូវបានចាប់ទុក ដែលពួកទាំងនេះ សុទ្ធសឹងជាសកម្មជននៃ«ក្រុមយុវជនជាតិនិយម និងស្នាដៃបារាំង» ដែលបាន​ប្រកែកមិនព្រមបំបែកជួរ។

លោករដ្ឋមន្ត្រីបានថ្កោលទោសយ៉ាងខ្លាំងក្លា នូវអំពើហឹង្សាធ្វើឡើងដោយ មនុស្សរាប់រយនាក់ ស្និតនឹងក្រុមស្ដាំនិយមជ្រុល​របស់ប្រទេសបារាំង។ «ការត្រៀមបម្រុង ព័ត៌មានដែលទទួលបាន និងការចាប់ខ្លួនទាំងនេះ នឹងនាំទៅរួមចំណែក​យ៉ាង​សំខាន់ ក្នុងការស៊ើបអង្កេតរបស់តុលាការក្រុងប៉ារីស» លោករដ្ឋមន្ត្រីបានបញ្ជាក់៕

-----------------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...