«មាសស្រួយ» ពេញនិយមសម្រាប់ពលរដ្ឋមួយចំនួន នៅក្នងឃុំស្រឡប់
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: April 17, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«រ៉ែមាស» ជាមាសទឹកខ្ចី ដែលមិនអាចធ្វើការកែឆ្នៃ ជាគ្រឿងអលង្ការបាននៅឡើយនោះ ត្រូវបានឈ្មួញម្នាក់មកពីភាគខាងលិច នៃខេត្តត្បូងឃ្មុំយកមកលក់ នៅក្នុងទឹកដីផ្សារខ្នា ភូមិខ្នា ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាពេលកន្លងមក និងថ្មីៗនេះ ជាមួយនឹងការទិញយកទៅប្រើប្រាស់ តាមជំនឿសាសនារៀងៗខ្លួន នៃពលរដ្ឋមួយចំនួនប្រចាំតំបន់នោះ។
«មាសស្រួយ» ដែលឡើងទៅជាមាសបន្ដិចម្ដងៗ។ (រូបថត MONOROOM.info/ O. Vary)
មាសស្រួយ - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ប្រជាពលរដ្ឋម្នាក់ដែលជាអាជីវករលក់សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់នានា លោក ស្រ៊ីម ចាន់ថន បានបញ្ជាក់ប្រាប់ថា ដុំថ្ម ជាច្រើនដុំ ដែលមានពណ៌ប្រាក់ៗពណ៌លឿងខ្ចី ត្រូវបានបុរសម្នាក់មកពីភាគខាងលិច នៃខេត្តរបស់លោក និយាយភាសាខ្មែរ បែបប៉ៃឡាំ លាយឡំជាមួយនឹងសំនៀងយួន ដែលធ្វើឲ្យលោកអាចសន្និដ្ឋានថា ពលរដ្ឋអ្នកលក់នេះជាជនជាតិយួន មិនមែនជាខ្មែរទេ។
លោកបានបន្ថែមថា ដុំថ្ម ដែលជាប្រភេទរ៉ែមាស និងជាមាសស្រួយនេះ មិនមែនលក់ក្នុងលក្ខណៈជាសាធារណៈ និងលក់ជាប្រចាំទេ គឺគាត់យកមកម្តងបន្តិចបន្តួចប៉ុណ្ណោះ (ប្រហែលបួនដប់គីឡូក្រាម) ហើយដើរសួរគេ បើអ្នកណាចង់ទិញគាត់ នឹងយកមកលក់ឲ្យ។ លោកបន្ថែមទៀតថា៖ «ខ្ញុំមិនដឹងថាគាត់មកពីខាងណាទេ។ ហើយក៏មិនដឹងគាត់យកមកពីកន្លែងណាដែរ តែឃើញតែគាត់មកពីទិសខាងលិច មិនដឹងពីក្រចេះ ឬពីយួនទេ។ តែគាត់មើលទៅជាជនជាតិយួន។ (...) ខ្ញុំឃើញវាស្អាត ចេះតែទិញវាទុកទៅ យកមកដាក់ក្នុងផ្ទះឲ្យត្រជាក់ត្រជុំ។ (...) អាមួយដុំកាលទិញក្នុងឆ្នាំ២០១១នោះ ឥឡូវ មានឡើងពណ៌លឿងពាសពេញ ហើយ មានមានលក្ខណៈជាដុំមាសសុទ្ធសាធ និងមានទំងន់កានតែធ្វង់ជាងមុនទៅទៀត។ មុនទំនង់វាជាងមួយគីឡូបន្តិចទេ តែឥឡូវវាជិតពីរគីឡូទៅហើយ។»
លោកបានបញ្ជាក់បន្ថែមថា នេះជាប្រភេទមាសស្រួយ ដែលមានលោហធាតុពណ៌លឿង គេហៅថាជា«មាសទឹកខ្ចី» ឬជាថ្មដុះម្យ៉ាង កន្លែងខ្លះថ្លាដូចកញ្ចក់ ដេញពន្លឺថ្ងៃព្រៀកៗ ដូចជាគ្រាប់ពេជ្រពេលត្រូវនឹងពន្លឺ។ នេះហើយជាមូលហេតុ ធ្វើឲ្យលោកមានចំណាប់អារម្មណ៍ ទិញដាក់មួយនៅនឹងកុងម៉ា ទុកជាវត្ថុនាំនូវសេចក្តីសុខសប្បាយ និងត្រជាក់ត្រជុំ។ «ខ្ញុំមានជំនឿថា (វា)នាំមកនូវសេចក្តីសុខសប្បាយ ត្រជាក់ត្រជុំដល់គ្រួសារ។ (...) កាលខ្ញុំសង់ផ្ទះថ្មីៗ ខ្ញុំក៏បានប្រើប្រាស់វា ដាក់តាមរណ្តៅនៃសសរគ្រិះផ្ទះរបស់ខ្ញុំដែរ។»
