បាក់ទំនប់នៅភូមាបណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់ ៣នាក់បាត់ខ្លួន
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី៣១ សីហា ២០១៨
- កែប្រែចុងក្រោយ: August 31, 2018
- ប្រធានបទ: បាក់ទំនប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក «Phyu Lei Lei Tun» អ្នកទទួលខុសត្រូវមួយរូប ពីក្រសួងសង្គមកិច្ច នៃប្រទេសភូមា ត្រូវបានទីភ្នាក់ងារព័ត៌មានបារាំង «AFP» ស្រង់សំដីយកមកចុះផ្សាយថា៖ «មនុស្សបួននាក់ បានស្លាប់ និង៣នាក់ទៀត បានបាត់ខ្លួន បន្ទាប់ពីមានទឹកជំនន់»។
ក្រុមអ្នកជួយសង្គ្រោះ កំពុងបន្តកិច្ចការរបស់ខ្លួន ក្នុងការជួយសង្គ្រោះអ្នកស្រុក ដែលជាប់ខ្លួន នៅក្នុងផ្ទះ របស់ពួកគេ កណ្ដាលទឹកជំនន់ ល្ហល្ហាច។ អាជ្ញាធរបានបញ្ជាក់ថា ការបាក់ទំនប់ «Swar Chaung» កាលពីព្រឹកថ្ងៃពុធ បណ្ដាលមកពីការហូតច្រោះដី នៃទឹកភ្លៀង ដែលបានធ្លាក់យ៉ាងជោគជាំ ក្នុងសប្ដាហ៍នេះ។
ក្រសួងសង្គមកិច្ចភូមា បានបញ្ជាក់ថា អ្នកស្រុកច្រើនជាង ៣៦០០០នាក់ ត្រូវបានដឹក មកដាក់ក្នុងជម្រកបណ្ដោះអាសន្ន ប្រមាណជា៦៨ជម្រក។
សារព័ត៌មានក្នុងស្រុក បានរាយកាណ៍ថា អ្នកស្រុកចំនួនមិនតិចជាង ៦៣០០០ បានរងការប៉ះពាល់ ពីគ្រោះមហន្តរាយខាងលើ ខណៈអ្នកស្រុកមួយភាគ បានដោះស្រាយដោយខ្លួនគេ ដោយបានរកលំនៅដ្ឋាន របស់ញាតិមិត្ត ឬវត្តអារាម ដើម្បីជ្រកកោន ជាបណ្ដោះអាសន្ន។
កាលពីខែកន្លងទៅ ទំនប់វារីអគ្គិសនីមួយ នៅក្នុងប្រទេសឡាវ បានបាក់ខូចខាត បណ្ដាលឲ្យតំបន់ជាច្រើន នៅជុំវិញទំនប់ និងតំបន់ខ្លះ ក្នុងភាគខាងជើង ប្រទេសកម្ពុជា រងទឹកជំនន់។ គ្រោះថ្នាក់នេះ បានបណ្ដាលឲ្យមនុស្ស ៣៥នាក់ ស្លាប់បាត់បង់ជីវិត និងច្រើននាក់ផ្សេងទៀត បានបាត់ខ្លួន ខណៈអ្នកស្រុករាប់ម៉ឺននាក់ បាន (និងត្រូវបាន) ជម្លៀសខ្លួន មកកាន់ជម្រកបណ្ដោះអាសន្ន៕