ហ៊ីឡារី គ្លីនតុន ប្រកាសឡើងសៃវៀន ដណ្ដើមតំណែង«ប្រធានាធិបតី»
- ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ភ្នំពេញ ថ្ងៃទី ១២ មេសា ២០១៥
- កែប្រែចុងក្រោយ: April 13, 2015
- ប្រធានបទ: សេតវិមាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សមាជិកគណបក្សប្រជាធិបតេយ្យ អ្នកស្រី ហ៊ីឡារី គ្លីនតុន បានប្រកាសជាផ្លូវការហើយ នៅក្នុងវីដេអូមួយផ្សាយ នៅលើ គេហទំព័រផ្ទាល់ខ្លួនរបស់អ្នកស្រី ស្ដីពីបេក្ខនារីរបស់អ្នកស្រី ដើម្បីឈានទៅដណ្ដើមដំណែង ជាប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៦ខាងមុខនេះ បន្តពីលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីចប់អាណត្តិ ដែលចេញពីគណបក្សតែមួយដែរនោះ។
សេចក្ដីប្រកាសរបស់អ្នកស្រី ជាការប៉ុនប៉ង ឈានដណ្ដើមតំណែងនេះ ជាលើកទីពីរ បន្ទាប់ពីអ្នកស្រីបានទទួលសម្លេងគាំទ្រ ចាញ់លោក បារ៉ាក់ អូបាម៉ា កាលពីពេលបោះឆ្នោតជំហានដំបូង នៅក្នុងការជ្រើសរើសបេក្ខភាព ពីគណបក្សប្រជាធិបតេយ្យនោះ។ ប្រសិនជាអ្នកស្រី មានវាសនាជាប់ទទួលបានតំណែងនេះមែននោះ អ្នកស្រីនឹងក្លាយ ជាប្រធានាធិបតីអាមេរិកដំបូងគេ នៅក្នុងប្រវត្តិសាស្ត្រ នៃប្រទេសមហាអំណាចមួយនេះ ដែលមានភេទជាស្រី។
នៅក្នុងវីដេអូ ដែលបានបោះជំហាន ក្នុងការធ្វើយុទ្ធនាការ រកសម្លេងគាំទ្រ (ជំហានទីមួយ រកសម្លេងគាំទ្រ ពីក្នុងគណបក្សសិន) នេះ គេឃើញមានការបង្ហាញ ជាដំបូង ពីពលរដ្ឋអាមេរិកធម្មតា និងស្ថិតក្នុងជីវភាពប្រចាំថ្ងៃ មុននឹងអ្នកស្រី បានចេញមកនិយាយ នៅចុងបញ្ចប់នៃវីដេអូ បញ្ជាក់ថា៖ «ខ្ញុំជាបេក្ខនារី សម្រាប់តំណែងប្រធានាធិបតី»។ អ្នកស្រី បាននិយាយទៀតថា៖ «ពលរដ្ឋអាមេរិកាំង ក្នុងពេលបច្ចុប្បន្ននេះ ត្រូវការស្ត្រីជើងឯកម្នាក់។ ខ្ញុំចង់ក្លាយជាស្ត្រីជើងឯកនេះ។ ខ្ញុំនឹងចុះទៅផ្ទាល់ (នៅជាមួយពលរដ្ឋ) ដើម្បីស្វែងរកការជឿទុកចិត្ត។»
អ្នកស្រី ជាបេក្ខនារីតែម្នាក់គត់ ដែលបានប្រកាសពីបេក្ខភាពរបស់ខ្លួន ជាផ្លូវការ នៃរបោះឆ្នោតជំហានដំបូង នៅក្នុងគណបក្ស។ អ្នកស្រីធ្លាប់ជាអតីតស្ត្រីទីមួយ (ភរិយាអតីតប្រធានាធិបតី លោក ប៊ីល គ្លីនតុន) ធ្លាប់ជាសមាជិកព្រឹទ្ធសភា និងបានកាន់តំណែងជារដ្ឋមន្ត្រីការបរទេស នៅក្នុងរដ្ឋការរបស់លោក បារ៉ាក់ អូបាម៉ា ពេញមួយអាណត្តិមុន។ នៅក្នុងការស្ទង់មតិ ដែលបានធ្វើក្នុងពេលកន្លងមកនេះ បានបង្ហាញថា អ្នកស្រីទទួលបានសម្លេងគាំទ្រ យ៉ាងលើសលប់ ពីអ្នកស្មោះស្ម័គ្រ នឹងគណបក្សប្រជាធិបតេយ្យ។ មានសម្លេងគាំទ្រលើសគេ លើសទាំងលោក ចូ ប៊ីដេន (Joe Biden) ដែលជាអនុប្រធានាធិបតី សព្វថ្ងៃនេះផង៕
» នេះជាវីដេអូដំបូង នៃការប្រកាសបេក្ខភាពជាផ្លូវការ របស់អ្នកស្រី ហ៊ីឡារី គ្លីនតុន៖