អាល្លឺម៉ង់៖ គ្រូ​ពេទ្យ​ម្នាក់​បាន​សម្លាប់​អ្នក​ជំងឺ​ជាង​៣០​នាក់ ព្រោះ​«ធុញ​ទ្រាន់»

គ្រូពេទ្យមធ្យម ជាតិអាល្លឺម៉ង់ អាយុ៣៨ឆ្នាំ មួយរូប អាចរងនឹងការផ្ដន្ទាទោស «មួយជីវិត» ពីបទមានចេតនា ធ្វើឲ្យ​អ្នកជំងឺ​ស្លាប់ ដូច​ជា​ល្បែង​កំសាន្ត​របស់​ខ្លួន។ ប៉ុន្តែ ហេតុការណ៍ មានកម្រិតធ្ងន់ធ្ងរជាងនេះ ព្រោះបុរសនេះ បានសារភាពនៅក្នុងសវនាការថា ខ្លួន​បាន​សម្លាប់​អស់​ជាង ៣០នាក់។
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ប៉ារីស​ ថ្ងៃទី២៨ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: March 01, 2015
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជីវិតអ្នកជំងឺច្រើនសិបនាក់ ត្រូវបានគ្រូពេទ្យម្នាក់នេះ ចាត់ទុកដូចជាល្បែងកំសាន្ដ ដែលលេងរួច គ្រវាត់ចោលនៅពេល មានការធុញទ្រាន់។ ការផ្ដន្ទាទោស ជាប់ពន្ធនាគារអស់មួយជីវិត ត្រូវបានតំណាងអយ្យការ ទាមទារឲ្យតុលាការក្រុង អូដេនប៊ួរ (Oldenbourg ភាគខាងជើងអាល្លឺម៉ង់) សម្រេចដាក់ ទៅលើបុរសជាតិអាល្លឺម៉ង់ឈ្មោះ នៀល (Niels H.) កាល​ពីថ្ងៃព្រហស្បត្ត៍សប្ដាហ៍មុន។

តាមពិត អតីតគិលានុបដ្ឋាករូបនេះ ត្រូវបានផ្ដន្ទាទោសម្ដងហើយ នៅក្នុងសវនាការដំបូងមួយ កាលពីអំឡុងខែកញ្ញាកន្លង​ទៅ ក្នុងសំនុំរឿងពីបទសម្លាប់អ្នកជំងឺបី​នាក់ និងការប៉ុនប៉ងសម្លាប់ អ្នកជំងឺពីរនាក់ទៀត។ ប៉ុន្តែហេតុការណ៍ មិនមែន​បញ្ចប់​ត្រឹម​ប៉ុណ្ណឹងទេ ព្រោះជនជាប់ចោទ អាយុ៣៨ឆ្នាំ បានសម្លាប់អ្នកជំងឺ ដល់ទៅជាង៣០នាក់។

គ្រប់ករណីទាំងអស់ ត្រូវបានអតីតគ្រូពេទ្យ ប្រើប្រាស់វិធីសាស្ត្រដូចៗគ្នា៖ «ចាក់បញ្ចូលថ្នាំហួសកំណត់ ទៅឲ្យអ្នកជំងឺ ដែលបង្កឲ្យស្លាប់ ក្នុងពេលបន្ទាប់មក»។ អ្នកជំងឺ ដែលមុននឹងរងគ្រោះ ដោយល្បែងកំសាន្ដ របស់ជនជាប់ចោទ សុទ្ធសឹង​ជាអ្នកឈឺធ្ងន់ធ្ងរ តម្រូវឲ្យមានថែទាំក្នុងកម្រិតខ្ពស់។ នៅក្នុងចម្លើយលើកដំបូង ចំពោះមុខចៅក្រម កាលពីថ្ងៃព្រហស្បត្តិ៍ បុរសឈ្មោះ នៀល បានពន្យល់ថា៖ «ភាគច្រើននៃករណីទាំងនេះ ជាការសម្រេចចិត្ត ដែលបានកើតឡើងភ្លាមៗ និង​ដោយ​ឯកឯង»។

