«ក្នុង​ស្ថាប័ន​រដ្ឋ យុវជន​ខ្មែរ​៦០%​ចូល​រួម​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ»

«យុវជន» ដែលមានខ្សែស្រឡាយ និងជាសាច់ញាតិ នៃបុគ្គលមានអំណាច ភាគច្រើនបានបម្រើ នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​នៅ​កម្ពុជា។ ទាំង​នោះ ភាគច្រើន គឺជាការប្រព្រឹត្តិ អំពើពុករលួយ។ នាយកប្រតិបត្តិអង្គការ តម្លាភាពកម្ពុជា លោក ព្រាប កុល បាន​ផ្ដល់​តួ​លេខ​ថ្មី​មួយ ទៅដល់ក្រុមអ្នកសារព័ត៌មាន។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៣ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 23, 2015
  • ប្រធានបទ: ពុករលួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យុវជនដែលជាទំពាំងស្នងឬស្សី របស់ប្រទេសកម្ពុជា ដែលភាគច្រើនពឹងផ្អែក តែទៅលើសាច់ញាតិនិយម មិន​បានប្រឹងប្រែងរៀនសូត្រទេ តែផ្ទុយទៅវិញ បែរជាមានឱកាសច្រើន ដើម្បីបំរើការងារក្នុងស្ថាប័នមួយ ដែលខ្លួន​គ្មានសមត្ថភាពសមស្រប ដោយរក«តម្លាភាព»គ្មាន។ នេះជាការថ្លែងអះអាង របស់នាយកប្រតិបត្តិ អង្គការ​តម្លា​ភាពកម្ពុជា លោក ព្រាប កុល ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន នៅវិទ្យាស្ថានអន្តរទ្វីបអាមេរិក​កាំង។

ក្នុងកម្មវិធី «ទាមទារឲ្យមានការបង្កើតច្បាប់ ឬគោលការណ៍ហាមឃាត់ ការទទួលយកសាច់ញាតិ ឬខ្សែ​ស្រឡាយ ឲ្យធ្វើការជាមួយក្នុងស្ថាប័នរដ្ឋ» កាលពីថ្ងៃទី២១ ខែមិថុនានោះ លោក ព្រាប កុល បានពន្យល់ថា នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ យុវជនប្រមាណជាងទាំង៦០% ដែលកំពុងចូលបំរើការងារ នៅតាមគ្រឹះស្ថាន ឬស្ថាប័ន​រដ្ឋ ភាគ​ច្រើន​តាម​រយៈ សាច់ញាតិនិយមនេះឯង។ ទង្វើនេះ ជាការប្រពឹត្តិអំពើពុករលួយ រួចជាស្រេច ដែលជា​ឥទ្ធិពល ធ្វើឲ្យយុវជនទាំងនោះ កំពុងរៀនសូត្រ និងអនុវត្តតាម។ លោក ព្រាប កុល បានថ្លែងទៀតថា នេះ​ជា​លក្ខណៈ​មួយ ដែលនឹងបន្តចម្លង ដល់កូនចៅជំនាន់ក្រោយៗទៀត ឲ្យស្នងតំណែង នូវការប្រព្រឹត្តិនូវអំពើនេះ បើ​គ្មាន​ការ​ទប់​ស្កាត់ ដោយច្បាប់ ឬគោលការណាមួយនោះទេ។

លោកបញ្ជាក់ថា នៅកម្ពុជាអំពើពុករលួយបានរីកសាយ ស្ទើរទូទាំងប្រទេស និងប្រព្រឹត្តិអំពើពុករលួយ យ៉ាង​សំញ៉ែងនៅឡើយ ដូចជា ករណីនគរបាលចរាចរណ៍លូកដៃ យកលុយនៅតាមផ្លូវសាធារណៈ - មន្រ្តីបំរើ​ការងារ​សាធារណៈ កោសរូសរកលុយ ដើម្បីបំពេញឯកសារ - គ្រឹស្ថានអប់រំប្រព្រឹត្តិអំពើពុករលួយ ជាដើម។ លោកថា ទាំងនេះជាបទពិសោធផ្ទាល់ ដែលក្រុមការងារលោក បានរកឃើញ ពីការអនុវត្តនៃមន្រ្តីទាំងនោះ ជា​សាធារណៈ​ក្នុងសង្គមកម្ពុជា បើទោះជាកាលៈទេសៈខ្លះ ត្រូវបង្ខំចិត្តពួកគាត់ទាំងនោះ ឲ្យធ្វើដោយគ្មាន​ជំរើស​ផ្សេង​ក៏ដោយ។

