ត្រាំ គម្រាមដកខ្លួនពី WTO បើគ្មានការចម្រើនក្នុងកំណែទម្រង់
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី៣១ សីហា ២០១៨
- កែប្រែចុងក្រោយ: August 31, 2018
- ប្រធានបទ: ពាណិជ្ជកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានបន្តយុទ្ធនាការបស់លោក ទៅមុខទៀត ក្នុងការរិះគន់អង្គការពាណិជ្ជកម្មពិភពលោក (ហៅកាត់ជាភាសាអង់គ្លេស «WTO» និងភាសាបារាំង «OMC»)។ ក្នុងថ្ងៃព្រហស្បត្តិទី៣០ ខែសីហា ឆ្នាំ២០១៨នេះ មេដឹកនាំអាមេរិករូបនេះ បានផ្ដល់កិច្ចសម្ភាសមួយ ទៅឲ្យទូរទស្សន៍ «Bloomberg News» ដោយគម្រាមដោយត្រង់ៗ ថាសហរដ្ឋអាមេរិកនឹងដកខ្លួន ចេញពីអង្គការអន្តរជាតិមួយនេះ បន្ទាប់ពីបានក្លាយ ជាសមាជិករបស់អង្គការមួយនេះ រាប់ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ រហូតមក។
លោក ដូណាល់ ត្រាំ បានថ្លែងឡើងថា៖ «បើពួកគេមិនធ្វើ ឲ្យមានការរីកចម្រើន [នៅក្នុងកំណែទម្រង់] ទេនោះ ខ្ញុំនឹងដកខ្លួនចេញ ពីអង្គការពាណិជ្ជកម្មពិភពលោក»។
លោកបានវាយតម្លៃ កិច្ចព្រមព្រៀង ដែលឈានទៅបង្កើតអង្គការនេះឡើង គឺជា «កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដ៏អាក្រក់ជាងអ្វីទាំងអស់ ដែលមិនធ្លាប់បានធ្វើពីមុន»។
លោក ដូណាល់ ត្រាំ ធ្លាប់បានវាយប្រហារ ក្នុងពេលកន្លងមក ទៅលើស្ថាប័នទាំងឡាយ របស់អង្គការពាណិជ្ជកម្មពិភពលោក ដែលទទួលបន្ទុកដោះស្រាយជម្លោះ ដោយចោទស្ថាប័នទាំងនោះ ថាសម្រេចដំណោះស្រាយ ដោយអយុត្តិធម៌ ចំពោះសហរដ្ឋអាមេរិក។ លោកបានថ្លែង នៅពេលនោះថា ក្រុងវ៉ាស៊ីនតោន កម្របានឈ្នះក្ដីណាស់ នៅពេលដែលដាក់បណ្ដឹង ចូលទៅអង្គការអន្តរជាតិមួយនេះ។
ប៉ុន្តែ នៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍អាមេរិក លោក ត្រាំ បានថ្លែងថា៖ «ក្នុងឆ្នាំកន្លងទៅ យើងបានចាប់ផ្ដើមឈ្នះ លើបណ្ដឹងជាច្រើន។ អ្នកឯងដឹងថា មកពីហេតុអ្វីទេ? ព្រោះពួកគេដឹងថា បើយើងមិនឈ្នះបណ្ដឹងទាំងនេះទេ ខ្ញុំនឹងដកខ្លួនចេញ។»។
ប្រទេសចិនកុម្មុយនីស្ដិ៍ ដែលកំពុងមានជម្លោះពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក បានចូលជាសមាជិក របស់អង្គការពាណិជ្ជកម្មពិភពលោក នៅឆ្នាំ២០០១។ ការសម្រេច ឲ្យក្រុងប៉េកាំង ចូលជាសមាជិកនេះ ត្រូវបានលោក «Robert Lighthizer» តំណាងរដ្ឋាភិបាលអាមេរិក នៅក្នុងអង្គការខាងលើ ចាត់ទុកថាជាកំហុសមួយ។
ការគម្រាមរបស់លោក ដូណាល់ ត្រាំ បានធ្វើឡើង នៅខណៈពេលដែលរដ្ឋបាលរបស់លោក កំពុងរងសម្ពាធកាន់តែខ្លាំងឡើង នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក ជាពិសេស ពីសំណាក់ដៃគូពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ដែលបានប្ដឹងឡើងទៅអង្គការនេះ ដើម្បីជំទាស់នឹងការតម្លើងពន្ធ សម្រេចឡើងដោយក្រុងវ៉ាស៊ីនតោន ដាក់ទៅលើទំនិញនាំចូល សំខាន់ៗជាច្រើន ក្នុងទឹកដីអាមេរិក៕