ប្រធានាធិបតី​អ៊ុយរ៉ឺហ្គាយ៖ ហ្វីហ្វា ជា​«កូន​សំផឹង»​មួយ​ក្រុម (vdo)

ប្រធានាធិបតីនៃប្រទេសអ៊ុយរ៉ឺហ្គាយ បានព្រលែងពាក្យមួយឃ្លា យ៉ាងជូរចត់ដាក់ សហព័ន្ធ​បាល់​ទាត់អន្តរជាតិ ដែល បានដាក់ពិន័យយ៉ាងធ្ងន់មួយ ទៅលើកីឡាកររួមជាតិរបស់ខ្លួន កីឡាករ ល្វី ស្វារ៉េស ជុំវិញ​ការ«ខាំ»កីឡាករអ៊ីតាលី នៅក្នុងការប្រកួតកាលពីសប្ដាហ៍មុន។
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី៣០ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: July 01, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានាធិបតីនៃប្រទេសអ៊ុយរ៉ឺហ្គាយ បានព្រលែងពាក្យមួយឃ្លា យ៉ាងជូរចត់ដាក់ សហព័ន្ធ​បាល់​ទាត់អន្តរជាតិ  ដែល បានដាក់ពិន័យយ៉ាងធ្ងន់មួយ ទៅលើកីឡាកររួមជាតិរបស់ខ្លួន កីឡាករ ល្វី ស្វារ៉េស ជុំវិញ​ការ«ខាំ»កីឡាករអ៊ីតាលី នៅក្នុងការប្រកួតកាលពីសប្ដាហ៍មុន។


លោកប្រធានាធិបតី​ ចូហ្សេ មូជីកា នៃប្រទេសអ៊ុយរ៉ឺហ្គាយ។ (រូបថត ឯកសារ)

បាល់ទាត់ពិភពលោក - នៅក្នុងកិច្ចសម្ភាសមួយ ឲ្យទៅទូរទស្សន៍ជាតិ លោកប្រធានាធិបតី​ ចូហ្សេ មូជីកា (José Mujica) នៃប្រទេសអ៊ុយរ៉ឺហ្គាយ បានព្រលះសហព័ន្ធបាល់ទាត់ពិភពលោក ហៅកាត់ថា ហ្វីហ្វា (FIFA) យ៉ាងចាស់ដៃ ដោយបានចាត់ទុកថា ហ្វីហ្វា ជា«មនុស្សចាស់ៗកូនសំផឹង»មួយក្រុម។ ការថ្លែងដែលបន្ទាប់មក ត្រូវបានលោក​យក​ដៃ​ខ្ទប់មាត់នោះ ទំនងជាចង់សម្ដែងពីការក្ដៅក្រហាយរបស់លោក ទៅកាន់ស្ថាប័នកំពូលខាង​បាល់ទាត់​ពិភពលោក​មួយនេះ បន្ទាប់ពីការដាក់ពិន័យយ៉ាងធ្ងន់មួយ បានធ្វើទៅលើកីឡាករជាតិអ៊ុយរ៉ឺហ្គាយ ល្វី ស្វារ៉េស (Luis Suarez) កាលពីចុងសប្ដាហ៍មុន ពីបទបានខាំស្មាកីឡាករអ៊ីតាលី នៅក្នុងការប្រកួត។

ស្ថិតក្នុងភាពជរាដែរ លោក ចូហ្សេ មូជីកា បាននិយាយជាដំបូងថា៖ «ហ្វីហ្វា ជាពួកកញ្ចាស់ៗកូនសំផឹង  មួយ​ក្រុម»។ បន្ទាប់មក លោកបានយកដៃខ្ទប់មាត់ ដោយទំនងជាចង់ធ្វើកាយវិការ ថាជ្រុលមាត់។ ល្បីខាងវោហាស័ព្ទ​ហូរដូចទឹក និងត្រង់ៗនោះផង លោក មូជីកា បានរិះគន់ ហ្វីហ្វា ទៀតថា៖ «ពួកវាអាចដាក់ពិន័យ តែពិន័យដែលជ្រុលនិយម មិន​គួរឲ្យខ្លាចទេ»។

