ហ៊ុន សែន អួតថាបានស្នើតុលាការ ឲ្យដោះលែងស្ត្រីស្រវឹងបើកឡាន
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី៦ មេសា ២០១៥
- កែប្រែចុងក្រោយ: April 07, 2015
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីបីទសវត្សន៍ របស់កម្ពុជា តែងបង្ហាញកណ្តាប់ដៃដែក របស់ខ្លួន ទៅលើស្ថាប័នតុលាការ នៅស្ទើរគ្រប់រឿងទាំងអស់ ជាពិសេសរឿង ដែលលោកគិតថា ជាការប្រឆាំង ឬមិនស្របតាមគំនិត និងការសម្រេចរបស់លោកជាដើម។ មិនថាតែរឿង ដែលទាក់ទងនឹងសកម្មជនដីធ្លី សកម្មជនបក្សប្រឆាំង រឿងទាក់ទងនឹងឃាតករសម្លាប់ លោក អ៊ឹង ម៉េងជឺ ឬរឿងលោក កឹម សុខា នោះទេ បើទោះជាសំនុំរឿង បទល្មើសចរាចរណ៍ ដូចករណីស្រ្តីវ័យក្មេង ផឹកស្រវឹង បុករបងភូមិគ្រឹះ របស់លោក នៅជិតវិមានឯករាជ្យ ក៏តែងតែមានការលើកឡើង ឬបញ្ជាដោយផ្ទាល់ ពីនាយករដ្ឋមន្រ្តីដ៏មហិមា ទៅកាន់តុលាការដែរ។
ជាក់ស្តែងកាលពីថ្ងៃទី ៦ ខែមេសា នេះ លោក ហ៊ុន សែន បានប្រកាសជាសាធារណៈទៀតថា ការដោះលែងស្រ្តី វ័យ២៦ឆ្នាំ ដែលមានជាតិស្រវឹងក្នុងខ្លួន ហើយបើកបរ (ឡាន) បុករបងភូមិគ្រឹះរបស់លោក ដោយតុលាការ ជាគំនិតផ្ទាល់របស់លោក។ លោកបានអះអាងថា ការដែលលោកស្នើទៅតុលាការ ឲ្យនៅក្រៅឃុំបែបនេះ ដើម្បីតែគេចឲ្យឆ្ងាយ ពីពាក្យចចាមរាមថា លោកអាងអំណាច ហើយសម្រេចទោស ដាក់គុកលើស្រ្តីវ័យក្មេងម្នាក់នេះ ព្រោះតែរឿងតូចតាច។
ថ្លែងក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ ស្ពានអ្នកលឿងក្នុងថ្ងៃទី៦ ខែមេសានេះ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា លោកផ្ទាល់ជាអ្នកហៅទូរស័ព្ទ ទៅកាន់ប្រធានសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យមានការដោះលែង ស្រ្តីវ័យក្មេងនោះ ឲ្យបាននៅក្រៅឃុំ។ លោកបានលើកពីការសន្ទនានោះ មកបញ្ជាក់យ៉ាងដូច្នេះថា៖ «គាត់ខុសហ្នឹង (វា)ខុសហើយ ប៉ុន្តែអាចធ្វើទៅបានទេ ទៅតាមនីវិធីតុលាការទៅចុះ។ ក៏ប៉ុន្តែអនុញ្ញាតឲ្យ គាត់នៅក្រៅឃុំទៅ។ បានទេ? គាត់ថាបាន។ (…) អាហ្នឹង ក៏ជានីតិវិធីរបស់តុលាការ ឲ្យនៅក្រៅឃុំ ក្រោមការត្រួតពិនិត្យ របស់តុលាការដែរ។ (…) បើសិនជារឿងហ្នឹង វាជារឿងផ្ទាល់របស់ខ្ញុំ មិនទាក់ទងទៅលើច្បាប់យើង ក៏មានការយោគយល់។ ព្រោះកុំឲ្យគេថា អាងខ្លួនជានាយករដ្ឋមន្ត្រី យកកូនគេទៅឃុំ ទៅដាក់គុក។»
