មតិពលរដ្ឋ ពីគោលនយោបាយបក្សប្រជាធិបតេយ្យមូលដ្ឋាន
- ដោយ: មនោរម្យ.អាំងហ្វូ អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៣ សីហា ២០១៥
- កែប្រែចុងក្រោយ: August 05, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សមាជិកស្ថាបនិក នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម ស៊ុនឌឿន បានថ្លែងអះអាងថា គណបក្សថ្មី ទើបនឹងបង្កើតរបស់លោក មាននយោបាយគោលបីយ៉ាង ដែលសំខាន់ និងខុសប្លែក ពីគណបក្សដទៃ។ នោះ គឺគណបក្សដទៃ ដឹកនាំពីលើមកក្រោម ដែលយកមេជាធំ ឯអ្នកក្រោម រង់ចាំតែស្តាប់បញ្ជា មួយមុខប៉ុណ្ណោះ។ លោកបន្តថា ឯគណបក្សប្រជាធិបតេយ្យមូលដ្ឋានរបស់លោក ធ្វើការពីក្រោមទៅលើ ពលរដ្ឋ និងសមាជិកជាធំ។ សមាជិក ជាអ្នកសម្រេចចិត្ត ក្នុងការជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួន។
គោលនយោបាយរបស់គណបក្សថ្មីនេះ បានបង្កឲ្យមានចំណាប់អារម្មណ៍មិនតិចទេ ពីពលរដ្ឋថ្នាក់មូលដ្ឋាន។ មានវត្តមាន ចូលរូមក្នុងសមាជដំបូង របស់«គណបក្សប្រជាធិបតេយ្យមូលដ្ឋាន» លោក មាស សាមឿន មកពីខេត្តកំពង់ស្ពឹ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា គណបក្សមួយនេះ មានលក្ខណៈប្លែក ពីគណបក្សផ្សេងទៀត ហើយលោកបានជ្រើសរើស សមាជិកមួយចំនួនធំហើយ មកទល់ពេលនេះ។ លោក បានពន្យល់ថា គណបក្សមួយនេះ បានទុកប្រជាពលរដ្ឋជាធំ ពលរដ្ឋគ្រប់រូប អាចដាក់ពាក្យចូលរួម ជាសមាជិកនៃគណបក្សនេះបាន។ លោកថា៖ «គណបក្សនេះ មានគោលបំណងក្នុងការដឹកនាំប្រជាពលរដ្ឋ មានប្រជាធិបតេយ្យ មានសេរីភាពបេញលេញ។ តែវាអាស្រ័យ លើប្រជាពលរដ្ឋផ្ទាល់តែម្តង មិនសំខាន់ លើគណបក្សនោះឡើយ។»
មកពីខេត្តកំពង់ស្ពឺដែរ លោក ខឹម សុខ សមាជិកមួយរូបទៀត បានបង្ហាញទស្សនៈថា គណបក្សនេះ មានការយកចិត្តទុកដាក់ ប្រជាពលរដ្ឋជាធំ។ ក្នុងវ័យជាង៦០ឆ្នាំ លោក ខឹម សុខ បានបង្ហាញពីការសម្រេចចិត្ត ចូលរួមជាមួយគណបក្សមួយនេះថា ព្រោះតែកម្ពុជាសព្វថ្ងៃ ស្ថិតក្រោមការដឹកនាំរបស់គណបក្សមួយ ដែលកំពុងបង្ហាញ ពីការមិនយកចិត្តទុកដាក់ លើរាស្រ្ត។ លោកបានត្អូញត្អែរ ពីការរស់នៅរបស់លោក នាពេលឥឡូវនេះ ថាពិតជាមានភាពពិបាកណាស់ ដោយត្រូវនៅ ក្រោមការជិះជាន់ គាមសង្កត់ និងគ្មានការគិតគូរ ឬរកដំណោះស្រាយនោះឡើយ។ លោក សុខ បានថ្លែងឲ្យដឹងទៀតថា៖ «ពិបាករស់នៅណាស់ មានការគាបសង្កត់ច្រើន អ្នកមានគាបសង្កត់អ្នកក្រីក្រ ពលរដ្ឋក្រីក្រ ទីក្សត់ ទុរគត ប្រជាពលរដ្ឋរកអ្វីមិនបាន (រកស៊ីចិញ្ចឹមជីវិត) ទារសំណងនានា ពីពលរដ្ឋក្នុងការដាំអ្វីបន្តិចបន្ទួច។ (...) សំឡុត គម្រាមកំហែង ប្លន់ទ្រពសម្បត្តិមិនថាយប់ ឬថ្ងៃ។»
