ប្រព័ន្ធសុខាភិបាលកម្ពុជា ជាប់លេខ១៧៤ ជិតចុងបញ្ជី WHO
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី៣១ សីហា ២០១៨
- កែប្រែចុងក្រោយ: August 31, 2018
- ប្រធានបទ: សុខាភិបាលខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពីក្នុងចំណោមប្រទេស ទាំង១៩១ ដែលជាសមាជិក របស់អង្គការសុខភាពពិភពលោក (ហៅកាត់ តាមភាសាអង់គ្លេស «WHO» និងភាសាបារាំង «OMS») ប្រទេសកម្ពុជា ជាប់លេខ១៧៤។ ចំណាត់ថ្នាក់នេះ គ្រាន់បើជាងតែប្រទេសភូមាមួយប៉ុណ្ណោះ ខណៈគ្មានប្រទេសអាស៊ីខាងកើត ណាមួយផ្សេងទៀត ទទួលបានចំណាត់ថ្នាក់ ដ៏អាក្រក់ ជាង(ឬដូច)កម្ពុជានោះទេ។ នេះ បើតាមបញ្ជីចំណាត់ថ្នាក់ របស់អង្គការសុខភាពពិភពលោក ដែលទើបធ្លាក់ មកដល់ដៃអ្នកសារព័ត៌មាន ក្នុងថ្ងៃនេះ។
បញ្ជីចំណាត់ថ្នាក់ របស់អង្គការអន្តរជាតិ ដែលអមមកជាមួយ នឹងរបាយការណ៍មួយផងនោះ បានឲ្យដឹងថា ការកំណត់រចនាសម្ព័ន្ធពិតប្រាកដ នៃសេវាកម្មថែរក្សាសុខភាព ក៏ដូចជាប្រព័ន្ធសុខាភិបាល ត្រូវអាស្រ័យលើបរិបទប្រទេស ប៉ុន្តែក្នុងករណីទាំងអស់ តម្រូវឲ្យមាន នយោបាយដឹកនាំច្បាស់លាស់ - ការផ្ដល់ហិរញ្ញប្បទានគ្រប់គ្រាន់ ជាមួយនឹងមន្ត្រីសុខាភិបាល ដែលទទួលបាន ការបណ្ដុះបណ្ដាល និងមានប្រាក់បៀវត្សរ៍ត្រឹមត្រូវ។
បញ្ជីចំណាត់ថ្នាក់ បានផ្ដល់ពិន្ទុទៅប្រទេសបារាំង ថាមានប្រព័ន្ធសុខភាពខ្ពស់ជាងគេ នៅលើពិភពលោក ដោយឲ្យប្រទេសនេះ ឈរនៅចំណាត់ថ្នាក់លេខ១។ ប្រទេសសិង្ហបូរី ជាប្រទេសតែមួយគត់ នៅក្នុងទ្វីបអាស៊ី ដែលទទួលបានចំណាត់ថ្នាក់ដ៏ខ្ពស់ ជាប់លេខ៦ ខណៈប្រទេសជប៉ុន ជាប់ចំណាត់ថ្នាក់ លេខ១០ ពីក្នុងបញ្ជីតែមួយ នៃបណ្ដាប្រទេស ទាំង១៩១នោះ។
សម្រាប់ប្រទេសកម្ពុជាវិញ បានឈរនៅលេខរៀង លេខ១៧៤ ខណៈប្រទេស ដែលជាប់លេខ នៅក្រោយកម្ពុជា មានសុទ្ធសឹងជាបណ្ដាប្រទេស នៅក្នុងទ្វីបអាហ្វ្រិក និងមានប្រទេសមួយ ក្នុងទ្វីបអាស៊ី គឺប្រទេសភូមា ដែលមានចំណាត់ថ្នាក់លេខ ១៩០ មុនប្រទេសសេរ៉ាឡេអូន ដែលជាប់លេខ ចុងក្រោយគេបង្អស់ (លេខ១៩១)។ ខាងក្រោមនេះ ជាបញ្ជីចំណាត់ថ្នាក់ នៃប្រទេសទាំង៩ នៅក្នុងសមាគមអាស៊ាន (៩ប្រទេស ដោយហេតុថា ប្រទេសឡាវ មិនឃើញមាន នៅក្នុងបញ្ជីទេ)៖
១) សិង្ហបុរី លេខ៦
២) ប្រ៊ុយណេ លេខ៤០
៣) ថៃ លេខ៤៧
៤) ម៉ាឡេស៊ី លេខ៤៩
៥) ហ្វីលីពីន លេខ៦០
៦) ឥណ្ឌូនេស៊ី លេខ៩២
៧) វៀតណាម លេខ១៦០
៨) កម្ពុជា លេខ១៧៤
៩) និងភូមា លេខ១៩០៕