នៅពេលដែល គ្រីស្ទៀណូ រ៉ូណាល់ដូ ធ្លាក់ខ្លួនជាអ្នកសុំទាន...
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី០៤ សីហា ២០១៥
- កែប្រែចុងក្រោយ: August 05, 2015
- ប្រធានបទ: កីឡា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើសិនជាវីដេអូនេះ ធ្វើឡើងដើម្បីជាការផ្សព្វផ្សាយ ពាណិជ្ជកម្ម ឲ្យផលិតផលកីឡាមួយនោះ ក៏ពិតមែន តែវីដេអូក៏បានបង្រៀនមនុស្ស មិនឲ្យមើលស្រាលអ្នកសុំទាន ដែលរស់នៅតាមដងផ្លូវ និងមើលស្រាលមនុស្ស ដោយសារតែគ្នាមានរូបរាង ឬស្លៀកពាក់មិនសមរម្យនោះដែរ។ យ៉ាងណាក៏ដោយ ក៏មានមនុស្សមួយចំនួន មិនបានគិតពីសម្បកក្រៅនោះទេ ជាពិសេសអ្នកដែលមានជំនក់ចិត្ត ទៅលើតែជំនាញ ឬទេពកោសល្យ របស់អ្នកសុំទាន។
កំពូលកីឡាករបាល់ទាត់អន្តរជាតិ គ្រីស្ទៀណូ រ៉ូណាល់ដូ បានស្លៀកពាក់ ជាអ្នកសុំទាន ហើយបានទៅបោះទីតាំងរបស់ខ្លួន នៅលើផ្លូវមួយ កណ្ដាលរាជធានី ម៉ាដ្រីឌ នៃប្រទេសអេស្ប៉ាញ ដើម្បីបង្ហាញ ពីទេពកោសល្យរបស់ខ្លួន ក្នុងការទាត់ និងត្រេះបាល់ ទៅកាន់អ្នកដំណើរនានា នៅតាមដងផ្លូវ។ បើមានមនុស្សមួយចំនួន បានលេងបាល់ជាមួយតារានោះ តែមួយចំនួនធំផ្សេងទៀត បានដើរជៀសពី អ្នកសុំទានរូបនេះ។ យុវតីម្នាក់ ថែមទាំងបានបដិសេធ យ៉ាងដាច់អហង្កា មិនឲ្យលេខទូរស័ព្ទ មកកីឡាករល្បីឈ្មោះទៀតផង។
នៅចុងបញ្ចប់ កីឡាករមុខស្រស់ បានដោះពុកមាត់ ពុកចង្ការបស់ខ្លួនចេញ ធ្វើឲ្យអ្នកផងទាំងឡាយ នៅទីនោះ បើកភ្នែកធំៗ រហូតដល់កុមារម្នាក់ បានបង្ហូរទឹកភ្នែករបស់ខ្លួន ចេញមក ជាច្រើនតំណក់។ ខាងលើនេះ ជាយុទ្ធនាការដ៏ជោគជ័យមួយ នៃផលិតផល កាសស្ដាប់ត្រជៀក ដែលកីឡាករ បានផ្សាយពាណិជ្ជកម្មឲ្យ។ ជោគជ័យ ព្រោះតែវីដេអូមួយនេះ ត្រូវបានមនុស្ស និងបណ្ដាញផ្សព្វផ្សាយ ពេញពិភពលោក ចាប់អារម្មណ៍ និងយកមកនិយាយ សឹងតែគ្រប់ម៉ាត់៕