សហជីបចោទអាជ្ញាធរថាឲ្យ«ភ្លើងខៀវ» ក្នុងការបង្ក្រាបបាតុកម្មនៅណាហ្គាវើល
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: June 19, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ ថ្នាក់ដឹកនាំសហជីព និងសកម្មជនសិទ្ធិមនុស្ស ចំនួនដប់ប្រាំបួន(១៩)នាក់ ត្រូវបានចាប់ខ្លួន ក្នុងចំណោមបាតុករសរុប ជាងមួយពាន់(១០០០)នាក់ ដែលក្នុងនោះប៉ែតសិបភាគរយ(៨០%)ជាស្រ្តី។
សណ្ឋាគារ មជ្ឈមណ្ឌលកំសាន្ដ ណាហ្គាវើល នៅមាត់ទន្លេនៃរាជធានីភ្នំពេញ។
បាតុករដែលបានចាប់ខ្លួន ក្នុងបាតុកម្មអហឹង្សាមួយ នៅមុខកាស៊ីណូណាហ្គាវើល បានបញ្ជូនខ្លួនទៅស្នងការរាជធានីនៅវេលាម៉ោងបីដប់ប្រាំនាទី ហើយក៏ត្រូវបានដោះលែងមកវិញ នៅវេលាម៉ោងប្រាំមួយដប់ប្រាំនាទីរសៀលថ្ងៃដដែល ដោយមានការអន្តរាគមពីឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។ ការចាប់ខ្លួននេះ ក៏មានវត្តមានលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ អមដោយព្រះរាជអាជ្ញារងរាជធានីភ្នំពេញ ចំនួនពីរនាក់ផងដែរ។
លោក ឌឿ ដារ៉ូ ជាលេខាផ្ទាល់ប្រធានស្តីទីសហព័ន្ធសហជីព វិស័យទេសចរណ៍សេវាកម្ពុជា (C.T.S.W.S.) បានប្រាប់មនោរម្យព័ងអាំងហ្វូតាមទូរសព្ទ័ថា ការចាប់ខ្លួនថ្នាក់ដឹកនាំសហជីពនេះ ធ្វើឡើងដោយប្រធានសន្តិសុខណាហ្គាវើលដោយផ្ទាល់ម្នាក់ ឈ្មោះ ស៊ឹម សារ៉ាវុធ។ គាត់បានចាប់អ្នកណាដែលលេចមុខជាងគេ ក្នុងការធ្វើបាតុកម្មនេះ រុញចូលឡាន រួមទាំងទាំងប្រមួលសម្ភារមួយចំនួន ដូចជាឃោសសព្ទ័ បដាជាដើម ប្រមូលដាក់ក្នុងឡាននោះដែរ។
លេខារូបនេះបន្តថា ក្រោយការចាប់ខ្លួននោះ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ អមដោយព្រះរាជអាជ្ញារងរាជធានីភ្នំពេញចំនួនពីរនាក់ បានមកបញ្ជាក់ប្រាប់ក្រុមបាតុករថា ឲ្យធ្វើការផ្អាកបាតុកម្មនេះ និងកំណត់ពេលជួបគ្នាដោះស្រាយ បើមិនដូចនេះទេអ្នកដែលចាប់ទៅនោះនឹងមិនដោះលែងទេ ហើយលោកនឹងបន្តរចាប់ទៅទៀត។ លោកដារ៉ូបានធ្វើការសន្និដ្ឋានថា «លោក ស៊ឹម សារ៉ាវុធ ប្រធានសន្តិសុខណាហ្គាវើល មិនហ៊ានធ្វើការចាប់លើកមនុស្ស បោះចូលឡាននោះទេ បើមិនមានភ្លើងខៀវ ពីខាងសាលារាជធានីភ្នំពេញនោះ»។
ឯអភិបាលរងរាជធានីភ្នំពេញលោកឃួង ស្រេង ក៏បានឲ្យដឹងថា ការចាប់មេដឹកនាំសហជីព និងបុគ្គលិកកាស៊ីណូណាហ្គានេះ ព្រោះតែការធ្វើបាតុកម្ម«ខុសច្បាប់» និងយកទីលានសួនសាធារណៈធ្វើទីតាំងតវ៉ា។ បាតុកម្មនេះមិនស្របច្បាប់ ដូច្នេះអាជ្ញាធរបាន ហាមឃាត់ឲ្យបញ្ឈប់ធ្វើការតវ៉ា នៅលើសួនសាធារណៈដោយធ្វើនៅទីលានប្រជាធិបតេយ្យ ដែលជាកន្លែងដ៏សមស្របមួយសម្រាប់ការធ្វើបាតុកម្ម។ លោកបន្តរថា លោកនឹងរង់ចាំទទួលសំណើ ដើម្បីពិភាក្សាការចរចាគ្នារវាងកម្មករ បុគ្គលិកជាមួយក្រុមហ៊ុនដើម្បីដោះស្រាយតាមផ្លូវច្បាប់។
