សម រង្ស៊ី ប្រដូច ហ៊ុន សែន ទៅនឹង គីម ជុងអ៊ុន
- ដោយ: ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី៣០ មីនា ២០១៨
- កែប្រែចុងក្រោយ: March 30, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សម្រាប់លោក សម រង្ស៊ី ដែលជាមេដឹកនាំប្រឆាំង ដ៏សំខាន់របស់ប្រទេសកម្ពុជា បានមើលឃើញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកអគ្គមគុទេសន៍ គីម ជុងអ៊ុន មិនមានអ្វីខុសគ្នាទេ បើនិយាយពីការដឹកនាំ របស់លោកទាំងពីរ។
ប្រើវោហាស័ព្ទ នៅលើបណ្ដាញសង្គម ដោយអមនឹងរូបថត របស់មេដឹកនាំទាំងពីរផង លោក សម រង្ស៊ី បានសរសេរថា៖ «ជនផ្តាច់ការ ដែលរំពឹងលើអំណាច តពូជ ទាំងពីរនាក់នេះ មានចរិកដូចគ្នា ហើយក៏ប្រើភាសាដូចគ្នាដែរ»។
អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិ បានពន្យល់បន្តថា៖ «គេអះអាងថា គេហ៊ានធ្វើអ្វីៗទាំងអស់ ដើម្បីសន្តិភាព និងស្ថិរភាព។ តែសម្រាប់ពួកគេ សន្តិភាព គឺជាសន្តិភាពផ្នូរខ្មោច (ស្ងាត់ជ្រាប) ហើយស្ថិរភាព គឺជាស្ថិរភាព នៃជីវិតប្រជាពលរដ្ឋរបស់គេ ដែលរស់ក្នុងឋានៈជាទាសករ (ស្ងាត់ជ្រាបដែរ)។»។
កាលពីដើមខែកន្លងទៅ មេដឹកនាំអង្គការអន្តរជាតិមួយ នៅក្នុងប្រទេសអ៊ីតាលី ក៏បានប្រៀបធៀបលោក ហ៊ុន សែន ទៅនឹងលោក គីម ជុងអ៊ុន ដែរ ដោយហេតុនៅពេលនោះ លោក ហ៊ុន សែន បានថ្លែងគម្រាមបាញ់កាំជ្រួចហ្វូង «BM21» ដើម្បីកំទេចចលនាសង្គ្រោះជាតិ របស់លោក សម រង្ស៊ី ប្រសិនជាចលនានេះ មានវត្តមានៅក្នុងប្រទេសកម្ពុជា។
ប្រាកដណាស់ហើយ ថាការវាយប្រហារ ដោយពាក្យសំដីខាងលើ មិនមែនជាកម្រងផ្កា សម្រាប់លោក ហ៊ុន សែន ទេ។ គេនឹងរង់ចាំមើល ពីប្រតិកម្មរបស់បុរសខ្លាំងកម្ពុជា ដែលទំនងជាកើតមានតបវិញ មិនជាយូរប៉ុន្មាន នាពេលខាងមុខ៕