ម៉ៅ មុនីវណ្ណ ថាអ្នកដឹកនាំកម្ពុជាបច្ចុប្បន្ន ជាប់ពាក់ព័ន្ធខ្មែរក្រហម
គណបក្សសង្រ្គោះជាតិ បានប្រារព្ធពិធី រម្លឹកខួបថ្ងៃទី១៧ មេសា តាមការគ្រោងទុក ហើយបានលើកឡើងថា អ្នកគ្រប់គ្រងប្រទេសកម្ពុជាបច្ចុប្បន្ន គ្មានឆន្ទៈពិតប្រាកដក្នុងការកាត់ក្តីមេដឹកនាំខ្មែរក្រហម ខណៈពួកគេក៏មានជាប់ពាក់ព័ន្ធនឹងរបបខ្មែរក្រហមដែរ។
ពិធី រម្លឹកខួបថ្ងៃទី១៧ មេសា របស់គណបក្សសង្គ្រោះជាតិ នៅបឹងជើងឯក។ (រូបថតហ្វេសប៊ុក)
នយោបាយ - មានការចូលរួមពីព្រះសង្ឃ ក្រុមគ្រួសារជនរងគ្រោះ សកម្មជននយោបាយគាំទ្រ ប្រមាណជាជិតមួយពាន់នាក់ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ នេះគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ បានដឹកនាំពីធីបែបសាសនា ដើម្បីឧទ្ធិសកុសលផលបុណ្យដល់ក្រុមគ្រោះសារជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ក្រោយការដួលរលំរបបសាធារណៈរដ្ឋខ្មែរ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ តែពិធីនេះ មិនមានវត្តមានចូលរួមដោយផ្ទាល់ ពីប្រធានគណបក្សលោកសម រង្ស៊ី និងអនុប្រធានគណបក្សលោកកឹម សុខា នោះទេ។
ក្នុងពេលដែលលោកសម រង្ស៊ី និងលោកកឹម សុខា ដែលជាថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ អវត្តមាននោះ លោក ម៉ៅ មុនីវណ្ណ ប្រធានស្តីទីគណៈកម្មការប្រតិបត្តិ របស់គណបក្សសង្គ្រោះជាតិបានថ្លែងក្នុងកម្មវិធី នៅសារៈមន្ទីរជើងឯក ជាយរាជធានីភ្នំពេញថា ដើម្បីស្វែងរកយុត្តិធម៌ពិតប្រាកដជូនដល់ជនរងគ្រោះ សាលាក្តីកូនកាត់ ដែលត្រូវបានបង្កើតឡើងដោយភាគីកម្ពុជា និងអង្គការសហប្រជាជាតិ គម្បីជំនុំជម្រះពីសំណុំរឿង០០១ ដល់០០៤ឲ្យបានឆាប់។
ក្នុងឱកាសដដែលនោះ លោក ម៉ៅ មុនីវណ្ណ បានព្រលយពាក្យ តាមបែបសារនយោបាយថា គណបក្សប្រជាជនកម្ពុជា ដែលបានគ្រប់គ្រងប្រទេសកម្ពុជា តាំងពីក្រោយការដួលរលំរបបខ្មែរក្រហមឆ្នាំ១៩៧៩ និងការបង្កើតតំបន់ឥណ្ឌូចិន ត្រូវបានបង្កើតឡើង ក្រោមការជាផ្តួចផ្តើមគំនិត របស់អតីតមេដឹកនាំកំពូលរបស់វៀតណាម គឺលោក ហូ ជីមិញ។ មន្រ្តីជាន់ខ្ពស់របស់គណបក្សជំទាស់ដដែលនេះ បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំកម្ពុជានិងប្រទេសកម្ពុជាសព្វថ្ងៃ កំពុងស្ថិតនៅក្រោមឥទ្ធិពលរបស់ប្រទេសជិតខាងមួយនេះ។
ជុំវិញករណីនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនទាន់អាចសុំការអត្ថាធិប្បាយពីមន្រ្តីរដ្ឋាភិបាល និងមន្រ្តីរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីធ្វើការអត្ថាធិប្បាយបាននៅឡើយទេ។ តែកន្លងមក មន្រ្តីរដ្ឋាភិបាលកម្ពុជា ជាពិសេសលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានបង្ហាញចេតនាបញ្ចប់សាលាក្តីខ្មែរក្រហមឲ្យបានឆាប់។ ហើយលោកហ៊ុន សែន ក៏បានព្រមានថាកម្ពុជា នឹងមានការបែកបាក់ជាតិជាថ្មី ឬសង្រ្គាមស៊ីវិល បើសាលាក្តីខ្មែរក្រហម បន្តបើកសំណុំរឿងថ្មី។
ថ្ងៃ១៧មេសា ឆ្នាំ១៩៧៥ ជាថ្ងៃដែលក្រុមខ្មែរក្រហម ឡើងកាន់អំណាច ហើយ រហូតដល់ថ្ងៃទី៧មករា ឆ្នាំ១៩៧៩។ ហើយក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃនៃរបបខ្មែរក្រហម យ៉ាងហោចណាស់ ក៏មានពលរដ្ឋកម្ពុជាជិត ២លាននាក់ ត្រូវបានកាប់សម្លាប់យ៉ាងព្រៃផ្សៃ និងដោយអត់ឃ្លា បាក់កម្លាំង យ៉ាងអយុត្តិធម៌ជាទីបំផុត៕
-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៧ មេសា ២០១៤