បាល់ទាត់អង់គ្លេស៖ ខារ៉ូល យល់ព្រមចុះកិច្ចសន្យា លេងឲ្យក្រុមវ៊ែសហេម៦ឆ្នាំ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 19, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្សែប្រយុទ្ធអង់គ្លេស អេនឌី ខារ៉ូល (Andy Carroll) នឹងចាកចេញពីក្រុមហង្សក្រហមលីវើភូល (Liverpool) ទៅកាន់ក្រុមញញួរយក្សវ៉ែសហេម (West Ham) បន្ទាប់ពីមានការព្រមព្រាងគ្នាក្នុងតម្លៃ១៥.៥លានផោន (២៤.២២លានដុល្លា, ១៨.០៦លានអ៊ឺរ៉ូ) និងបានធ្វើតេស្តពិនិត្យសុខភាពបានជោគជ័យ កាលពីល្ងាចថ្ងៃអង្គារ៏។
ខ្សែប្រយុទ្ធអង់គ្លេស អេនឌី ខារ៉ូល ទៅចូលជាមួយក្រុមញញួរយក្សវ៉ែសហេម។ (រូបថត Getty Images)
កីឡាករវ័យ ២៤ឆ្នាំ បានយល់ព្រមចុះកិច្ចសន្យារយះពេល ៦ឆ្នាំនៅកីឡាដ្ឋានអ័បតុនផាក (Upton Park) ហើយក្រុមដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៏មួយនេះ នឹងឲ្យថ្លៃឈ្នួលគាត់ប្រមាណ ១០ម៉ឹនផោន ក្នុងមួយសប្តាហ៏។
ខារ៉ូល ត្រូវបានក្រុមលីវើភូល ទិញពីក្រុមញូកាស្ស៊ល (Newcastle) ក្នុងតម្លៃ ៣៥លានផោន ដែលជាតម្លៃមួយខ្ពស់ដាច់គេ ក្នុងចំណោមកីឡាករបាល់ទាត់អង់គ្លេស។ លីវើភូល បានយល់ព្រមឲ្យក្រុមវ៊ែសហេម ខ្ចីជើងកាលពីឆ្នាំ២០១២ ហើយគាត់ទាត់ចូលទីបាន ៧គ្រាប់ ក្នុងការប្រកួត ២៤លើកឲ្យក្រុមវ៊ែសហេម។
ប្រធានក្លឹបវ៊ែសហេម លោកដេវីដ ហ្គូល (David Gold) បានសរសេរបង្ហាញក្នុងគណនេយ្យធ្វីតថឺ (Twitter) របស់លោកថា «យើងកំពុងតែធ្វើការពិនិត្យសុខភាពរបស់ខ្សែប្រយុទ្ធអេនឌី ខារ៉ូល ហើយខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា គាត់ទទួលបានជោគជ័យហើយ។»
គួររំឮកថា ខារ៉ូល ត្រូវបានអតីតគ្រូបង្វឹកលីវើភូល លោកឃេនី ដាងគ្លីស (Kenny Dalglish) ទិញមករួមក្រុម កាលពីខែមករាឆ្នាំ២០១១ នៅថ្ងៃបិទទ្វាដោះដូរកីឡាករ បន្ទាប់ពីលីវើភូល លក់ខ្សែប្រយុទ្ធហ្វឺណាន់ដូ តូរែស (Fernando Torres) ទៅកាន់ក្រុមឆែលស៊ី (Chelsea)។
ខ្សែប្រយុទ្ធមាឌយក្សរូបនេះ អាចរកគ្រាប់បាល់បញ្ចូលទីបាន ៣១គ្រាប់ កាលពីគាត់នៅក្រុមញូកាស្ស៊ល ក្នុងការបង្ហាញខ្លួន ៨១ប្រកួត។ ប៉ុន្តែពេលដែលគាត់មកដល់កីឡាដ្ឋានអេនហ្វៀល ពុំមានភាពលេចធ្លោរណាមួយ គួរឲ្យកត់សម្គាល់នោះទេ។
បន្ទាប់ពីការមកដល់របស់គ្រូបង្វឹកថ្មី លោកប្រេនដិន រ៉ដចឺ (Brendan Rodgers) និងមានការប្តូរទម្រង់លេងបែបថ្មីនោះ ធ្វើឲ្យខារ៉ូល អាចរកគ្រាប់បាល់បញ្ចូលទីបានត្រឹមតែ ៦គ្រាប់តែប៉ុណ្ណោះ ក្នុងការប្រកួត ៤៤លើក ក្នុងលីកសម្រាប់ក្រុមលីវើភូល ដែលជម្រុញឲ្យលីវើភូលសម្រេចចិត្តឲ្យក្រុមវ៊ែសហេម ខ្ចីជើងកាលពីខែសីហា ឆ្នាំ២០១២កន្លងទៅ។
ម្ចាស់ក្លឹបញញួរយក្សវ៊ែសហេម លោកហ្គូល បានបន្ថែមថា «ការចុះកិច្ចសន្យាទិញយកអេនឌី ខារ៉ូល ពិតជាសំខាន់ខ្លាំងណាស់សម្រាប់ពួកយើង ហើយក៏សម្រាប់គាត់ដែរ។ យើងនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីឲ្យគាត់មានទម្រង់លេងដ៏ល្អរបស់គាត់មកវិញ ក៏ដូចជាដើម្បីឲ្យក្រុមរបស់យើងជោគជ័យដូចគ្នា៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