សួន សេរីរដ្ឋា ហៅកសិករឲ្យ«ក្រោក» ខណៈ​រដ្ឋាភិបាល​ព្រមាន​ចាត់ការ​​អ្នក​ញុះញង់

បន្ទាប់ពីមានហេតុការណ៍​​បិត​ផ្លូវ​ជាតិ​លេខ៥ ពីសំណាក់ពលរដ្ឋអ្នកម្ចាស់ស្រូវ កាលពីព្រឹក​ថ្ងៃ​ទី១៨ ខែ​កញ្ញា​ម្សិល​ម៉ិញ ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​ប្រកាស​ឲ្យ​ប្រជា​កសិករ ក្រោក​ឡើង​ដើម្បី​យក​ព្រឹត្តិការណ៍​នេះ ធ្វើការ​តវ៉ា​ពី​ការ​ចុះ​តម្លៃ​ស្រូវ។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​វិញ បាន​ថ្លែង​ព្រមាន ថា​នឹង​ចាត់​វិធានការ ទៅ​លើ​អ្នក​​ដែល​​យក​​​បញ្ហា​​តម្លៃ​ស្រូវ​​មក​ញុះញង់ ដើម្បី​បង្ករ​ភាព​ចលាចល ប្រឆាំង​​នឹង​​សណ្តាប់​ធ្នាប់​​សង្គម។
សួន សេរីរដ្ឋា ហៅកសិករឲ្យ«ក្រោក» ខណៈ​រដ្ឋាភិបាល​ព្រមាន​ចាត់ការ​​អ្នក​ញុះញង់
លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ។ (រូបថត MONOROOM.info/ S. Tith)
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី១៩ កញ្ញា ២០១៦
  • កែប្រែចុងក្រោយ: September 19, 2016
  • ប្រធានបទ: នយោបាយ-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បានយកព្រឹត្តិការណ៍នៃការបិតផ្លូវជាតិលេខ៥ របស់ពលរដ្ឋ កាលពីព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០១៦ម្សិលម៉ិញ មកធ្វើអត្ថាធិប្បាយ និងអំពាវនាវឲ្យពលរដ្ឋ ធ្វើការ​ក្រោក​ឡើង ដើម្បីតវ៉ាពីការធ្លាក់តម្លៃស្រូវ ដ៏គំហុកនេះ។ ការអំពាវនាវរបស់លោក បានធ្វើឡើង នៅមុន​មន្ត្រី​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ចេញមុខមកព្រមាន ដល់នរណាក៏ដោយ ដែលយកហេតុការណ៍បិតផ្លូវនេះ ធ្វើការ​ញុះ​ញង់ បង្កចល្លាចល និងអសន្តិសុខសង្គម។

លោក សេរីរដ្ឋា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «យើងជាកសិករ ត្រូវការតែម្យ៉ាងគាត់ គឺ​ការ​ធានានូវតំលៃកសិកផល ដែលពួកយើងផលិតបាន (ស្រូវ ដំឡូង ល្ពៅ និងផលដំណាំគ្រប់ប្រភេទ)។ បើ​រដ្ឋាភិបាល​នេះ អសមត្ថភាព គ្មានលទ្ធភាពដោះស្រាយរកទីផ្សាឲ្យ បងប្អូនទេ សូម​បងប្អូន​ប្រជា​កសិករ​ក្រោក​ឡើង​តវ៉ា ទាមទារឲ្យរដ្ឋាភិបាលនេះ ទទួលខុសត្រូវ ឲ្យខាងតែបានដាច់ខាត!»។

លោក សួន សេរីរដ្ឋា បានថ្លែងអំពាវនាវ ឲ្យពលរដ្ឋ​ក្រោក​ឡើង​តវ៉ា ដូច្នេះថា៖ «សូមប្រជាកសិករ ខេត្តភាគ​ខាង​លិច រួមគ្នាប្រើយុទ្ធនាការបិទផ្លូវជាតិលេខ ៥ ទាមទារតំលៃថ្លៃស្រូវទាំងអស់គ្នា! ទាមទារតម្លៃស្រូវ ឲ្យបាន​ចន្លោះ​ពី ១តោន ៣០០ដុល្លា ទៅ ៤០០ដុល្លា ទើបអាចទទួលយកបាន»។

ប៉ុន្តែសេចក្ដីអំពាវនាវ​របស់​លោក ទំនងជាបង្កក្ដីបារម្ភ ទៅដល់រដ្ឋាភិបាលដែលដឹកនាំ ដោយលោក ហ៊ុន សែន។ អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានសរសេរប្រកាស នៅលើបណ្ដាញសង្គម ដោយ​មិន​ចំ​ឈ្មោះ ព្រមានទៅ​ «ជន ឬក្រុមទុច្ចរិត​ទាំងឡាយណា ដែលយករបៀបវារៈតម្លៃស្រូវនេះ ជាមធ្យោបាយគៀង​គរ ដើម្បីបង្ករភាពចលាចល ប្រឆាំងនឹងសណ្តាប់ធ្នាប់សង្គម និងត្រូវតែទទួលខុសត្រូវ ចំពោះមុខច្បាប់»។ មន្ត្រី​អ្នក​នាំ​ពាក្យ បានបន្តទៀតថា៖ «រដ្ឋាភិបាល​នឹងចាត់វិធានការ​ដ៏ម៉ឺងម៉ាត់ ចំពោះភាពញុះញ៉ុងនេះ»។

