មតិជុំវិញសម្ដីលោកស៊ូរិយា ស៊ូប៊ើឌី ស្ដីពីប្រពន្ធ័ច្បាប់គ្រប់់គ្រងចៅក្រម ព្រះរាជអាជ្ញា
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: May 26, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការអនុវត្តនូវការគោរពសិទ្ធិមនុស្ស ដែលប្រតិបត្តិដោយប្រពន្ធ័តុលាការ ក៏ជាកម្មវត្ថុមួយដ៏សំខាន់ដែរ ក្នុងដំណើរសង្កេតមើលនៅកម្ពុជាលើកទីប្រាំបួន របស់លោក ស៊ូរិយា ប្រាសាទ ស៊ូប៊ើឌី អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ។
លោក ស៊ូរិយា ប្រាសាទ ស៊ូប៊ើឌី អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ នៅក្នុងសន្និសិតកាសែត។
មុននឹងបញ្ចប់បេសកកម្មនៅកម្ពុជា លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា លោកបាននិយាយនៅក្នុងសន្និសិតកាសែត កាលពីថ្ងៃសៅទី២៤ខែឧសភាថា ការអនុវត្តអនុសាសន៍របស់លោកកន្លងមក ទាក់ទងនឹង«ស្ថាប័នតុលាការ»នៅកម្ពុជា មានភាពយឺតយ៉ាវខ្លាំងនៅឡើយ។
តែលោកបានគាំទ្រ ចំពោះសេចក្តីព្រៀងច្បាប់សំខាន់ៗបីរបស់រដ្ឋាភិបាល ដែលទាក់ទងនិងប្រពន្ធ័តុលាការនេះ សម្រាប់ដាក់ពិភាក្សានៅសភា ក្នុងឆមាសទីមួយ ឆ្នាំ២០១៤ ខាងមុខ។ «រដ្ឋាភិបាលហាក់ដូចជាបានផ្តួចផ្តើម នូវសកម្មភាពមួយចំនួន ដើម្បីធ្វើឲ្យប្រជាពលរដ្ឋ ទទួលបានសេវាកម្មតុលាការកាន់តែប្រសើរឡើងថែមទៀត ដែលជាការស្របទៅនឹងអនុសាសន៍របស់ខ្ញុំ ដែលរួមមានការពង្រឹងសមត្ថភាពរបស់សាលាឧទ្ធណ៍ផងដែរ។»
លោកស៊ូប៊ែឌី បានទទួលស្គាល់ ថាមានភាពប្រសើរឡើងនៃប្រព័ន្ធតុលាការកម្ពុជា ដោយបានលើកមកនិយាយនូវសំនុំរឿងមួយចំនួន ដូចយ៉ាងសំនុំរឿងលោកម៉ម សូណង់ដូនោះជាដើម។ ប៉ុន្តែទន្ទឹមនឹងការបង្ហាញនូវរបាយការណ៍ ដែលទំនងជាចង់បន្ធូរបន្ថយភាពតានតឹង ជាមួយរដ្ឋាភិបាលខ្មែរផងនោះ មតិសាធារណជនទូទៅ ក៏ដូចជាសង្គមស៊ីវិលដែលធ្វើការទាក់ទងនឹងបញ្ហានេះ នៅតែធ្វើការបរិហារ និងរិះគន់មិនដាច់ពីមាត់ ពីប្រព័ន្ធយុត្តិធម៌កម្ពុជាមួយ ដែលគ្មានភាពឯករាជ្យ មាននិន្នាការនយោបាយ និងស្ថិតក្រោមគំនាបនៃអ្នកមានអំណាច។
ដំណោះស្រាយក្ដីជាច្រើន បានធ្វើឲ្យគេមើលឃើញថា បុគ្គលចៅក្រម ឬព្រះរាជអាជ្ញាមួយចំនួន តែងតែឲ្យ«អ្នកមានអំណាច បុណ្យសក្ត័ ឬអ្នកមានទ្រព្យធន»ឈ្នះ បើទោះជាបានប្រព្រឹត្តកំហុសឆ្គង ហើយ«អ្នកគ្មានទ្រព្យ ឬអ្នកខ្សត់ខ្សោយ»ចាញ់ ទាំងរកមិនឃើញថាមានកំហុសនោះក៏ដោយ។
