ពលរដ្ឋសេសានក្រោម២ ដែលនៅតែមានបញ្ហា នឹងជួបអ្នកសារព័ត៌មាន
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣០ មិថុនា ២០១៤
- កែប្រែចុងក្រោយ: July 01, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សេសានក្រោម២ - ពលរដ្ឋ ១២គ្រួសារ ដែលរងផលប៉ះពាល់ ស្ថិតក្នុងភូមិផ្លូក ស្រុកផ្លូក ត្រូវបានជម្លៀសទៅកាន់ទីតាំងថ្មី ដែលភាគច្រើនមិនពេញចិត្តទៅនឹងសំណង និងនីតិវិធី នៅក្នុងការរុះរើដោះដូរទីតាំងលំនៅថ្មីនេះ។ យ៉ាងណាក៏ដោយ ពលរដ្ឋទាំងនោះ ទាមទាឲ្យរដ្ឋាភិបាលបង្ហាញព័ត៌មាន ទាក់ទងទៅនឹងការសាងសង់ទំនប់នេះជាសាធារណៈ ជាមួយនឹងការបើកចំហរព័ត៌មាន ព្រមទាំងឲ្យមានការប្រឹក្សាជាសាធារណៈ ដោយរួមបញ្ចូលទាំងសម្លេង ក៏ដូចជាក្តីព្រួយបារម្ភ ទាក់ទងទៅនឹងការសាងសង់ទំនប់នេះ។
ដោយមូលហេតុនេះ លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិ នៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា អ្នកតំណាងមកពីសម្ព័ន្ធទន្លេកម្ពុជា ប្រជាជនតំណាងសហគមន៍ ពីតំបន់សាងសង់ទំនប់វារីអគ្គីសនីសេសានក្រោម២ បានសហការរៀបចំឡើងនូវ វេទិកាសន្និសិទ្ធសារព័ត៌មាន ដើម្បីផ្តល់ឱកាសទៅដល់សហគមន៍ធ្វើការចែករំលែក នូវក្តីព្រួយបារម្ភ និងមតិយោបល់របស់ពួកគាត់ជូនទៅដល់ភ្នាក់ងាររដ្ឋាភិបាល ក៏ដូចជាសាធារណៈជនទាំងអស់បានដឹងលឺ។
វេទិកាសន្និសិទ្ធសារព័ត៌មាននេះ និងត្រូវបានធ្វើឡើងក្នុងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង០៩.០០ ដល់ ១០.០០នាទីព្រឹក នៅវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជាអាស័យដ្ឋានផ្ទះលេខ៩-១១ ផ្លូវលេខ៤៧៦ សង្កាត់ទួលទំពូងទីមួយ ភ្នំពេញ។
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិនៃវេទិកា នៃអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីកម្ពុជា ធ្លាប់បានលើកឡើងថា «អ្នកភូមិរាប់ពាន់នាក់ នៅក្នុងតំបន់ប្រឈមផលប៉ះពាល់ បានទទូចស្នើសុំឲ្យ អគ្គរដ្ឋទូតនិងរដ្ឋាភិបាលចិន ពិនិត្យលើកង្វល់របស់ពួកគាត់ ប៉ុន្តែរហូតមកដល់ពេលនេះ ពួកគាត់នៅមិនទាន់ទទួលបានលទ្ធផល ឬចម្លើយនៅឡើយ។ ដោយសារតែការប្រឈមខ្លាំងបែបនេះ វាជាករណីដែលមិនអាចទទួលយកបាន ឬជាការទទួលខុសត្រូវទេ។»
កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ នេះ រដ្ឋសភាជាតិបានកោះហៅលោក រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ដើម្បីធ្វើការបំភ្លឺពាក់ព័ន្ធនឹងផលប៉ះពាល់ និងដំណោះស្រាយលើគម្រោងអគ្គីសនីសេសានក្រោមពីរនេះ។ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ក្រសួងនិងភាគគីពាក់ព័ន្ធ ពិសេសខាងក្រុមហ៊ុនក៏កំពុងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ជាបន្តបន្ទាប់។
យ៉ាងណាក៏ដោយថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួបជាមួយលោក Cao Peixi ប្រធានក្រុមហ៊ុន Huaneng Group ក្នុងប្រទេសចិន លោកក៏ធ្លាប់បានជំរុញឲ្យក្រុមហ៊ុនកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងសង្គម។ ហើយត្រូវធ្វើការដោះស្រាយបញ្ហាប្រឈមនានាជាមួយប្រជាពលរដ្ឋ ដែលបណ្ដាលមកពីគម្រោងសាងសង់នោះ។
ទំនប់វារីអគ្គីសនីសេសានក្រោម២ ដែលអាចផលិតថាមពលអគ្គិសនី បានចំនួន៤០០ មេហ្គាវ៉ាត់នេះ មានការចូលរួមវិនិយោគពីក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្រុមហ៊ុនចិន Hydrolancang International Energy Co.Ltd និង ក្រុមហ៊ុន Huaneng Group។ បច្ចុប្បន្ន ទំនប់នេះកំពុងស្ថិតនៅក្នុងការសាងសង់ ដោយភាគច្រើន ធ្វើទៅលើការលាងសំអាតបាតអាង និងការផ្លាស់ប្តូរទីលំនៅ បន្ទាប់ពីការរបាយការណ៍វិភាគ លើការប៉ះពាល់បរិស្ថាន ត្រូវបានអនុម័តនៅឆ្នាំ២០០៩។
បើតាមសេចក្ដីថ្លែងការណ៍ របស់ក្រុមអង្គការសង្គមស៊ីវិលចំនួន១៥ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤ បានធ្វើការកត់សំគាល់ដែរថា «ទំនប់វារីអគ្គិសនីសេសានក្រោម២ នឹងបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ប្រភពស្បៀងអាហារ និងប្រូតេអ៊ីន ដែលយើងពឹងផ្អែកទាំងស្រុងសម្រាប់ចិញ្ចឹមកូនចៅ និងគ្រួសារ។ ទំនប់នេះនឹងធ្វើឲ្យប៉ះពាល់ដល់ការប្រកបរបរចិញ្ចឹមជីវិត ការរស់នៅតាមបែបប្រពៃណី ដីកសិកម្ម និងបំផ្លាញតំបន់ព្រៃធំៗ ព្រមទាំងធនធានធម្មជាតិ ដែលពឹងផ្អែកសម្រាប់ចិញ្ចឹមជីវិត។»