ប្រធានតម្លាភាព បានបញ្ជាក់ថា៖ «បញ្ហាសាច់ញាតិនិយមនេះ ជាបញ្ហាធំមែនទែន។ គ្រប់ស្ថាប័ន គ្រប់ក្រសួង ដែលយើងបានសង្កេត មានពាក់ព័ន្ធសាច់ញាតិ ពាក់ព័ន្ធក្រុមគ្រួសារ។ (...) តែប្រទេសយើង ច្រើនតែយកកូន ឬសាច់ញាតិបង្កើតរបស់ខ្លួន ទៅដាក់ក្រោមក្លៀក ស្រួលប្រើ ស្រួលបញ្ជា ស្រួលមើលការខុសត្រូវ។»

លោកបានអះអាងថា ករណីយកសាច់ញាតិ ទៅដាក់ក្រោមក្លៀកនេះហើយ ដែលនាំឲ្យមានភាពងាយស្រួល ក្នុងការឃុបឃិតគ្នា ងាយស្រួលក្នុងការត្រូវរ៉ូវគ្នា ប្រព្រឹត្តិបទល្មើសខុសច្បាប់ផ្សេងទៀត។ លោកថា នៅកម្ពុជា គួរមានក្របខណ្ឌច្បាប់ ឬគោលនយោបាយមួយ ដែលតម្រូវឲ្យមានការទប់ស្កាត់ ទំនាស់ផលប្រយោជន៍ និង​ខ្សែរបណ្តាញ ទំនាក់ទំនងគ្នាដោយផ្ទាល់ នៃបុគ្គលដែលមានសាច់ឈាមផ្ទាល់។ លោកបានថ្លែងទៀតថា៖ «យើង​អាចធ្វើការ ក្នុងក្រសួងជាមួយគ្នាបាន តែសុំកុំធ្វើការ នៅកន្លែងដែលត្រូវការរាយការណ៍ ទៅវិញទៅមក​ដោយផ្ទាល់។ (...) ទាំងនេះដែលប្រទេសដទៃ កំពុងអនុវត្ត។ បើយើងធ្វើបាននោះ យើងនឹងមិនរំលោភ​រដ្ឋធម្មនុញ្ញ​ទេ និងក៏មិនបានប៉ះពាល់ដល់សិទ្ធិសេរីភាព របស់អ្នកណាម្នាក់ដែរ។»

លោកបន្តថា ការជម្រុញឲ្យមានច្បាប់ គោលការណ៍នេះឡើង វាពិតជាមានការលើកទឹកចិត្ត ដល់យុវជន​ទាំង​អស់ ខិតខំប្រឹងប្រែងរៀនសូត្រ ដោយមិនអាងអំណាច នៃសាច់ពញាតិរបស់ខ្លួន។ ហើយកម្លាំងទាំងនោះ ពិត​ជាធនធានមួយយ៉ាងសំខាន់ ក្នុងការកំណែទម្រង់ ដែលធ្វើឲ្យស្ថាប័នរដ្ឋ មានភាពកាន់តែប្រសើរ។ ជាងនេះ​ យុវជនទាំងនោះ ក៏អាចរកការងារស្របតាមសមត្ថភាព និងជំនាញរបស់ខ្លួន ដែលចូលចិត្ត និងរៀនសូត្រដែរ។

មេដឹកនាំអង្គការសង្គមស៊ីវិលរូបនេះ បានបង្ហាញការប្ដេជ្ញាចិត្តថា លោកនឹងជម្រុញឲ្យមានច្បាប់ ឬ​គោលការណ៏​នេះ ទៅកាន់ស្ថាប័នជាច្រើន ក្នុងនោះរួមមានស្ថាប័នរដ្ឋសភា បន្ទាប់ពីបែកធ្លាយ សាច់ញាតិ ក្រុមគ្រួសារនិយម ក្នុងស្ថាប័នច្បាប់កំពូលនេះ។ បើសិនជាអាច គេគួរបង្កើតច្បាប់មួយ ស្តីពីការទប់ស្កាត់សាច់ញាតិ ឬគ្រួសារ​និយម​នៅក្នុងស្ថាប័ន៕

» សូមទស្សនា ការផ្ដល់កិច្ចសម្ភាសទាំងស្រុង របស់លោក ព្រាប កុល ដូចខាងក្រោ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...