ប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ ជា ស៊ឹមស្រេង ដែលបានទិញនូវរ៉ែមាសនេះដែរ បានលើកឡើងថា មិនមានតែលោកទេ ដែលបានទិញវានោះ នៅមានប្រជាពលរដ្ឋជាច្រើនទៀតនៃផ្សារខ្នានេះ បានទិញ និងយកទៅប្រើប្រាស់ទៅតាមជំនឿរៀងៗខ្លួន។ លោកថា សម្រាប់លោកយកមកប្រើប្រាស់ ដាក់នឹងព្រះភូមិ ឬជំនាងផ្ទះ ទុកជាជំនឿក្នុងការរកស៊ី និងនាំមកនូវសេចក្តីសុខសប្បាយ។ បើកាលណាវាមានការប្រែពណ៌ ពីប្រភេទថ្ម ទៅជាពណ៌លឿងច្រើន នោះមានន័យថា រ៉ែមាសនេះកំពុង«ដុះ» និងនាំមកនូវការរកស៊ីប្រកបដោយជោគជ័យ និងសប្បូរសប្បាយ។
លោក ស្រេង បានបន្តថា អ្នកខ្លះក៏បានយកប្រភេទមាសស្រួយទាំងនោះ ទៅឲ្យព្រះសង្ឃ ចារ្យ និងយកមកដាក់ក្នុងអាងទឹក ដែលកំពុងប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីសុំសេចក្តីសុខ និងភាពត្រជាក់ត្រជុំ។ លោកក៏បានបង្ហាញពីតម្លៃសម្រាប់មាសស្រួយនេះថា វាមិនជាថ្លៃប៉ុន្មានទេ។ មាសស្រួយនេះ(វា)មានលក្ខណៈជាដុំ ជាថ្មភ្នំ ចាប់ពីប៉ុនភ្លៅ រហូតមកប៉ុនមេដៃ។ តម្លៃរបស់វា គឺក្នុងមួយគីឡូក្រាម ២ម៉ឺនរៀលសម្រាប់ដុំធំៗ និងមួយគីឡូក្រាម ៥រយរៀល សម្រាប់ដុំតូចៗប៉ុនមេដៃ។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ពីមន្រ្តីអាជ្ញាធរបានទេ ទាក់ទងនឹងការលក់ដូររ៉ែមាស ឬមាសស្រួយនេះ។ តែតាមការបញ្ជាក់ពីប្រជាពលរដ្ឋ ដែលបានទិញនោះបានបញ្ជាក់ថា អាជ្ញាធរប្រហែលជាមិនបានដឹងទេ ព្រោះថាការលក់នោះ មិនមិនមានជាសាធារណៈទេ។ ព្រោះអ្នកលក់នោះមកសួរអ្នកនៅក្នុងផ្សារ បើអ្នកណាទិញក៏លក់ឲ្យ អ្នកណាមិនទិញគាត់ក៏ត្រឡប់ទៅវិញ ទំនងជាយកទៅលក់នៅកន្លែងផ្សេងទៀត។
មកទល់នឹងពេលនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅមិនទាន់ស្វែងរកអ្នកលក់នោះ ដើម្បីសុំបញ្ជាក់ពីប្រភពកំណើតនៃរ៉ែមាសនេះ បាននៅឡើយ។ តើប្រភពពិតនៃរ៉ែមាស ឬមាសស្រួយនោះ ថាតើវាមានប្រភពប្រាកដ ពីក្នុងទឹកដីកម្ពុជា ឬពីប្រទេសវៀតណាម។
ទោះយ៉ាងណាក៏ដោយ ក៏មានពលរដ្ឋមួយចំនួន បានបង្ហាញនូវការសោកស្តាយថា ប្រសិនបើរ៉ែមាសទាំងនេះ ត្រូវបានកំទេចចេញពីភ្នំណាមួយ នៃប្រទេសកម្ពុជានោះ ពិតជាសោកនាដកម្មមួយ នៃរតនសម្បត្តិរបស់ខ្មែរ ដែលអាជ្ញាធរមូលដ្ឋាន ឬតំបន់នោះមិនបានការពារ តែបែរជាបណ្តែតបណ្តោយឲ្យជនបរទេស មកកម្ទេចកាយយកតាមតែអំពើចិត្ត៕
«មាសស្រួយ» នៅលើរានព្រះភូមិ។ (រូបថត MONOROOM.info/ O. Vary)
«មាសស្រួយ» ដែលនៅជាដុំថ្ម មិនទាន់ក្លាយទៅជាមាស។ (រូបថត MONOROOM.info/ O. Vary)
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៥ មេសា ២០១៤