ផ្សាយ«វីដេអូពីកូនស្លាប់» ដើម្បីរំលឹកអ្នកបើកបរ ឲ្យគោរពច្បាប់ចរាចរណ៍ (vdo)
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១១ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 11, 2014
- ប្រធានបទ: គ្រោះថ្នាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍គ្រោះថ្នាក់បានកើតឡើង នៅឆ្នាំ២០១៣ ក្នុងតំបន់ ន័រហ្វុក (Norfolk) ភាគខាងកើតនៃចក្រភពអង់គ្លេស។ នៅពេលនោះ ដេវិដ ហូម (David Holmes) អាយុ៣៨ឆ្នាំ បានចាកចេញពីចំណតយានយន្ដមួយ ដោយបានដាក់កាម៉េរ៉ាមួយបង្កប់ នៅជាប់ក្នុងមួកការពាររបស់ខ្លួន ដើម្បីថតពីល្បឿនដែលខ្លួនបានប្រើ ក្នុងការបើកបរ។
ក្នុងល្បឿន១៥០គីឡូម៉ែត្រក្នុងមួយម៉ោង ដេវិដ ហូម បានជល់ជាមួយរថយន្ដ ដែលបើកក្នុងទិសផ្ទុយគ្នា តែបានបត់ចេញមកខាងស្ដាំដៃ។ ជាមួយនឹងល្បឿនដ៏លឿនហួសនេះ អ្នកបើកបរម៉ូតូជាតិអង់គ្លេសរូបនេះ មិនអាចមានឱកាសដើម្បីគេចចេញ ឬចាប់ហ្វ្រាំងទាន់ ដើម្បីបញ្ជៀសគ្រោះថ្នាក់បានឡើយ។ អ្នកបើករថយន្ដមិនមានគ្រោះថ្នាក់អ្វីទេ តែ ដេវិដ ហូម អ្នកបើកម៉ូតូ បានស្លាប់ភ្លាមនៅនឹងកន្លែង។
អ្នកស្រី ប្រេនដា ហូម (Brenda Holmes) ម្ដាយរបស់ ដេវិដ បានសម្រេចចិត្តផ្សាយជាសាធារណៈ នូវខ្សែវីដេអូនេះ ដើម្បីរំលឹកទៅដល់អ្នកបើកបរទាំងឡាយ ដែលចូលចិត្តបើកបរ ដោយប្រើល្បឿនលឿនហួសកម្រិត ដូចជាកូនប្រុសរបស់អ្នកស្រី។ រូបភាពវីដេអូ ដែលត្រូវបានផ្សព្វផ្សាយ ដោយនគរបាលក្នុងតំបន់នោះ ត្រូវបានកាត់តជាកង់ៗ ដើម្បីបញ្ចូលរូបភាពសម្ភាសរបស់អ្នកស្រី ប្រេនដា។
ពាក្សសម្ដីមួយឃ្លា របស់ស្ត្រីជាម្ដាយរូបនេះ បានបង្កការរំជួលចិត្តជាទូទៅ។ អ្នកស្រីបានថ្លែងថា៖ «ប្រសិនជាយើងអាចហាមឃាត់ គ្រោះថ្នាក់របៀបនេះបាន នោះវានឹងមិនធ្វើឲ្យគ្រួសារទាំងមូលរស់នៅ ដូចស្ថានភាព ដែលយើងបានឆ្លងកាត់កន្លងមកនោះទេ។ ហើយដេវិដ ក៏នឹងមិនស្លាប់ ដោយអត់ប្រយោជន៍ដែរ។» ឃ្លាដែលអ្នកស្រី ចង់និយាយថាមរណៈភាព របស់កូនប្រុសអ្នកស្រី ជាភស្ដុតាងដ៏ប្រាកដមួយ ដែលអ្នកបើកបរទាំងឡាយ គួរយកមកធ្វើជាមេរៀន និងគិតពិចារណាឡើងវិញ មុននឹងបង្កើនល្បឿនហួសប្រមាណនោះ៕