វារីអគ្គិសនីសេសាន្តក្រោម២៖ គួរដោះស្រាយលំនៅដ្ឋានរួច មុនចាប់ផ្តើមអនុវត្តគម្រោង
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: April 05, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការសាងសង់ទំនប់វ៉ារីអគ្គីសនីសេសានក្រោមពីរ តម្រូវឲ្យមានការជម្លៀសប្រជាពលរដ្ឋ ចេញពីចេញពីមូលដ្ឋាន ដែលជាតំបន់ត្រូវ«អភិវឌ្ឍន៍»។ ក្រោយពីរដ្ឋសភាបានអនុម័ត យល់ព្រមលើការធានាទូទាត់ របស់រដ្ឋាភិបាលកម្ពុជាឲ្យទៅក្រុមហ៊ុន ហាយដ្រូ ផៅវ័រ ឡូវើរ សេសាន្តក្រោមពីរកាលពីថ្ងៃទី១៥ ខែកុម្ភៈកន្លងមកនេះ ដំណើររការនៃការរៀបចំលំនៅដ្ឋានថ្មី សម្រាប់ប្រជាពលរដ្ឋ«បំលាស់ទី» មិនទាន់មាននៅឡើយទេ។
រូបភាពទឹកដីព្រៃឈើ នៅជុំវិញទន្លេសេសាន ខេត្តស្ទឹងត្រែង។
លោក ហ្វឿន ហេង ប្រធានសហគមន៍ស្រែគរ បានលើកឡើងថា ប្រជាពលរដ្ឋទាងអស់ នឹងមិនជំទាស់ចំពោះការអភិវឌ្ឍន៍ទេ នេះជាគោលការណ៍របស់រដ្ឋាភិបាល។ សម្រាប់លោកផ្ទាល់ព្រួយបារម្មណ៍ថា ការជម្លៀសប្រជាជនចេញនេះ ឃើញតែក្នុងសេចក្តីប្រកាស ឯដីជាក់ស្តែងមិនដឹងថានៅទីណាឲ្យពិតប្រាកដនោះទេ។ លើកឡើងមិនខុសគ្នានេះដែរ មេភូមិស្រែគរមួយ លោក លៀង សារឿន បន្ថែមថា ការជម្លៀសចេញនេះ ប្រជាពលរដ្ឋមិនបានពេញចិត្តទេ ដោយសារតែអាចជួបប្រទះ នូវបញ្ហាច្រើនដូចជា ផ្ទះសម្បែង ស្រែចំការ ជាពិសេសដំណាំហូបផ្លែ ដែលកំពុងតែទទួលផល។
ចំពោះមេភូមិស្រែគរពីរ លោក ថៃ សៃ លើកឡើងថា រដ្ឋាភិបាលនឹងបែងចែកដីធ្លី ក្នុងមួយគ្រួសារទទួលបានប្រាំហិកតា។ ប៉ុន្តែជាក់ស្តែង មិនដឹងថាទទួលបានប៉ុន្មានទេ។ លោកបន្តថា ដីដែលត្រូវចែកជូនប្រជាពលរដ្ឋនោះ នៅជាដីព្រៃនៅឡើយ មិនទាន់មានការរៀបចំអ្វីទាំងអស់។
ឯជំទប់ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង លោក បេង តេង បានលើលឡើងដែរថារាល់ថ្ងៃ លោកនៅមានការព្រួយបារម្មណ៍ ចំពោះបញ្ហានេះ ព្រោះដីដែលត្រូវធ្វើការផ្លាស់ប្តូរទាំងនោះ ខាងភូមិឃុំ និងសហគមន៍បាននាំគ្នាទៅមើលហើយ។ ចំងាយប្រមាណ១៥គីឡូម៉ែត្រពីទន្លេ ថ្វីត្បិតដីនេះនៅឆ្ងាយ តែប្រសើជាងដីដែលនៅជិត (ចម្ងាយបីគីឡូ) នឹងទន្លេដែរ ព្រោះវាអាចមានចំនួនគ្រប់គ្រាន់ សម្រាប់កសិកម្ម ឧស្សាហកម្ម ការការដាំឈើបានច្រើនជាង បើទោះបីជាមានគ្រោះ ឬថ្មពាក់កណ្តាលក៏ដោយ។
