ស៊ុយអែដ៖ យកម៉ាស៊ីនលាយបេតុង មកផ្សំទឹកគ្រឿងធ្វើម្ហូប
អធិការកិច្ចផ្នែកអនាម័យ របស់ប្រទេសស៊ុយអែដ បានរកឃើញរឿងដ៏ហួសចិត្តមួយ នៅពេលបានចូលទៅត្រួតពិនិត្យ ហាងលក់ម្ហូបរហ័សមួយកន្លែង៖ ម៉ាស៊ីនលាយបេតុងធុនមធ្យមមួយ ត្រូវបានយកមកប្រើ ដើម្បីលាយផ្សំគ្រឿងសម្រាប់ ទុកធ្វើម្ហូប ឬប្រលាក់សាច់។
ជាម៉ាស៊ីនលាយបេតុង តែមិនមែនសម្រាប់លាយគ្រឿងផ្សំកេប៉ាប់ទេ។
អធិការទទួលខុសត្រូវរឿងនេះ លោក ស្វេន អ៊ីជ ស្វេនសុន (Sven-Inge Svensson) បានពន្យល់ប្រាប់អ្នកកាសែតថា «គេ មិនទិញម៉ាស៊ីនសម្រាប់លាយផ្សំគ្រឿងទាំងនោះទេ ព្រោះវាថ្លៃពេក។ ដូច្នេះគេសម្រេចចិត្ត ទិញម៉ាស៊ីនមួយបែបផ្សេង ទៀត។ តែម៉ាស៊ីននេះ វាពិបាកសំអាត (...) ហើយក៏មិនមែនជារឿងល្អដែរ។»
លោកអធិការ ថែមទាំងបានលឺអ្នកធ្វើការ នៅក្នុងហាងលក់ម្ហូបរហ័សមួយនេះ មិនដែលខ្វល់ខ្វាយ ពីថ្នាំពណ៌ដែលលាប ពីលើម៉ាស៊ីន របេះចេញមកលាយជាមួយ នឹងគ្រឿងផ្សំម្ហូបទៀតផង។
ដំណើរដែលឈាន ទៅដល់ការធ្វើអធិការកិច្ច ក្នុងហាងលក់ម្ហូបរហ័សនេះ ដោយសារតែមានអតិថិជនម្នាក់ បានរាយ-ការណ៍ទៅសមត្ថកិច្ចខាងអនាម័យ បន្ទាប់ពីបានឃើញមានប៊ូលុងចាប់ខ្ចៅមួយ នៅក្នុងនំប័ងកេប៉ាប់ (kebab) ដែលគាត់បានទិញចេញពីហាងនោះ។
ម្ចាស់ហាង បានការពាររឿងប៊ូលុងចាប់ខ្ចៅនេះ យ៉ាងដូច្នេះថា «យើងត្រូវចាប់ប៊ូលុងនេះ ជារៀងរាល់ថ្ងៃ (...) តែថ្ងៃមួយវាបានរបូតធ្លាក់ ទៅក្នុងធុងដាក់សាច់។ ប៊ូលុង ពណ៌ខ្មៅ ហើយសាច់ក៏ពណ៌ខ្មៅ អញ្ចឹងហើយ បានជាពិបាក មើលឃើញវាណាស់។» អីយ៉ា ... ទំនងដូចជាឆ្ងាញ់ណាស់ នំប័ងសាច់កេប៉ាប់ របស់គាត់នេះ !
ក្នុងពេលនេះ ម្ចាស់ហាងបានទិញម៉ាស៊ីនមួយថ្មីទៀត សម្រាប់លាយគ្រឿផ្សំសម្រាប់ធ្វើម្ហូប ហើយសមត្ថកិច្ចខាងអនាម័យ ក៏មិនបានបិទហាងនេះដែរ ដោយចង់«ផ្ដល់សំណាង»អោយទៅម្ចាស់ហាងរូបនេះ ដើម្បីកែនូវកំហុសជាលើកទីមួយ ក្នុងអាជីបរបស់គាត់៕
--------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