គណបក្សប្រជាធិបតេយ្យមូលដ្ឋាននេះ ក៏ដើម្បីអនាគតប្រជាពលរដ្ឋទូទៅ របស់កម្ពុជា។ នេះ គឺជាជំនឿជឿជាក់ របស់អ្នកស្រី សុខ ផល្លា សមាជិកមកពីខេត្ត កំពង់ស្ពឺ មួយរូបទៀត។ អ្នកស្រីបានរៀបរាប់ថា ព្រោះគណបក្សនេះ មានការគិតគូរ និងយកចិត្តទុកដាក់ លើជីវភាព និងការរស់នៅ របស់ពលរដ្ឋជាធំ។ គោលនយោបាយរបស់គណបក្សនេះ មានលក្ខណៈល្អ ច្រើនជាងគណបក្សដទៃៗទៀត ដែលបានញ៉ាំងចិត្ត ឲ្យអ្នកស្រីចូលរួម។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងជម្រុញឲ្យជីវភាពប្រជាពលរដ្ឋ ពីភាពអាប់អោន ឈានមកភាពរីកចម្រើន ដើម្បីខ្លួនឯង សម្រាប់កូនចៅជំនាក់ក្រោយ។ អ្នកស្រីបានថ្លែងថា៖ «នៅមូលដ្ឋានខ្ញុំ មានអ្នកគាំទ្រច្រើន។ សូមពលរដ្ឋទាំងអស់ ចូលរួមដើម្បីបំបាត់ភាពអត់ឃ្លាន (...) ដើម្បីភាពសុខសាន្ត សម្រាប់កូនចៅយើង ជំនាន់ក្រោយទាំងអស់គ្នា។»
ពលរដ្ឋមានសេរីភាព ក្នុងការសម្រេច ដោយពុំចាំបាច់ មានការចង្អុល ពីប្រធានគណបក្ស...
លោក ហេង ស្រ៊ាង ជាសមាជិកក្រុមតស៊ូមតិ ខ្មែរដើម្បីខ្មែរ មកពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា គ្រប់សមាជិកទាំងអស់ នៃគណបក្សនេះ ត្រូវបានជ្រើសរើស និងបោះឆ្នោតដោយផ្ទាល់ ពីអ្នកគាំទ្ររបស់ខ្លួន ក្នុងការដឹកនាំប្រទេស ឬនាំពាក្យសំដីពលរដ្ឋ ដើម្បីធ្វើការដោះស្រាយមួយ ដែលប្រកបដោយប្រសិទ្ធិភាព។ សេរីភាពដោយផ្ទាល់នេះ បាននឹងកំពុងទាក់ទាញ ចំណាប់អារម្មណ៍ ពីពលរដ្ឋមួយភាគធំ ក្នុងកិច្ចដំណើរការគណបក្សនេះ នាថ្ងៃខាងមុខ។
រីឯ កញ្ញា មូល សុខណាត សមាជិកមកពីខេត្តកំពង់ស្ពឺដដែល បានលើកឡើងថា គណបក្សមួយនេះមានភាពប្រសើរ និងពេញលក្ខណៈល្អ លើការយកចិត្តទុកដាក់ ជាមួយពលរដ្ឋ តាមមូលដ្ឋានពិតប្រាកដ។ កញ្ញាបន្ថែមថា សម្រាប់បញ្ហាជីវភាពប្រចាំថ្ងៃ របស់ពលរដ្ឋវិញ គណបក្សតាមគោលការណ៍ និងភាពជាក់ស្តែងមួយចំនួន ឃើញថាពលរដ្ឋតាមមូលដ្ឋាន មានការយល់ដឹងច្រើន ពីការរស់នៅ និងកិច្ចអភិវឌ្ឍន៍ ភូមិឃុំរបស់ខ្លួន។ កញ្ញា សុខណាត បានថ្លែងឡើងថា៖ «គណបក្សផ្សេងៗខ្ញុំមិនដឹងទេ តែគណបក្សនេះ មានគោលនយោបាយ ក្នុងការគិតគូរ លើពលរដ្ឋជាធំ»។
សូមរំលឹកដែរថា លោក យ៉េង វីរៈ អតីតប្រធានមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ ត្រូវបានសមាជជាលើកដំបូងរបស់ របស់គណបក្សថ្មីនេះ បោះឆ្នោត ផ្ដល់សេចក្ដីទុកចិត្ត ឲ្យធ្វើជាប្រធានបណ្ដោះអាសន្ន របស់គណបក្ស កាលពីថ្ងៃទី២ ខែសីហានេះ។ សមាជនក្នុងរាជធានីភ្នំពេញ ដែលមានសមាជិកចូលរួម ប្រមាណជាង១០០នាក់ ក៏បានជ្រើសតាំង អតីតមេដឹកនាំអង្គការសង្គមស៊ីវិល ចំនួនបីនាក់ទៀត លោក សាម ស៊ុនឌឿន លោក សាម អ៊ីន និងលោក ប៉ោ សេដ្ឋា ឲ្យធ្វើជាអនុប្រធាន អគ្គលេខាធិការ និងជាអគ្គហិរញ្ញិក របស់គណបក្សដែរ៕