បញ្ហានេះលោក អំ សំអាត អ្នកគ្រប់គ្រងបចេ្ចកទេស ឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃសមាគមលីកាដូ បានប្រៀបធៀបទៅនឹងករណីលោក ឈូក បណ្ឌិត ដែលមានចេតនាពេញទី ក្នុងបទប៉ុនប៉ងធ្វើមនុស្សឃាត«ដោយចេតនា» តាមរយៈការប្រើអាវុធ តែបែរជាតុលាការលើកលែងការចោទប្រកាន់ និងមិនទាំងបានធ្វើការឃុំខ្លួនផង។ ផ្ទុយគ្នានឹងករណីខាងលើនេះ អ្នកស្រីយ៉ោម បុប្ផា ត្រូវបានតុលាការចោទប្រកាន់ និងធ្វើការឃុំខ្លួនក្នុងពន្ធនាគារថែមទៀត ដោយសារតែការប្រើនូវសិទ្ធិការពារសិទ្ធិលំនៅដ្ឋានរបស់ខ្លួន។ ករណីនេះតុលាការ បែរជាចោទអ្នកស្រីថា បានបង្ករបួសស្នាមលើអ្នកដទៃទៅវិញ។
មន្ត្រីជំនាញសិទ្ធិមនុស្សរូបនេះ បានទទួលស្គាល់ដូចគ្នាថាមានការវិវត្តិន៍ខ្លះ តែមិនទាន់ដល់កំរិតមួយ ដែលសង្គមស៊ីវិលគិតថាប្រសើរនោះឡើយ។ ជានិច្ចកាលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ក៏ដូចជាសង្គមស៊ីវិល តែងស្នើរដល់រដ្ឋាភិបាល ឲ្យពន្លឿនច្បាប់គ្រប់គ្រងប្រពន្ធ័តុលាការ ចៅក្រម និងព្រះរាជអាជ្ញា។ លោកបន្តថា ដោយសារតែកង្វះខាតនូវច្បាប់ទាំងនេះ ទើបតែងតែឃើញមានការតវ៉ារបស់ប្រជាពលរដ្ឋ ស្ទើរតែគ្រប់ខេត្តក្រុង។ នេះមកពីបញ្ហាតុលាការ នៅមិនទាន់មានភាពឯករាជ្យ។ ម្យ៉ាងទៀតត្រូវបែងចែកឲ្យមានតុលាការជំនាញ ដាច់ដោយឡែកពីគ្នា ដូចជាតុលាការទូទៅ តុលាការពាណិជ្ជកម្ម តុលាការរដ្ឋបាល និងតុលាការកុមារ (អនីតិជន)។
ដូចគ្នានេះដែរលោក ជូង ជូងី ជាសមាជិកគណមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំការិយាល័យច្បាប់សិលា បានបង្ហាញថា បុគ្គលចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជីមួយចំនួន មិនទាន់បំពេញតួនាទីត្រឹមត្រូវតាមច្បាប់នៅឡើយទេ ព្រោះពួកគាត់បានលង់ទៅនឹងអគតិ (អគតិមានបួន) ដែលគោលការណ៍ច្បាប់បានហាមឃាត់។ លោកបន្តថា ខណៈដែលចៅក្រម ព្រះរាជអាជ្ញា មិនទាន់មានច្បាប់ ជាបន្ទាត់សម្រាប់ពួកគាត់ដើរ ហើយពួកគាត់គ្មានឆន្ទះច្បាស់លាស់ គ្មានមនសិការច្បាស់លាស់ ហើយឆ្លៀតឱកាសនេះធ្វើអ្វីតាមតែទំនើងចិត្ត ដើម្បីលាភសក្ការៈ និងផលប្រយោជន៍ផ្ទាល់ខ្លួនបុគ្គលម្នាក់ៗ។
នៅក្នុងរបាយការណ៍ លោក ស៊ូប៊ែឌី បាននិយាយពីកង្វល់របស់លោក អំពី«វប្បធម៌និទណ្ឌភាព» និងបញ្ជីបទលើ្មសជាច្រើននៅកម្ពុជា ដែលជនល្មើសមិនទាន់ត្រូវបាន យកមកកាត់ទោសនោះនៅឡើយ។ លោកអះអាងថា លោកបានជួបជាមួយឥស្សរជនជាច្រើននៅក្នុងជួររដ្ឋាភិបាលកម្ពុជា ហើយពួកគេបានទទួលស្គាល់ពីកង្វះខាតដែលនៅមាននៅឡើយ។
អ្នកវិភាគម្នាក់ដែលស្និតនឹងរបាយការណ៍នេះ ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានពន្យល់ថា ការទទួលស្គាល់ដោយខ្លួនឯង នូវអ្វីដែលខ្លួនបានធ្វើ ជាចំនុចវិជ្ជមានមួយ។ តែកង្វះសមត្ថភាព និងឆន្ទះនយោបាយ វាជារឿងពីរដោយឡែកផ្សេងទៀត ដែលនឹងមិនធ្វើឲ្យច្បាប់គ្រប់គ្រងប្រពន្ធ័តុលាការ ចៅក្រម និងព្រះរាជអាជ្ញានោះ បានឃើញពន្លឺថ្ងៃ«ពិតប្រាកដ»នោះឡើយ៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