ជា មុន្នី ថ្លែងពីគណកម្មការអង្កេតដ៏«ចម្លែក» របស់ ហ៊ុន សែន
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២៦ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 26, 2015
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រធានសហជីពសេរីកម្មករកម្ពុជា លោក ជា មុន្នី បានបង្ហាញនូវការហួសចិត្ត និងភាពងឿងឆ្ងល់ ដែល១១ឆ្នាំមកនេះ ប្រទេសកម្ពុជាស្ថិតក្នុងសន្តិភាព បែរជារដ្ឋាភិបាលមិនអាចដោះស្រាយ ឬស្វែងរកចាប់ខ្លួនឃាតករពិត មកផ្តន្ទាសទោសបាន។ លោក ជា មុន្នី បានថ្លែងឡើងថា ការប្រកាសបង្កើតគណកម្មការនេះ ទំនងជាស្ថិតក្រោមសំពាធណាមួយ ដែលត្រូវបង្ខំចិត្ត (លោក ហ៊ុន សែន) ឲ្យត្រូវតែធ្វើវាឡើង។ សំពាធនោះ អាចមកពីអង្គការពលកម្មអន្តរជាតិ តាមរយៈក្រសួងការងារ។ លោកបានលើកយកហេតុផល មកនិយាយថា ព្រោះមានសំណើរ របស់ក្រសួងការងារ ស្នើឲ្យមានគណកម្មការនេះឡើង នៅក្នុងការប្រកាសបង្កើតគណកម្មការនោះ។
ការថ្លែងភ្ញាក់ផ្អើល របស់លោក ជា មុន្នី ធ្វើឡើង បន្ទាប់ពីសេចក្ដីសម្រេចមួយ របស់លោកនាយករដ្ឋមន្រ្តី ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ ហើយបានធ្លាក់ មកដល់ដៃអ្នកសារព័ត៌មាន កាលពីថ្ងៃទី២៥ ខែមិថុនាម្សិលម៉ិញនេះ ប្រកាសពីការបង្កើតគណៈកម្មការ អន្តរក្រសួងមួយឡើង ដើម្បីអង្កេតទៅលើឃាតកម្ម ដ៏ឃោឃៅ ធ្វើទៅលើសកម្មជនសហជីពដ៏ល្បីៗ នៅកម្ពុជា។ សេចក្តីសម្រេច ដែលចុះហត្ថលេខា ដោយលោកនាយករដ្ឋមន្រ្តីនោះ មានបួនប្រការ ដែលបានសម្រេចថា៖ «ត្រូវបង្កើតគណៈកម្មការអន្តរក្រសួង ស៊ើបអង្កេតពិសេស លើករណីបណ្តឹងលេខ២៣១៨ ស្តីពីករណីឃាតកម្ម លើមេដឹកនាំសហជីព លោកជា វិជ្ជា ហ៊ី វុទ្ធី និងរស់ សុវណ្ណារ៉េត»។
ការបង្កើតគណកម្មការថ្មី របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នេះ មិនត្រូវបានលោក ជា មន្នី ដែលជាដើមបណ្តឹងព្រហ្មទណ្ឌ លើករណីឃាតកម្មយ៉ាងសាហាវព្រៃផ្សៃ ចំពោះបងប្រុសរបស់លោកនោះ ធ្វើការស្វាគមន៍នោះទេ។ លោកនៅតែបង្ហាញភាព«គ្មានជំនឿ»ថា គណៈកម្មការមួយនេះ មិនអាចស្វែងរកឃាតករពិត មកផ្តន្ទាទោសនោះបានឡើយ។ លោក មុន្នី បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា៖ «គណៈកម្មការច្រើនណាស់ ដែលបានបង្កើតឡើង សម្រាប់ដោះស្រាយបញ្ហា តែងតែមិនបានទទួលលទ្ធផល ជាដំកំភូនដល់ជនរងគ្រោះ។ ដូចជាគណកម្មការ ដោះស្រាយបាតុភាព កូដកម្ម បាតុកម្ម ក៏មិនមានអ្វីជាលទ្ធផល ឯគណៈកម្មការដោះស្រាយជម្លោះដីធ្លី បញ្ហាដីធ្លីនៅតែមានជាហូរហែរ គណកម្មការស៊ើបអង្កេត ការបាញ់សម្លាប់ នៅផ្លូវវ៉េងស្រេងដែលទើបនឹងនៅថ្មីៗ ក៏មិនឃើញមានលទ្ធផលអ្វី។»
លោក ជា មុន្នី បានថ្លែងថា៖ «អស់ពេល១១ឆ្នាំមកហើយ សម្រាប់ឃាតកម្មលើលោក ជា វិជ្ជា និងប្រាំបីឆ្នាំសម្រាប់លោក ហ៊ី វុទ្ធី។ ការបង្កើតគណកម្មការនេះ ហាក់បីដូចជា ទើបមានការភ្ញាក់រលឹក។ ចុះពេលឃាតកម្មភ្លាមៗ ម្តេចមិនបង្កើតគណកម្មការ? ហេតុអ្វីទើបមកបង្កើត នាពេលនេះ? ។ (…) វាដូចជាចម្លែក មកដល់បច្ចុប្បន្ន សាក្សីជាច្រើនទៀតពិបាករកណាស់។»