កាលពីចុងសប្ដាហ៍មុន កីឡាករអ៊ុយរ៉ឺហ្គាយ ល្វី ស្វារ៉េស ត្រូវបាន ហ្វីហ្វា ហាមឃាត់ មិនឲ្យចូលប្រកួតជាលក្ខណៈ​ជាតិឬអន្តរជាតិ ចំនួន៩ប្រកួត និងមិនឲ្យចូលរួមក្នុង​សកម្មភាព នៃកីឡាបាល់ទាត់ទាំងឡាយ ក្នុងរយៈពេល៤ខែ។ មិនត្រឹមតែប៉ុណ្ណោះ ល្វី ស្វារ៉េស ត្រូវបង់ការផាកពិន័យចំនួន ១សែនហ្វ្រង់ ប្រាក់ស្វីស (ព្រោះ​ ហ្វីហ្វា មានទីស្នាក់​ការ​កណ្ដាល នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស) នោះថែមទៀត។

ពិន័យដ៏ធ្ងន់ធ្ងរនេះ បានសម្រេចឡើងបន្ទាប់ពី ហ្វីហ្វា បានរក​ឃើញ​ថា កីឡាករពិតជាបានប្រើធ្មេញរបស់ខ្លួន ធ្វើការ​វាយប្រហារទៅលើកីឡាករគូប្រជែង ជ័រជ ឈៀលីនី (Giorgio Chiellini) នៅក្នុងជំនួបប្រកួតរវាងក្រុម​ជម្រើស​ជាតិ​អ៊ុយរ៉ាហ្គាយ និងក្រុមអ៊ីតាលី កាលពីថ្ងៃទី២៤ ខែ​មិថុនា​កន្លង​មក។ ប៉ុន្តែហេតុការណ៍ខាំនេះ មិនមែនបានកើតឡើង ជាលើកទីមួយនោះទេ។ ស្វារ៉េស ធ្លាប់បានខាំកីឡាករួមអាជីពរបៀបនេះ ចំនួនពីរដងរួចមកហើយ នៅក្នុងប្រទេស​ហូឡង់ (ឆ្នាំ២០១០) និងនៅប្រទេសអង់គ្លេស (ឆ្នាំ២០១៣)។

ការហាមឃាត់លើកនេះ ដែលធ្វើឲ្យកីឡាករ ស្វារ៉េស អវត្តមានពីការប្រកួត នៅបាល់ទាត់ពិភពលោកឆ្នាំ២០១៤នោះ ជាហេតុផលមួយក្នុងចំណោមហេតុផលផ្សេងទៀត នៃបរាជ័យរបស់ក្រុមបាល់ទាត់អ៊ុយរ៉ឺហ្គាយជាស្ថាពរ នៅចំពោះ​ក្រុមកូឡំប៊ី នៅក្នុងការប្រកួតជម្រុះផ្ទាល់ វគ្គ១ភាគ៨។

ទាក់ទងនឹងពាក្យពេជន៍ជេរប្រទេច របស់ប្រធានាធិបតីអ៊ុយរ៉ឺហ្គាយខាងលើ អ្នកនាំពាក្យរបស់ហ្វីហ្វា បាន​បដិសេធ​មិនធ្វើអត្ថាធិប្បាយអ្វីឡើយ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃដដែល។

កាលពីសប្ដាហ៍មុន លោកប្រធានាធិបតីអ៊ុយរ៉ឺហ្គាយ ក៏បានប្រកាសការពារកីឡាករ ស្វារ៉េស ដែរថា មិនឃើញ​កីឡាករ​​រូបនេះ ខាំនរណាម្នាក់ទេ។ លោកនិយាយទៀតថា៖ «ខ្ញុំជឿថារឿងនេះ ជាករណីមិនអាចបំភ្លេចបាន ហើយ​វានឹង​ក្លាយជារឿងដ៏អាក្រក់មួយ នៅក្នុងប្រវត្តិបាល់ទាត់។ វាគួរឲ្យខ្មាសអៀនណាស់ សម្រាប់ព្រឹត្តិការណ៍​ពិភពលោក​បែប​នេះ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...