តែភាសាយោគយល់ របស់លោក ហ៊ុន សែន វាជាការអួតអាងមួយ ដែលធ្វើឲ្យគេមើលឃើញ កាន់តែច្បាស់ថា នាយករដ្ឋមន្រ្តីកម្ពុជា កំពុងប្រើអំណាចរបស់ខ្លួន បញ្ជាលើតុលាការ ដែលកំពុងរងការរិះគន់ថា មិនឯករាជ្យ និងសម្បូរទៅដោយ រឿងអាស្រូវពុករលួយ។ រីឯការដោះលែងស្រ្តីវ័យក្មេង របស់តុលាការវិញ ក៏បានបង្ហាញដែរថា តុលាការកម្ពុជាមួយនេះ កំពុងតែអនុវត្តមិនឲ្យទាស់ នូវបញ្ជា ឬការស្នើរបស់លោកនាយករដ្ឋមន្រ្តីដែរ ដែលមិនបានបង្ហាញថា តុលាការអនុវត្តតាមច្បាប់ ដែលកំពុងមានជាធរមាននោះឡើយ។
ប្រធានផ្នែកស៊ើបអង្កេត នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក នី ចរិយា បានថ្លែងឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា «សម្តេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តីមួយ ដែលមានឥទ្ធិពល ក្នុងការបញ្ជាតុលាការ បានតាមអំពើចិត្ត។ នេះជាភស្តុតាងជាក់ស្តែង។ (...) យើងឃើញថា ឲ្យតែមានរឿង រាល់ករណីទាំងអស់ ស្រេចតែទៅលើសេចក្តីសម្រេច របស់លោកនាយករដ្ឋមន្រ្តី ចង់ឲ្យចាប់ ចាប់ ចង់ឲ្យលែង លែង ចង់ឲ្យចង ចង។»
ជាការរំលឹកត្រួសៗ នៅក្នុងសំនុំរឿង សកម្មជនដីធ្លី ដែលកំពុងត្រូវបានឃុំខ្លួននោះ ក៏ពុំមានបទល្មើសណាមូយ ត្រូវបានតុលាការរកឃើញ ដើម្បីសម្រេចឃុំខ្លួនពួកគេឡើយ។ តែការឃុំខ្លួន ត្រូវតែមាន ព្រោះលោក ហ៊ុន សែន បានប្រកាសរួចជាស្រេចថា គ្មានការដោះលែង ឬលើកលែងឲ្យសកម្មជនដីធ្លី ណាសូម្បីតែម្នាក់។ មួយករណីទៀត ដែលគេទាំងអស់គ្នា បានមើលឃើញកាន់តែច្បាស់ថា អំណាចនាយករដ្ឋមន្រ្តី កំពុងតែបញ្ជា លើអំណាចតុលាការ ដ៏ពិតប្រាកដនោះ គឺការបញ្ជាឲ្យចាប់មកវិញ នៃឪពុក និងម្តាយរបស់លោក ថោង សារ៉ាត់ ដែលតុលាការខ្លួនឯងមើលឃើញថា មានកំហុស តែអាចឲ្យនៅក្រៅឃុំបាននោះ។ មិនត្រឹមតែចាប់ឪពុក និងម្តាយរបស់លោក ថោង សារ៉ាត់ មកដាក់គុកវិញនោះទេ តែបើសូម្បីប្រធានតុលាការ និងមន្ត្រីតុលាការមួយចំនួន ក៏ត្រូវបានផ្លាស់ប្ដូរតំណែង ហើយកំពុងនៅភ័យ «ផ្អែមមាត់» នៅឡើយដែរ មកទល់នឹងពេលនេះ។
លោក នី ចរិយា បានបញ្ជាក់ទៀតថា៖ «ទាំងនេះ បង្ហាញឲ្យឃើញថា ការប្រើអំណាចទៅយាយី ទៅលូកលាន់ ទៅដល់អំណាចតុលាការច្បាស់ណាស់។ (…) លោក (ហ៊ុន សែន) មិនត្រូវខឹងគេ ខឹងអង្គការសង្គមស៊ីវិល ដែលថា គាត់ (នាយករដ្ឋមន្រ្តីកម្ពុជា) ត្រួតត្រាអំណាចតុលាការ លូកលាន់អំណាចតុលាការ មិនត្រូវខឹងគេទេ ព្រោះគាត់អញ្ចឹងមែន។»៕