តម្លៃសំបុត្រឡានក្រុង «ក្រោយ»ពេលចូលឆ្នាំ ថ្លៃជាងពេលមុន!
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: April 17, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រជាពលរដ្ឋមួយចំនួនធំ ទើសទាល់នឹងការតម្លើងថ្លៃរថយន្ត«ក្រុង» តាមតែអំពើចិត្តរបស់«មេឈ្មួញ»ទាំងនោះ ដោយគ្មានការគ្រប់គ្រង ត្រួតពិនិត្យ និងមានវិធានការពីរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។ ក្នុងឆ្នាំ២០១៤នេះ សំបុត្រឡានក្រុង«ក្រោយ»ចូលឆ្នាំខ្មែរ មិនត្រឹមតែមានតម្លៃលើសពីតំលៃ«ធម្មតា» តែថែមទាំងមានតម្លៃលើសពីតម្លៃ«មុន»ចូលឆ្នាំនោះទៅទៀត។
រថយន្ដក្រុង របស់ក្រុមហ៊ុនដឹកជញ្ជូនល្បីឈ្មោះ ក្នុងរាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ O. Vary)
រថយន្ដ«ក្រុង» - ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ សូមនាំប្រិយមិត្តអ្នកតាមដាន ទៅមើលការលក់សំបុត្រឡានក្រុង នៅក្រុងសួងខេត្តកំពង់ចាមម្ដង។ កាលពីឆ្នាំទៅម៉ិញ ឆ្នាំ២០១៣ សំបុត្រឡានក្រុងមុនចូលឆ្នាំត្រឹមតែ ២០០០០រៀល និងក្រោយចូលឆ្នាំខ្មែរ មកលក់ត្រឹមតែ១៨០០០រៀលប៉ុណ្ណោះ ក្នុងមួយសំបុត្រ។ តែក្នុងឆ្នាំ២០១៤នេះ សំបុត្រឡានមុនចូលឆ្នាំតម្លៃ២៥០០០រៀល និងក្រោយចូលឆ្នាំខ្មែរតម្លៃជាង៣០០០០រៀល ទៅតាមក្រុមហ៊ុននីមួយៗនៅក្នុងខេត្តនោះ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី សុខខេង ដែលជាអ្នកដំណើរម្នាក់ ដែលត្រូវត្រឡប់ពីស្រុកកំណើត ទៅកាន់លំនៅដ្នានឯរាជធានីភ្នំពេញវិញ។
ឆ្លើយទៅនឹងសំនួរដែលសួរថា តើអ្នកស្រីនៅតែត្រូវទៅ ឬយ៉ាងណា បើសំបុត្រអ្នកស្រីគិតថាថ្លៃយ៉ាងនេះ? អ្នកស្រី សុខខេង បាននិយាយយ៉ាងខ្លីដូច្នេះថា «ធ្វើម៉េច ឡានរបស់គេ គេឡើងថ្លៃជាសិទ្ធិរបស់គេ។ យើងគ្មានជំរើសទេ បើមិនជិះនោះ។» តែអ្នកស្រីបានទំលាក់បន្ទុកទទួលខុសត្រូវនេះ ទៅលើរដ្ឋាភិបាល ដែលជាឪពុកម្តាយរាស្រ្ត និងជាអ្នកមើលការខុសត្រូវសុខទុក្ខរាស្រ្ត។ អ្នកស្រីបានពន្យល់បន្ថែមដូច្នេះថា៖ «រាស្រ្តប្រៀបបានកូនបង្កើត។ ឯឈ្មួញ ប្រៀបបានអ្នកមកសុំជ្រកតែប៉ុណ្ណោះ។ តើឪពុកម្តាយខុសចិត្ត វាយធ្វើបាបកូនខ្លួនឯង ដើម្បីផ្គាប់ចិត្តអ្នកសុំស្នាក់នៅនោះ ឬយ៉ាងណា? ឬមួយអង្គុយមើល អ្នកស្នាក់នៅនោះព្រោះតែមុខមាត់ខ្លួន បណ្តោយឲ្យវាយធ្វើបាបកូនខ្លួនឯង ស្រេចតែនឹងចិត្តទៅ។ (...) ច្របាច់ករកូនឯង ព្រោះតែចង់ផ្គាប់ចិត្តអ្នកដទៃ។»