ឆ្លើយតបទៅនឹងការលើកឡើងរបស់លោកអភិបាលរង កញ្ញា ឈឹម ស៊ីថរ អនុប្រធានសហជីពប្រចាំណាហ្គាវើល ក៏បានប្រាប់មនោរម្យព័ងអាំងហ្វូថា សមត្ថកិច្ចថា «បាតុកម្មនេះមិនស្របច្បាប់ ដោយគ្មានការសុំច្បាប់ជាមុន»។ ករណីនេះកញ្ញាបង្ហាញថា ពួកគាត់បានដាល់លិខិត ទៅក្រុមហ៊ុនណាហ្គាវើលនេះរួចហើយ ហើយក៏បានជូនដំណឹងទៅសាលារាជធានីដែរ។ «តាមច្បាប់មិនមានកំណត់ ឲ្យមានការសុំច្បាប់នោះទេ គ្រាន់តែជាការជូនដំណឹងប៉ុណ្ណោះ ខាងសាលារាជធានី ក៏មិនបានចេញលិខិតអ្វីឆ្លើយតបដែរ»។
កញ្ញាលើកឡើងថា ការធ្វើបាតុកម្មអហិង្សានេះ ក្រោយពេលដល់កំណត់បីខែ ដែលក្រុមហ៊ុនណាហ្គាវើលបានសន្យាថា នឹងឆ្លើយតបនូវសំណូមពរបីចំណុចទាក់ទង ទៅហ្នឹងសិទ្ធិក្នុងការបំពេញការងារ ការទទួលបានអត្ថប្រយោជន៍ផ្សេងៗ និងការតំឡើងប្រាក់ខែយ៉ាងតិចបំផុត១៥០ដុល្លារក្នុង១ខែ មានការខកខានក្នុងរហូតមកដល់ពេលនេះ ហើយ«រាល់ការចចារ ពុំទទួលបានដំណោះស្រាយសមស្របទេ»។
ផ្ទុយទៅវិញ មេធាវីការពាររបស់ក្រុមហ៊ុនណាហ្គាវើលអ្នកស្រី ម៉ៅ សុំវុទ្ធារី មិនបាននិយាយអ្វីច្រើនទេ ដោយគ្រាន់តែបញ្ជាក់ថា ភាគីក្រុមហ៊ុនបានយល់ព្រម តាមការស្នើររបស់បុគ្គលិកទាំងអស់ ប៉ុន្តែបុគ្គលិកទាំងនោះនៅតែមិនព្រមទទួលយក។
សូមរម្លឹកថា បាតុកម្មនេះបានចាប់ផ្តើមធ្វើ តាំងពីឆ្នាំ២០០៧ មកម្ល៉េះក្រោយពីបុគ្គលិកទាំងអស់ មិនត្រូវបានក្រុមហ៊ុនតំឡើងប្រាក់ឈ្នួលឲ្យ ស្របទៅនឹងស្ថានភាពអតិផរណានៃប្រទេសកម្ពុជា។ មកដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ក៏បានធ្ចើការទាមទារនូវលក្ខខណ្ឌការងារចំនួនប្រាំមួយចំណុច។
លក្ខខណ្ឌទាំងនោះរួមមាន៖ ទីមួយនិងទីពីរ ទាមទារឱ្យក្រុមហ៊ុនទទួលយកបុគ្គលិក ដែលវបានបញ្ឈប់ឲ្យចូលបម្រើការងារនៅកន្លែងដើមវិញ ព្រមទាំងទូទាត់ប្រាក់រំលឹក។ ទីបីទាមទារឱ្យក្រុមហ៊ុនគោរពទៅតាមសេចក្ដីបង្គាប់ របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ ទីបួនទាមទារឱ្យក្រុមហ៊ុនផ្ដល់ប្រាក់ឈ្នួលទាបបំផុត ចំនួន១៥០ដុល្លារ រួមទាំងកាំប្រាក់ម្ភៃភាគរយដល់បុគ្គលិកទាំងអស់។ ទីប្រាំផ្ដល់ប្រាក់រង្វាន់ចំនួនមួយខែដល់បុគ្គលិកទាំងអស់ ដែលកំពុងបម្រើការងារនៅក្រុមហ៊ុនណាហ្គាវើលនេះ និងទីប្រាំមួយសុំឱ្យក្រុមហ៊ុនពិចារណាពីវត្តមាន និងអត្តចរិតនៃថ្នាក់គ្រប់គ្រងសណ្ឋាគារ Habibur Rehman (EAM-Hotel)។ នាយកផ្នែក VIP Fanny Yong និងនាយកធនធានមនុស្ស ផ្នែកទំនាក់ទំនងបុគ្គលិកឈ្មោះ Jeremy chea រងការចោទប្រកាន់ថា កំពុងបង្កបញ្ហាជាមួយបុគ្គលិក។
នេះជាការបង្ក្រាបថ្មីមួយទៀត ទៅលើបាតុកម្មអហឹង្សានៃបុគ្គលិកកម្មករនយោជិក ក្នុងរយៈពេលមិនដល់មួយខែផងនេះ។ កាលពីចុងខែមុន និងដើមខែមិថុនាកន្លងមក ការបង្ក្រាបដ៏ហឹង្សាមួយទៀតរបស់អាជ្ញាធរ នៅក្នុងខេត្តកំពង់ស្ពឺ បានធ្វើទៅលើកម្មកររោងចក្រសាប្រ៊ីណា បង្កឲ្យមនុស្សជាច្រើននាក់រងរបួស ក្នុងនោះស្ត្រីម្នាក់បានរលូតកូន។ អំពើទាំងនេះ សម្ដែងឲ្យឃើញថា អាជ្ញាធរបានប្រើកម្លាំង និងតាមរយៈតុលាការ ដើម្បីសំពងយ៉ាងចាស់ដៃ ទៅលើជនណាក៏ដោយ ដែលនាំគ្នាងើបតវ៉ា ទាមទារឲ្យមានការគោរព ពីសិទ្ធិការងាររបស់ខ្លួន៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៩ មិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