ភាពជាក់ស្តែងការកំណត់ដី ជូនប្រជាពលរដ្ឋ នៅតែមិនមានលក្ខណៈច្បាស់លាស់។ តែផ្ទុយមកវិញ ការទន្ទ្រានកាប់ផ្តួលរំលំដើមឈើ ក្នុងតំបន់ព្រៃលិចទឹក(ជាតំបន់ត្រូវអភិវឌ្ឍន៍)ជាច្រើនហិចតាកំពុងបន្ត។ ជំទប់ឃុំស្រែគរបន្តថា សព្វថ្ងៃខាងក្រុមហ៊ុនប្រាប់ថា កំពុងរៀបចំសំអាតអាងទឹក ដោយបានកាប់រំលំដើមឈើ «បីម៉ឺនប្រាំមួយពាន់ហិកតា មិនទាន់បានធ្វើអ្វីទេ កាប់តែឈើអស់ មិននាំគ្នាធ្វើផ្លូវ ឬសំអាតកន្លែងតាំងភូមិ ទីលំនៅថ្មីក៏មិនទាន់មានអ្នកណាមកធ្វើ។ ខាងភូមិឃើញតែសេចក្តីសម្រេចចេញពីរដ្ឋមន្រ្តីថារើសដីលំនៅថ្មី តែការសម្រេចឲ្យរៀបចំលំនៅថ្មីវិញមិនឃើញទេ។»
ឯនាយកប្រតិបត្តិ នៃវេទិកាអង្គការ មិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា លោក ឈិត សំអាត យល់ថា តាមគោលនយោបាយ របស់ប្រទេសកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ រាល់ការអភិវឌ្ឍន៏ត្រូវធ្វើឡើង ដើម្បីឲ្យមានជីវភាពប្រសើរឡើង។ ត្រូវមានសំណងឲ្យបានគ្រប់គ្រាន់ ទៅលើផលប៉ះពាល់ ត្រូវធានាលើមុខរបររបស់គាត់ ត្រូវមានការគិតគូរច្រើន ដើម្បីឲ្យពួកគាត់ទទួលបានចំណូលសមរម្យ។ «ការអភិវឌ្ឍន៍ដើម្បីកាត់បន្ថយភាពក្រីក្រ ដើម្បីធ្វើឲ្យប្រជាជនមានជីវភាព ប្រសើរជាងមុន»។
តាមសកម្មភាពទន្ទ្រានកាប់ព្រៃនេះ បានបង្កឲ្យមានក្តីកង្វល់ និងមានចម្ងល់ជាច្រើនពីប្រជាពលរដ្ឋ ក៏ដូចជាពីសហគមន៍ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលកំពុងតាមឃ្លាំមើលការអនុវត្តទាំងនេះដែរ។ ពួកគេទន្ទឹងថា តើរដ្ឋាភិបាល នឹងអាចអនុវត្តតាមអ្វី ដែលបានសន្យានោះដែរឬទេ។ ទាំងអស់នេះជាភាពចម្រូងចម្រាស់មួយដ៏ធំ និងសឹងជា«ទម្លាប់» ដែលតែងតែកើតមានឡើង ស្ទើរតែគ្រប់តំបន់«អភិវឌ្ឍន៍»ទាំងអស់ទៅហើយ នៅកម្ពុជានោះ។
ជំទប់ឃុំស្រែគរលោក បេង តេង បន្តថា អ្វីដែលសំខាន់នោះ បើមានកិច្ចអភិវឌ្ឍន៍សូមធ្វើឲ្យឆាប់ នឹងតាមការសន្យា និងសូមធ្វើការដោះស្រាយ ជូនប្រជាពលរដ្ឋជាមុន។ «ប្រជាពលរដ្ឋរាល់ថ្ងៃមានការព្រួយបារម្មណ៍ច្រើនហើយ ដឹងថាឆ្នាំណា ខែណា ថាតែធ្វើៗ តាំងពីខែមួយ ឆ្នាំ២០១៣នេះ ថាមកឈូសឆាយដីឲ្យប្រជាពលរដ្ឋ។ (...) ដល់ខែបួនហើយ មិនទាន់ឃើញអី កុហក់រហូត។»
