រដ្ឋអ៊ីស្លាមទទួលស្គាល់ភេវរកម្មនៅទូនេស៊ី ថាជាការវាយប្រហារ«ពរជ័យ»
- ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ភ្នំពេញ ថ្ងៃទី ១៩ មិនា ២០១៥
- កែប្រែចុងក្រោយ: March 20, 2015
- ប្រធានបទ: ភេវរកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅរសៀលថ្ងៃព្រហស្បត្តិ៍ ទី១៩ ខែមីនានេះ ក្រុមស្ម័គ្រប្រយុទ្ធ របស់អង្គការ រដ្ឋអ៊ីស្លាម (EI ឬ ISIS) បានប្រកាសទទួលស្គាល់ ភេវរកម្មបាញ់ប្រហារ នៅក្នុងសារមន្ទីរជាតិ បារដូ កណ្ដាលរដ្ឋធានី ទូនីស នៃប្រទេសទួនេស៊ី ដែលបានកើតឡើង កាលពីថ្ងៃទី១៨ ខែមីនា ម្សិលម៉ិញ ដែលធ្វើឲ្យមនុស្ស ២១នាក់ស្លាប់។ ការប្រកាសទទួលស្គាល់នេះ ត្រូវបានធ្វើនៅក្នុងសារមួយ ថ្លែងជាលក្ខណៈសម្លេង បង្ហោះនៅលើអ៊ិនធើណែត។ ក្រុមអ៊ីស្លាមនិយមជ្រុល ដែលមានទីតាំងនៅក្នុងប្រទេ សទូនេស៊ី ស្រាប់ និងមានកងស្ម័គ្រប្រយុទ្ធរបស់ខ្លួន ច្រើនរយនាក់ បានព្រមានថា នឹងមានការវាយប្រហារជាថ្មីទៀត ទៅលើប្រទេសទូនេស៊ី។
ក្រុមអ៊ីស្លាមនិយមជ្រុល បានប្រកាសឲ្យដឹងថា ការវាយប្រហារ កាលពីថ្ងៃពុធ បានដឹកនាំដោយ «វីរៈជនពីរនាក់ ដែលមានឈ្មោះថា Abou Zakaria al-Tounsi និង Abou Anas al-Tounsi បំពាក់ទៅដោយអាវុធស្វ័យប្រវត្តិ និងគ្រាប់បែក» ហើយបាន«ចូលទៅដល់កណ្ដាល ចំណោមជនបរទេស មកពីប្រទេសនៃសញ្ញាឆ្កាង (ចង់និយាយពីសាសនាគ្រឹស្ទ៍) (...) និងបង្កឲ្យរញ្ជួយ ដល់បេះដូងនៃក្រុមក្បត់ នៅក្នុងប្រទេសទូនេស៊ី ដែលកាន់សាសនាអ៊ីស្លាម»។
បើតាមតុល្យភាពផ្លូវការចុងក្រោយ បានឲ្យដឹងថា ភេវរកម្មបាញ់ប្រហារ បានសម្លាប់មនុស្ស២១នាក់ ក្នុងនោះ ១៣នាក់ជាទេសចរណ៍បរទេស។ អ្នកទេសចរណ៍មួយភាគធំ សុទ្ធសឹងតែជាទេសចរណ៍ តាមកាប៉ាល់ ហើយបានចុះចតនៅកំពង់ផែនៃរដ្ឋធានី ទូនីស ដើម្បីធ្វើដំណើរស្វែងយល់ និងកំសាន្ដនៅទីនោះ។ ប៉ុន្តែការវាយប្រហារបានកើតឡើងយ៉ាងសន្ធាប់ សំដៅក្រុមអ្នកទេសចរណ៍ទាំងនោះ ខណៈពេលដែលពួកគេ បានឈានជើងចុះពីរថយន្ដក្រុង ហើយដើរចូលទៅក្នុងសារមន្ទីរ។
ដោយឡែក ទេសចរណ៍អេស្ប៉ាញពីរនាក់ បានរួចរស់មានជីវិត បន្ទាប់ពីបានលាក់ខ្លួន អស់ពេញមួយយប់ម្សិលមិញ ក្រោមការជួយបំពួន ពីសំណាក់បុគ្គលិកមួយរូប របស់សារមន្ទីរ។
អាជ្ញាធរបានប្រកាស ពីការស្លាប់របស់ជនខ្មាន់កាំភ្លើង ទាំងពីរនាក់ ហើយបានចាប់ខ្លួនមនុស្សសង្ស័យ៩នាក់ផ្សេងទៀត ដែលក្នុងនោះ មាន៤នាក់ សុទ្ធតែមានទំនាក់ទំនងដោយផ្ទាល់ ជាមួយភេវរកម្ម។ ដោយសារស្ថានភាពនេះ កងទ័ពត្រូវបានដាក់ឲ្យចូលរួម ក្នុងការពង្រឹងសន្តិសុខ នៅតាមទីក្រុងធំៗ។ តាំងពីឆ្នាំ២០១១មក អាជ្ញាធរនៃប្រទេសទូនេស៊ី បានប្រយុទ្ធមិនឈប់ឈរ ប្រឆាំងនឹងក្រុមអ៊ីស្លាមស្ម័គ្រប្រយុទ្ធ ដែលគេស្គាល់ថា បានទាក់ទងយ៉ាងស្អិតរមួត នៅក្នុងបណ្ដាញភេវរនិយម អាល់កៃដា (Al-Qaïda) ប្រចាំនៅទ្វីបអាហ្វ្រិកខាងជើង។ នៅក្នុងការប្រយុទ្ធ តទល់គ្នាជាច្រើន ក្នុងពេលកន្លងមក ទាហាននិងកងកម្លាំងនគរបាល មិនតិចជាង៦០នាក់ទេ ដែលបានស្លាប់បាត់បង់ជីវិត៕