សមាសភាពក្នុងគណកម្មការអន្តរក្រសួងនេះ រួមមាន រដ្ឋសេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន - រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាអនុប្រធាន និងរដ្ឋសេខាធិការក្រសួងយុត្តិធម៌ ជាអនុប្រធាន និងក្រៅពីនេះជាសមាជិក។ សេចក្ដីសម្រេច ដែលមានសំណើ ពីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ បានបង្ហាញពីភារកិច្ច នៃគណៈកម្មការពិសេសនេះ ថាត្រូវមានតួនាទីប្រមូលព័ត៌មាន និងភស្តុតាង និងពិនិត្យស្រាវជ្រាវ ឲ្យបានគ្រប់ជ្រុងជ្រោយ ទាំងអង្គហេតុ និងអង្គច្បាប់ ទាក់ទិនករណីឃាតកម្មទាំងបីខាងលើ។
យ៉ាងណាក៏ដោយ លោក ជា មុន្នី នៅរង់ចាំមើលថា តើគណកម្មការនេះអាចស្វែងរក និងអាចផ្តល់យុត្តិធម៌ ដល់ជនរងគ្រោះយ៉ាងណា នាពេលខាងមុខ។ ប៉ុន្តែលោក បានរំពឹងរួចហើយថា ក្នុងបរិបទប្រទេសកម្ពុជាសព្វថ្ងៃនេះ «បញ្ហានីតិភាព»នៅមិនអាចដោះស្រាយបាន ហើយក៏បន្តនៅមានដែរ ជាពិសេសចំពោះករណី នៃឃាតកម្មនេះ ក៏ដូចជាសម្រាប់ជនរងគ្រោះ និងពលរដ្ឋក្រីក្រ។ លោកបានសួរទៅវិញថា នៅពេលដែលគណកម្មការនោះ ពិតជាឈរលើគោលការឯករាជ្យ ធ្វើឡើងតាមបច្ចេកទេស អព្យាក្រិត្យ និងមានឆន្ទះ ក្នុងការវែកមុខឃាតករពិត ហើយរកឃើញថា មានការជាប់ពាក់ព័ន្ធនឹងឧត្តមមន្រ្តីធំៗ អ្នកមានអំណាចនោះ ជាអ្នកផ្តើមគំនិត អ្នកឃុបឃិត អ្នករៀបចំ ឬអ្នកបញ្ជា តើគណៈកម្មការអន្តរក្រសួងនេះ ហ៊ានមានវិធានការបែបណា?
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំប្រតិកម្ម ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ ក្រសួងការងារ និងពីទីស្តីការគណៈរដ្ឋមន្រ្តីបាននៅឡើយ ក្នុងថ្ងៃនេះ ដោយទូរស័ព្ទជាប់រវល់ គ្នានអ្នកទទួលទូរស័ព្ទ ឬទូរស័ព្ទមិនអាចភ្ជាប់ ទំនាក់ទំនងបានជាដើម។ សម្រាប់សាធារណៈជនមួយចំនួនវិញ បានលើកឡើងថា ការសម្រេចបង្កើត គណៈកម្មការអន្តរក្រសួងនេះ អាចជាយន្តការមួយជម្រះក្អែល ដែលតោងជាប់ខ្លួនរដ្ឋាភិបាល ជាពិសេសជាមួយ នឹងលោក ហ៊ុន សែន ខ្លួនឯង ជាយូរមកហើយ។
សូមរំលឹកថា លោក ជា វិជ្ជា ត្រូវបានឃាតករបាញ់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈលោកកំពុងអង្គុយអានកាសែត នៅតូបលក់កាសែតមួយ ក្បែរវត្តលង្កា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។ រីឯលោក រស់ សុវណ្ណារ៉េត និងលោក ហ៊ី វុទ្ធី ត្រូវបានគេលួចធ្វើឃាត ជាបន្តបន្ទាប់ក្នុងឆ្នាំ២០០៤ និងក្នុងឆ្នាំ២០០៧។ អ្នកទាំងពីរ ជាមេដឹកនាំថ្នាក់មូលដ្ឋាន មកពីសហជីពសេរីកម្មករកម្ពុជា។ ជាង១០ឆ្នាំមកនេះ ឃាតករ និងជនដៃដល់ពិតប្រាកដ មិនដែលត្រូវបានវែកមុខ និងនាំខ្លួន មកផ្ដន្ទាទោសឡើយ។ ផ្ទុយទៅវិញ អាជ្ញាធរបែរជាបាននាំខ្លួន ឃាតករសិប្បនិមិត្តពីរនាក់ ឲ្យទទួលកំហុសជំនួសឃាតករពិត នៅក្នុងករណីឃាតកម្មលើលោក ជា វិជ្ជា ទៅវិញ៕
» ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ សូមចុះផ្សាយនូវសេចក្តីសម្រេច ស្តីពីការបង្កើតគណកម្មការអន្តរក្រសួងនេះ ដូចខាងក្រោម (ចុចពីលើ ដើម្បីពង្រីកអាន)៖