ហេតុការណ៍បានបែកធ្លាយនៅឆ្នាំ២០០៥ បន្ទាប់ពីមិត្តរួមអាជីពម្នាក់ បានដឹងដោយភ្ញាក់ផ្អើល ថាបុរសនេះបាន​ចាក់ថ្នាំ​ជ្រុល ទៅឲ្យអ្នកជំងឺបេះដូងមួយរូប។ បីឆ្នាំក្រោយមក គឺនៅឆ្នាំ២០០៨ បុរស នៀល ត្រូវបានកាត់​ទោសឲ្យជាពន្ធនាគារ​៨ឆ្នាំ​កន្លះ ពីបទប៉ុនប៉ងធ្វើមនុស្សឃាត និងបង្ខាំងមនុស្ស។ នៅក្នុងរយៈពេលជាប់ពន្ធនាគារនេះ អតីតគ្រូពេទ្យ បាន​ស្រែក​អួតអាងថា ខ្លួនបានសម្លាប់អ្នកជំងឺ អស់ជាង៥០នាក់ ដែលជំរុញឲ្យការិយល័យយុត្តិធម៌អាល្លឺម៉ង់ បើកការស៊ើបអង្កេត​ឡើង​វិញ។

សម្រាប់បុរសម្នាក់នេះ ទង្វើអមនុស្សធម៌នេះ គ្រាន់តែជាល្បែងមួយប៉ុណ្ណោះ។ ជននេះបានពន្យល់ថា ការដែលធ្វើឲ្យអ្នក​ជំងឺ​ជិត​ស្លាប់ ហើយបន្ទាប់មក ត្រូវបានខ្លួ​នសង្គ្រោះឲ្យរស់វិញ នឹងបង្ហាញថា ខ្លួនមានអំណាចដ៏ពិសេស និងអស្ចារ្យ។ ប៉ុន្តែ​នៅពេលដែល ល្បែងរបស់ជនជាប់ចោទ បានឈានទៅដល់ការស្លាប់ របស់អ្នកជំងឺម្ដងៗនោះ បុរសជាប់ចោទ បាន​បង្ហាញពីមូលហេតុដ៏សំខាន់មួយ៖ «ធុញទ្រាន់»។ បុរសនេះ បាននិយាយទៀតថា បន្ទាប់ពីមានស្លាប់ម្ដងៗ ខ្លួនបាន​«ស្បថ»​ខ្លួនឯងថា នឹងឈប់ធ្វើទៀត តែមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន ហើយនៅតែបន្តលេងល្បែងដដែលៗនេះ រហូតមក បើទោះជាដឹងខ្លួនថា វាជាកំហុស ដែលមិនអាចអត់អោនឲ្យក៏ដោយ។

នៅក្នុងសវនាការ បុរសបានសុំ«អភ័យទោស» ពីសំណាក់គ្រួសារ នៃជនរងគ្រោះ។ ប៉ុន្តែហេតុការណ៍ មិនបានបញ្ចប់នៅ​ត្រឹមណ្នឹងទេ។ គ្រូពេទ្យរោគចិត្ត ដែលបានពិគ្រោះជាមួយនឹងជនជាប់ចោទ បាននិយាយថា បុរសបានសារភាពទៀតថា ខ្លួនបានសម្លាប់អ្នកជំងឺជាង៣០នាក់ ហើយបានដឹកនាំឲ្យមានការចាក់ថ្នាំលើសកម្រិត ទៅឲ្យអ្នកជំងឺជាង៦០នាក់​ផ្សេង​ទៀត ដែលមានសំណាងល្អ នៅមានជីវិត។ ប៉ុន្តែករណីចុងក្រោយនេះ នឹងអាចឲ្យការិយាល័យយុត្តិធម៌អាល្លឺម៉ង់ បើក​សំនុំ​រឿងមួយផ្សេងទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...