កូរ៉េខាងជើង៖ អាថ៌កំបាំង​យោធា ធ្លាយ​តាម​រូប​ថត​ផ្លូវ​ការ​របស់​ខ្លួន?

តើជាការចៃដន្យ ឬមានបំណងចង់ធ្វើអោយឃើញ? ប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសកូរ៉េខាងជើង បានដាក់រូបថតចំនួនពីរ ដែលគេអាចមើលឃើញនៅក្នុងនោះ នូវផែនទីបង្ហាញផ្លូវ ពីគម្រោងវាយលុកលើទឹកដីអាមេរិក និងពីកម្លាំងទ័ពរបស់ទីក្រុងព្យុងយ៉ាង។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: March 31, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើជាការចៃដន្យ ឬមានបំណងចង់ធ្វើអោយឃើញ? ប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសកូរ៉េខាងជើង បានដាក់រូបថតចំនួន​ពីរ ដែលគេអាចមើលឃើញនៅក្នុងនោះ នូវផែនទីបង្ហាញផ្លូវ ពីគម្រោងវាយលុកលើទឹកដីអាមេរិក និងពីកម្លាំងទ័ពរបស់​ទីក្រុង​ព្យុងយ៉ាង។


រូបថតទីមួយ របស់ភ្នាក់ងារព័ត៌មានផ្លូវការ របស់កូរ៉េខាងជើង។

ភ្នាក់ងារព័ត៌មានផ្លូវការរបស់ កូរ៉េខាងជើង KCNA បានផ្សាយរូបថតពីរ ដែលបង្ហាញពីការកិច្ចប្រជុំ«ជាបន្ទាន់» ត្រូវបាន​កោះហៅអោយធ្វើ នៅយប់ថ្ងៃព្រហស្បត្តិ៍ ចូលមកថ្ងៃសុក្រទី២៩ខែមិនា ដោយអគ្គមគ្គុទេសដ៏មហិមា គឹមជុងអ៊ុន (Kim Jong-Un)។ នៅក្នុងរូបថត គេឃើញមេដឹកនាំវ័យក្មេង អង្គុយនៅជាប់នឹងតុ អបជុំវិញដោយនាយទាហានធំៗ បួនរូប ដែលទំនងជានៅក្នុងបន្ទប់បញ្ជាការមួយ សម្រាប់យុទ្ធនាការយោធា។

នៅពីក្រោយពួកគាត់នេះ គេឃើញមានផែនទីមួយដែលដាក់ចំណងជើងថា «គម្រោងវាយលុក ដោយកម្លាំងយុទ្ធសាស្ត្រ នៅលើទឹកដីអាមេរិក»។ គេឃើញមាន សញ្ញាព្រួញចំនួនបួន ដែលបានគូសបាញ់មកលើទឹកដីអាមេរិក លើបួនចំនុច។ ព្រួញទាំងនេះ អាចនិយាយថាជាគោលដៅ នៃការវាយប្រហារតាមកាំជ្រួចម៉ីលស៊ីល ចេញពីកូរ៉េខាងជើង។

អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មានបារាំង អាអេហ្វប៉េ ថា «ខ្ញុំមិនគិត​ថា វាជារឿងចៃដន្យនោះទេ។ ខ្ញុំជឿជាក់ថា រឿងនេះបានផ្សាយជាសាធារណៈ ដោយមានបំណងពិតប្រាកដ ជាពិសេសចង់​ពន្លើស ឥទ្ធិពលរបស់យោធាកូរ៉េខាងជើង។»

អ្នកវិភាគទាំងឡាយ ជំនាញខាងកូរ៉េខាងជើង បានគិតថា ប្រទេសនេះនៅមិនទាន់មានបច្ចេកវិទ្យា ដែលអាចបាញ់កាំជ្រួច​ម៉ីលស៊ីល ក្នុងចម្ងាយឆ្ងាយនោះបាននៅឡើយទេ បើទោះជាធ្លាប់បានបាញ់បង្ហោះដោយជោគជ័យ នូវកាំជ្រួចបំពាក់ផ្កាយ​រណបរបស់ខ្លួន ទៅលើអវកាសនោះក៏ដោយ។

អ្នកវិភាគដដែលនោះ បានបន្ថែមថា កាំជ្រួចដែលទីក្រុងព្យុងយ៉ាងមាន ក្នុងពេលបច្ចុប្បន្ននេះ មិនទាន់មានសមត្ថភាព​អាច​បាញ់ដល់ បន្ទាយយោធាអាមេរិកាំង នៅកណ្ដាលសមុទ្រប៉ាស៊ីភិក «ហ្គាំម ឬហាវៃ» នៅឡើយ កុំថារហូតទៅដល់ទឹកដី ផ្នែកខាងលិចនៃសហរដ្ឋអាមេរិកនោះ។

ចំណែកក្នុងរូបថតមួយទៀត គេឃើញមានបញ្ជាក់ពីចំនួន  កម្លាំងវានាជើងទឹករបស់ប្រទេស ដូចជានាវាជ្រមុជទឹក ៤០ - នាវានាំឡើងគោក ១៣ - នាវារាវរកមីន ៦ នោះជាដើម។

នៅក្នុងកិច្ចប្រជុំជាបន្ទាន់នោះ អគ្គមគ្គុទេសវ័យក្មេងបានបញ្ជា អោយត្រៀមបំរុងនូវការវាយលុក តាមរយះកាំជ្រួច ឆ្ពោះ​ទៅ​ទ្វីបអាមេរិក និងបណ្ដាបន្ទាយទាហានអាមេរិក នៅកណ្ដាលសមុទ្រប៉ាស៊ីភិក ដើម្បីជាំចម្លើយតបនឹងការបង្ហោះ​យន្ដហោះ​ផ្ទុកគ្រោះបែក B-2 ដែលជាការហ្វឹកហាត់មួយរបស់អាមេរិក កាលពីថ្ងៃព្រហស្បត្តិ៍កន្លងមក នៅលើឧបទ្វីបកូរ៉េ៕

--------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...