អាមេរិក-ប៊ូស្តុន៖ ផ្ទុះគ្រាប់ពីរកន្លែង ក្នុងកម្មវិធីរត់ម៉ារ៉ាតុន ធ្វើឲ្យស្លាប់២នាក់
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: April 16, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លើសពីចំនួនអ្នកស្លាប់ទាំងពីរនាក់នេះ មនុស្សចំនួន២៨នាក់ផ្សេងទៀត បានរងរបួស នៅក្នុងកម្មវិធីរត់ម៉ារ៉ាតុនមួយ ក្បែរទីផ្ដាច់ព្រ័ត្រ ក្នុងទីក្រុងប៊ូស្ដុនសហរដ្ឋអាមេរិក។ នេះជាតុល្យការជំហានដំបូង ផ្ដល់ដោយនគរបាល។
ការបំផ្ទុះនៅខាងស្ដាំរូប បង្កអោយកីឡាករមួយចំនួន ដែលរត់ក្បែរនោះដួល។
វេលាម៉ោងប្រមាណជា៣រសៀល ការបំផ្ទុះគ្រាប់ពីរកន្លែង បានធ្វើអោយមនុស្សពីរនាក់ស្លាប់ និង២៨នាក់ផ្សេងទៀតរងរបួស នៅចំកណ្ដាលហ្វូងមនុស្សកកកុញ នៅមិនឆ្ងាយប៉ុន្មានពីទីផ្ដាច់ព្រ័ត្រ នៃកីឡាររត់ម៉ារ៉ាតុន ដែលបានរៀបចំឡើង នៅក្នុងទីក្រុងប៊ូស្ដុនក្នុងថ្ងៃច័ន្ទទី១៥ខែមេសាម្សិលម៉ិញ។ នេះ ជាការវាយតម្លៃជំហានដំបូងរបស់ នគរបាលប្រចាំទីក្រុង។ តែកាសែតក្នុងតំបន់ ប៊ូស្ដុនគ្លប (Boston Globe) បានរាយការណ៍ថា អ្នករបួសមានចំនួនដល់ទៅជាង១០០នាក់។ ដោយឡែកមន្ទីពេទ្យជម្ងឺទូទៅ នៃរដ្ឋមាស្សាឈូសេត បានប្រកាសថា ខ្លួនបានទទួលអ្នករបួសចំនួន១៩នាក់ មកសង្គ្រោះបន្ទាន់ តែមិនបានបញ្ជាក់ពីស្ថានភាព របស់ពួកគេទាំងនោះទេ។
ការបំផ្ទុះគ្រាប់លើកទីបី បានកើតឡើងទៀត នៅក្នុងបណ្ណល័យ ជីអេហ្វខេ (JFK) នៃទីក្រុង ហើយមានចម្ងាយប្រមាណជា ៤គីឡូម៉ែត្រពីកន្លែងផ្ទុះលើកទីមួយ។ នគរបាលមិនបានអោយដឹងថា តើការផ្ទុះចុងក្រោយនេះ មានទំនាក់ទំនងជាមួយនឹងការបំផ្ទុះពីរលើកមុន ឬយ៉ាងណានោះទេ។ នៅក្នុងសន្និសិតសារព័ត៌មាន នាយនគរបាលក្រុងប៊ូស្ដុនលោក អេដ ដេវិស (Ed Davis) បានថ្លែងថា នគរបាលមិនទទួលបានសញ្ញាអ្វីមួយប្លែក ឬជាការគម្រាម នៅមុនការបំផ្ទុះទាំងនេះទេ ហើយថាមិនមានវត្ថុគួរអោយសង្ស័យណាផ្សេង ត្រូវបានរកឃើញទៀតឡើយ។
ការបំផ្ទុះពីរ ពីក្នុងការបំផ្ទុះទាំងនេះ បានកើតឡើង ខណៈមនុស្សរាប់សិបពាន់នាក់ បានប្រមូលគ្នាមកទស្សនា អបអរ នៅចំនុចទីផ្ដាច់ព្រ័ត្រ នៃពួកកីឡាករម៉ារ៉ាតុន ដែលបានចេញពីចំនុចចាប់ផ្ដើមតាំងពី៥ម៉ោងមុន។ ការប្រកួតកីឡារត់ម៉ារ៉ាតុនលើកទី១១៧នេះ ទាក់ទាញអោយមនុស្សមកទស្សនាប្រមាណជាកន្លះលាននាក់ និងអ្នកចូលរួមប្រមាណជា ២០ពាន់នាក់។
លោកម៉ៃ មីតឆែល (Mike Mitchell) ជាកីឡាករម្នាក់ជនជាតិកាណាដា បានថ្លែងបញ្ជាក់ថា គាត់បានឃើញដុំភ្លើងបានផ្ទុះឡើង នៅពីក្រោយអ្នកទស្សនា និងបន្ទាប់មកមានផ្សែងសរស្គុស ហុយចេញពីទីនោះ។ ទំនងជាងនៅមានភាពរន្ធត់នៅជាប់ខ្លួននៅឡើយ លោកបានរំលឹកឡើងវិញថា «មានឈាមគ្រប់ទីកន្លែង ហើយជនរងគ្រោះត្រូវបានគេសែងចេញជាបន្តបន្ទាប់។ ខ្ញុំឃើញនរណាម្នាក់នោះ បានបាត់ដៃមួយចំហៀង ហើយមានមនុស្សយំ។»
បារ៉ាក់ អូបាម៉ាថាមិនទាន់ដឹងពីមូលហេតុ និងជនដៃដល់
សេតវិមានបានប្រាប់អោយដឹងថា សមត្ថកិច្ចគ្រប់ប្រភេទ ត្រូវបានបញ្ជាអោយចេញប្រតិបត្តិការ។ បរិវេណសុវត្ថិភាព នៅជុំវិញសេតវិមាន ត្រូវបានបិត។ នៅឯទីក្រុងញ៉ូយក នគរបាលក៏បានរឹតបន្ដឹងសន្តិសុខ ខ្លាំងសម្បើមដែរ ជាពិសេសននៅក្នុងសង្កាត់ដ៏ល្បី ម៉ាណាតាន់ (Manhattan)។
ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា (Barack Obama) បានថ្លែងចេញពីសេតវិមាន នៅម៉ោងប្រមាណជា១៨ល្ងាច ថាសមត្ថកិច្ចនៅមិនទាន់បានដឹង ពីមូលហេតុនៃការបំផ្ទុះ និងជនដៃដល់នោះនៅឡើយ។ នៅក្នុងសុន្ទរកថារបស់លោក មិនបាននិយាយទាក់ទងទៅដល់ «ភេវរកម្ម» អ្វីនោះទេ តែលោកបានសន្យាថា ជនល្មើសនឹងត្រូវចាប់មកទទួលទោស។ លោកបានចូលរួមរំលែកទុក្ខ ទៅដល់ជនរងគ្រោះ ដោយធានាថា ប្រទេសអាមេរិក «នៅជាប់»នឹងបណ្ដាជនអ្នករស់នៅក្នុងទីក្រុងប៊ូស្តុន ជានិច្ចជាកាល។ លោកបន្ថែមថា វិធានការសុវត្ថិភាព នឹងត្រូវពង្រឹង ទៅតាមភាពជាក់ស្ដែង និងភាពចាំបាច់របស់វា៕
------------------------------
វីដេអូ ដែលចេញពីការបំផ្ទុះនោះ ៖
-----------------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