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកឡុង ឌី ម៉ង់ បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក្នុងថ្ងៃទី១៧ ខែមេសានេះថា ការឡើងថ្លៃសំបុត្ររថយន្តក្រុងនេះ មិនស្ថិតក្រោមការគ្រប់គ្រង របស់សាលារាជធានីភ្នំពេញទេ ជាបញ្ហារបស់រាជរដ្ឋាភិបាល ឬក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ដោយលោកបានបញ្ជាក់ដូច្នេះថា៖ «ក្នុងសេដ្ឋកិច្ចទីផ្សារសេរី ការប្រគួតប្រជែងទីផ្សារសេរី ខ្ញុំគិតថារដ្ឋប្រហែលជាគ្មានលទ្ធភាព ទៅអន្តរាគមន៍ នៅក្នុងការប្រកបអាជីវកម្មរបស់គេទេ។»
ក្រុមហ៊ុនសូរិយា មានតំលៃសំបុត្រ៣១០០០រៀល ខណៈដែលក្រុមហ៊ុនកាពីតូល មានតំលៃសំបុត្រ៣០០០០រៀល។ នេះបើគេធ្វើដំណើរចេញពីក្រុងសួង ឆ្ពោះមករាជធានីភ្នំពេញ នៅក្រោយរដូវចូលឆ្នាំខ្មែរឆ្នាំ២០១៤នេះ។ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានសាកសួរអ្នកប្រចាំការលក់សំបុត្រ នូវបញ្ហាសំបុត្ររថយន្តក្រុងឡើងថ្លៃ នៃក្រុមហ៊ុនឡានក្រុងធំៗពីរនៅផ្សារសួង នៅថ្ងៃនេះ តែត្រូវបានបដិសេធមិនធ្វើការបកស្រាយអ្វីឡើយ។
តែសម្រាប់ក្រុមហ៊ុនមួយទៀត ដែលមិនសូវមានឈ្មោះល្បីនឹងគេ បានធ្វើការរៀបរាប់ដោយមិនបង្ហាញមុខថា ក្រុមហ៊ុនរបស់លោក មិនចង់ឡើងថ្លៃសំបុត្រទេ ព្រោះខ្លាចអតិថិជនថ្នក់ចិត្ត និងអស់ជំនឿជឿជាក់ អាចនិងឈប់ជិះរថយន្តរបស់លោក ដែលជាបញ្ហាប្រឈមក្នុងមុខរបរ។ លោកបានធ្វើការពន្យល់ដូច្នេះថា៖ «បើយើងមិនឡើងថ្លៃតាម យើងមិនអាចឈរជើងនៅទីនេះបានទេ។ (...) វាហាក់ដូចជាគំនាបមួយ ដែលគាបយើងដោយប្រយោល។ ការរកស៊ីប្រគួតប្រជែងនៅស្រុកខ្មែរ យើងត្រូវតែមើលមុខមើលក្រោយ។ (...) ចូលស្ទឹងតាមបទ ចូលស្រុកតាមប្រទេស។»
ដូចគ្នានឹងការបកស្រាយរបស់អ្នកនាំពាក្យ សាលារាជធានីភ្មំពេញខាងលើដែរ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានលើកឡើងថា ជាសេដ្ឋកិច្ចទីផ្សារសេរី រដ្ឋាភិបាលគ្មានតួនាទី និងភារកិច្ចក្នុងការគ្រប់គ្រងលើបញ្ហា នៃការឡើងថ្លៃសំបុត្រឡាន ឬអ្នក«អាជីវកម្ម»។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «មកដល់ពេលនេះ យើងមិនទាន់មានគោលការណ៍ ឬច្បាប់ណាដែលគ្របគ្រងតម្លៃនៃអ្នកធ្វើអាជីវកម្មទេ។ យើងទុកឲ្យមានការប្រកួតប្រជែងជាសាធារណៈ៕»
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៧ មេសា ២០១៤