កាលពីព្រឺក​ថ្ងៃអាទិត្យ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅ​វេលា​ម៉ោង​១០​ និង​៤៥​នាទី ពលរដ្ឋជាច្រើននាក់ បាន​នាំគ្នាបើក​គោ​យន្ត​​ដឹកស្រូវ យកមកចាក់ចោល នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ មុខ​សាលាឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង ​តវ៉ារឿងតម្លៃស្រូវធ្លាក់ថ្លៃ ដើម្បីជាប្រតិកម្ម ទៅនឹងការមិនអនុវត្តន៍ តាម​ចំណាត់​ការ​របស់​រដ្ឋាភិបាល ដែលអះអាងកាលពីមួយថ្ងៃមុន ថានឹង​ទម្លាក់​ថវិកាជាតិ​ប្រមាណជាង ​២០​លាន​ដុល្លា​អាមេរិក ​ដើម្បី​ទិញ​​ស្រូវ​​អង្ករ​​ពី​ប្រជា​​កសិករ ក្នុង១តោន តម្លៃលើសពី ៩៤ម៉ឺនរៀល។ ចំណាត់ការនោះ របស់រដ្ឋាភិបាល ត្រូវ​បាន​អះអាង​ថា បានធ្វើឡើង ​​ដើម្បី​ទប់ស្កាត់​​ការ​ធ្លាក់​ចុះ ​នៃ​តម្លៃ​ស្រូវ​អង្ករ។

ករណីនេះ ក៏ត្រូវបានលោក ផៃ ស៊ីផាន សរសេរទទួលស្គាល់ដែរ។ លោក សរសេរទៀតថា៖ «ព្រឹតិ្តការណ៍នេះ បានស្តែងនូវរលក នៃប្រតិកម្ម ដែលមិនឆ្លើយតប និងអ្វីដែលជាចំណុច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ដូចជា ក្រសួង ពាក់ព័ន្ធ បានប្រកាស កាលពីថ្ងៃសុក្រ ដែលនឹងទម្លាក់លុយជួយទិញយកស្រូវពី កសិករ​ផ្ទាល់។ ចំណាត់ការ កាលពីចុងសប្តាហ៍នេះ របស់សម្តេចនាយករដ្ឋមន្រ្តី ដែលលោកបានថ្លែង​ប្រកាស​ជា​សាធារណៈ កាលពីថ្ងៃសុក្រ​រួចស្រេច​មកហើយ នូវកិច្ចអន្តរាគមន៍ ជាបន្ទាន់ ចំពោះ​តម្លៃ​ស្រូវនេះ។»។

យ៉ាងណាក៏ដោយ ក៏ហេតុការណ៍បិតផ្លូវនេះ បានស្ងប់ស្ងាត់ទៅវិញហើយ បន្ទាប់ពីមានការចុះអន្តរគមន៍ ពី​សំណាក់​លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង។ ប៉ុន្តែសម្រាប់លោក សួន សេរីរដ្ឋា នៅតែអះអាងទៀតថា៖ «តំលៃស្រូវ ត្រូវឈ្មួញ (ថៅកែយួន) វាយទម្លាក់រហូតដល់ ១ តោន ថ្លៃត្រឹម តែ ១៧០ដុល្លាអាមេរិក ក្នុងពេល​ដែល​អង្ករ​នៅ​ភ្នំពេញ មានតំលៃថ្លៃ រហូតដល់ចន្លោះ ៥០០​ដុល្លា ទៅ ៨៥០ដុល្លា ក្នុង ១ តោន! វា​អយុត្តិធម៌​ណាស់ សម្រាប់​ពួក​យើងជា កសិករ ដែលធ្វើស្រែហត់​ពេញ​មួយ​រដូវ ចំណាយទុនសន្ធឹក លក់បានតែតែ ១ តោន ១៧០ដុល្លា ទៅ ២០០ដុល្លា តែពួកឈ្មួញយួន និងបក្ខពួក គ្រាន់​តែ​ចំណាយ​ពេល ទិញ កិនចេញជាអង្ករ​ច្រក​ការ៉ុង យកមកដល់​ផ្សារ​លក់​ថ្លៃ​រហូតដល់ ៥០០ដុល្លា ទៅ ៨៥០ដុល្លា ក្នុង ១ តោន។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...