នាយកប្រតិបត្តិ លោក ឈិត សំអាត បានសង្កត់ធ្ងន់ថាការព្រួយបារម្មណ៍របស់ប្រជាជនជាការត្រឹមត្រូវ។ ការរស់នៅរបស់គាត់កន្លងមក ពឹងផ្អែកទៅលើទឹកទាំងស្រុង ទាំងស្រែចំការ ទាំងការហូបចុក ទាំងកសិកម្ម ពិសេសមុខរបរនេសាទ។ លោកបន្តថា រដ្ឋាភិបាល ឬស្ថាប័នពាក់ពន្ធ័ទាំងអស់ គួរតែពន្យ់គាត់ឲ្យបានច្បាស់ ពីការរើលំនៅដ្ឋាននេះ ថាតើការអភិវឌ្ឍន៍ វាធ្វើឲ្យជីវភាពរបស់ពូកគាត់ មានអ្វីប្រសើរជាងមុន ឬស្មើមុន?
លោកបន្ថែមថា ជាពិធីសាស្ត្រមួយល្អ និងជាការអនុវត្តនៅក្នុងប្រទេសផ្សេងៗ គេមិនដែលធ្វើមុន រួចទើបចចារទេ។ តាមទ្រឹស្តីនៃការអភិវឌ្ឍន៍ «គេដោះស្រាយផលប៉ះពាល់មុន ឲ្យរួចហើយអស់ ប្រជាជនបានឯកភាពហើយអស់ ទៅកន្លែងត្រឹមត្រូវហើយអស់ បានគេចាប់ផ្តើមធ្វើការអភិវឌ្ឍន៍ ឬសាងសង់ហ្នឹង អញ្ចឹងទេអ្វីដែលដោះស្រាយគួរតែត្រូវធ្វើឲ្យបានមុន ឲ្យបានឆាប់កាន់តែប្រសើរ មុននឹងចាប់ផ្តើមធ្វើគម្រោង»។
មនោរម្យព័ងអាំងហ្វូ មិនអាចទំនាក់ទំនងជាមួយ លោកអភិបាលខេត្តស្ទឹងត្រែង ដើម្បីបំភ្លឺលើករណីនេះបានទេ ដោយទូរសព្ទ័របស់លោក ហៅមិនចូល។
សូមបញ្ជាក់ថា ការសាងសង់ទំនប់វារីអគ្គីសនីនេះ ជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនខ្មែរ-ចិន-វៀតណាម លើគម្រោងទឹកប្រាក់ ជាង៧៨១លានដុល្លារអាមេរិក របស់ក្រុមហ៊ុនហាយដ្រូ ផៅវ័រឡូវើសេសានពីរ។ គម្រោងនេះនឹងធ្វើការផ្លាស់ទីប្រជាពលរដ្ឋ ពីលំនៅដ្ឋានចាស់ទៅតាំងទីថ្មី ដែលមានប្រជាពលរដ្ឋប្រមាណ ជាងមួយពាន់ប្រាំរយគ្រួសារ។
តែការជម្លៀសជាក់ស្តែង ត្រូវបានរាជរដ្ឋាភិបាលអះអាងថា មានប្រជាជនសរុបតែ៧៩៧គ្រួសារប៉ុណ្ណោះ ដែលត្រូវបម្លាស់ទី។ នេះបើតាមការប្រជុំរបស់គណៈរដ្ឋមន្ត្រី ក្នុងការអនុម័តលើគម្រោងវិនិយោគ សាងសង់ស្ថានីយវារីអគ្គីសនី សេសាន្តក្រោមទី២ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១២។
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី៥ មេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