ប្រធានាធិបតីកូរ៉េខាងត្បូង នឹងបញ្ជូនបេសកជនពិសេសទៅកូរ៉េខាងជើង សប្ដាហ៍ក្រោយ

- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០១ កញ្ញា ២០១៨
- កែប្រែចុងក្រោយ: September 01, 2018
- ប្រធានបទ: ឧបទ្វីបកូរ៉េ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សេចក្ដីប្រកាព័ត៌មាន ដែលចេញផ្សាយ ដោយខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានឲ្យដឹងថា ភាគីខ្លួនបានផ្ញើរសារមួយ កាលពីថ្ងៃពុធកន្លងមក ពីគម្រោងបញ្ជូនបេសសកជនពិសេស កូរ៉េខាងត្បូង ទៅកាន់ប្រទេសកូរ៉េខាងជើង។ សេចក្ដីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (ឈ្មោះផ្លូវការ របស់ប្រទេសកូរ៉េកុម្មុយនីស្ដិ៍) បានឆ្លើយតបមកវិញ ក្នុងរសៀលថ្ងៃសុក្រនេះ ថាខ្លួនយល់ព្រម នឹងត្រៀមទទួលគណៈប្រតិភូនេះ។
បេសកជនពិសេស របស់លោកប្រធានាធិបតី មូន ចេ-អ៊ីន (Moon Jae-in) នឹងពិភាក្សាលំអិត ជាមួយសមភាគីរបស់ខ្លួន នៅក្នុងប្រទេសកូរ៉េខាងជើង ដោយលើកពីកាលវិភាគច្បាស់លាស់ នៃជំនួបកំពូលអន្តរកូរ៉េលើកក្រោយ រវាងមេដឹកនាំកំពូល ទាំងពីររូប គឺលោក មូន ចេ-អ៊ីន និងអគ្គមគុទេសន៍កូរ៉េខាងជើង លោក គីម ជុង-អ៊ុន (Kim Jong-Un)។
មេដឹកនាំទាំងពីរ ធ្លាប់បានអះអាងកាលពីពេលកន្លងមកថា ជំនួបកំពូលលើកទី៣របស់ផងខ្លួន នឹងប្រព្រឹត្តិទៅ នៅរដ្ឋធានីព្យុងយ៉ាង នៃប្រទេសកូរ៉េខាងជើង មុនចុងខែកញ្ញា ឆ្នាំ២០១៨ខាងមុខ។ ជំនួបលើកមុនពីរដង បានប្រព្រឹត្តិទៅក្នុងខែមេសា និងខែឧសភា។
សេចក្ដីប្រកាសព័ត៌មាន របស់វិមានខៀវ (ផ្ទះប្រធានាធិបតីកូរ៉េខាងត្បូង) បានបន្តទៀតថា ក្រុមគណៈប្រតិភូកូរ៉េខាងត្បូង ក៏ជួបជជែកផងដែរ ជាមួយអ្នកទទួលខុសត្រូវសំខាន់ៗ របស់ប្រទេសកូរ៉េកុម្មុយនីស្ដិ៍ ជុំវិញការអភវឌ្ឍទំនាក់ទំនងអន្តរកូរ៉េ និងសំនុំរឿងរំសាយអាវុធនុយក្លេអ៊ែរ ចេញពីឧបទ្វីបកូរ៉េ ក៏ដូចជាបង្ក់ើតឲ្យមានឡើង នូវសន្តិភាពយូរអង្វែង នៅលើឧបទ្វីប។
នៅក្នុងជំនួបកំពូលលើកដំបូង កាលពីខែមេសា លោក មូន និងលោក គីម បានចុះហត្ថលេខា នៅលើសេចក្ដីប្រកាសរួមមួយ ដែលចែងពីការយល់ព្រម នៃការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង ចេញពីឧបទ្វីប បញ្ឈប់ទង្វើទាំងឡាយ ដែលនាំទៅដល់ជម្លោះ និងបង្កើនឲ្យមានខ្លាំងឡើង នូវការផ្លាស់ប្ដូរយោបល់គ្នា ទៅវិញទៅមក រវាងប្រទេសបងប្អូន គូសត្រូវទាំងពីរ៕