ភាគី​ស្ត្រី​ដែល​កាប់​ប្តី​ឯង ថា​ខ្លួន​នាង​ទៅ​វិញ​ទេ ជា​ជន​រង​គ្រោះ

វិវាទក្នុងគ្រួសារ ដ៏ក្តៅគគុកមួយ បានបណ្តាល ឲ្យស្ត្រីជាប្រពន្ធ ដែលពពោះកូនក្នុងផ្ទៃ៥ខែ ហ៊ានលើកដៃកាប់ប្តីខ្លួនឯង រហួតដល់មានរបួសធ្ងន់។ សម្រាប់ភាគីប្រពន្ធវិញ បានប្រតិកម្មតបថា អំពើហិង្សាក្នុងគ្រួសារ មិនមែនកើតឡើង តែពីភាគីម្ខាងនោះទេ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៣ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 23, 2015
  • ប្រធានបទ: ហិង្សាប្ដីប្រពន្ធ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានចុះផ្សាយអត្ថបទមួយ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ដែលនិយាយពី អំពើ​ហិង្សានៅក្នុងគ្រួសារមួយ ហើយស្ត្រីជាភរិយា បានលើកកាំបិតតាំងតោ កាប់បុរសជាស្វាមី បណ្ដាលឲ្យ​រង​របួស​ធ្ងន់ ត្រូវចូលទៅព្យាបាលនៅមន្ទីរពេទ្យ ជាបន្ទាន់។ ហេតុការណ៍នេះ បានកើតឡើងតាំងពីថ្ងៃទី២១ ខែមិថុនា នៅ​ក្នុងភូមិតាសេក ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្តាល។

ប៉ុន្តែនៅមួយថ្ងៃក្រោយមក គឺនៅរសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៥ អ្នកស្រី ហួត ថត ដែលត្រូវជាម្តាយ​បង្កើត របស់អ្នកស្រី វណ្ណា គន្ធា ភរិយាដែលបានបង្កររបួសស្នាម ទៅលើប្តីខ្លួនឯងឈ្មោះ ផាត មី នោះ បាន​ថ្លែង​បង្ហើប ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វួថា កូនស្រីរបស់ខ្លួន ដែលកំពុងមានផ្ទៃពោះផងនេះ បានទទួលរង​នូវ​ការធ្វើបាប ជាច្រើនលើកច្រើនសារ ពីសំណាក់ស្វាមី រហូតដល់នាងត្រូវបង្ខំចិត្ត តបតរវិញ នៅថ្ងៃកើតហេតុ​កន្លង​មក។

អ្នកស្រី វាណ្ណា គន្ធា បានថ្លែងឡើងថា៖ «វាមានរឿងឈ្លោះគ្នាជារឿយៗ។ តែប្រពន្ធវា មិនដែលតបទេ ពេលខ្លះ​ស្រវឹង​មកដល់ផ្ទះ វាយធ្វើបាបប្រពន្ធវា ក៏មានតែមី ធា (កូនស្រីគាត់ ដែលត្រូវជាភរិយា) វាមិនដែលត្អួញថា ប្តីវា​ធ្វើ​បាបរហូតដល់បែកមុខ បែកមាត់នោះទេ។ វាខ្លាចម៉ែពិបាកចិត្ត ឥឡូវវា មានផ្ទៃពោះកូនទីពីរហើយ នៅតែប្តីវា​ធ្វើ​បាបទៀត។»។

អ្នកស្រីជាម្ដាយរូបនេះ បានបញ្ជាក់បន្ថែមទៀតថា កូនស្រីរបស់អ្នកស្រី នៅល្ងាចថ្ងៃកើតហេតុ នាងក៏មានរបួស​ហើមមុខមាត់ខ្លាំងដែរ ដោយអ្នកស្រីបានសន្និដ្ឋានថា ប្រាដកណាស់ អ្នកទាំងពីរប្រើអំពើហិង្សារដាក់គ្នា។ ក្រោយ​ថ្ងៃកើតហេតុ នាងបានត្រឡប់មកផ្ទះវិញហើយ ហើយកំពុងព្យាបាលស្នាមរបួស ដែលត្រូវប្តីវាយធ្វើ​បាប​នៅឯផ្ទះ។

ចំពោះប្រតិកម្មរបស់ម្តាយក្មេក ដែលកំពុងមើលថែខ្លួនជាកូនប្រសារ ទាំងដឹងថា ខ្លួនតែងធ្វើបាបកូនស្រី​គាត់​នោះ លោក ផាត មី ដែលជាស្វាមីរងរបួស កំពុងសម្រាកនៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) បាន​បដិសេធន៍ មិនឆ្លើយតបជាមួយអ្នកសារព័ត៌មានទេ បើទោះជាលោក បានដឹងខ្លួនហើយក៏ដោយ។

គួររំលឹកថា ស្ត្រីជាប្រពន្ធ មានស្រុកកំណើតនៅភូមិថ្នល់ ឃុំត្នោត ស្រុកញ្ច្រៀច ខេត្តព្រៃវែង ហើយបានមក​រួម​រស់ ជាមួយប្តីរបស់នាង នៅកន្លែងកើតហេតុខាងលើ ក្នុងខេត្តកណ្តាល។ បច្ចុប្បន្នទាំងពីរនាក់ប្តីប្រពន្ធ ធ្វើការ​នៅ​ក្នុង​រោចក្រ ដំបូលខៀវ ក្នុងស្រុកអង្គស្នួល ដែលមានកូនពីរនាក់ កូនទីមួយឈ្មោះ មាស ស្រី រ័ត្ន អាយុ២ឆ្នាំ និងកូន​ទីពីរ នៅក្នុងផ្ទៃអាយុបាន៥ ខែ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...