ជនកូរ៉េពីរនាក់នេះ ត្រូវព្រះធរណីស្រូប? (vdo)
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី០១ មិនា ២០១៥
- កែប្រែចុងក្រោយ: March 01, 2015
- ប្រធានបទ: អស់ព្រលឹង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រូបភាព ដែលថតដោយកាម៉េរ៉ា សុវត្ថិភាពរបស់រថយន្ដក្រុងនេះ បានធ្វើឲ្យអ្នកផងនឹកឃើញ ដល់ភាពយន្ដតក់ស្លុតជាច្រើន របស់ផលិតកម្មហូលីវូដ។ ជាពិសេស អ្នកដំណើរទាំងពីរនាក់ ដែលបានស្ថិតក្នុងហេតុការណ៍នេះផ្ទាល់ តើពួកគេមានអារម្មណ៍ភ័យភិតយ៉ាងណា?
ដើរចេញពីរថយន្ដក្រុង ដូចគេឯងឯទៀត អ្នកដំណើរប្រុសស្រីទាំងពីរនាក់ បានផុងធ្លាក់ ទៅក្នុងរណ្ដៅលាក់មុខដ៏ធំមួយ ដែលពង្រីកខ្លួន នៅក្រោមចិញ្ចើមថ្នល់ កាលពីថ្ងៃទី២០ ខែកុម្ភៈកន្លងមក ក្នុងសង្កាត់ យ៉ុងសាន កណ្ដាលរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
សំណាងល្អ ដែលរណ្ដៅនោះ មានជម្រៅត្រឹមតែជាង៣ម៉ែត្រ ហើយមិនបានបង្ករបួសធ្ងន់ធ្ងរ ដោយអ្នកដំណើរទាំងពីរ ដែលបានធ្លាក់ចូលទៅក្នុងនោះទេ។ បន្ទាប់ពីត្រូវបានក្រុមអ្នកសង្គ្រោះ ប្រើរថយន្ដស្ទូចលើកឡើងមកលើវិញ អ្នកទាំងពីរត្រូវបានបញ្ជូន ទៅព្យាបាលរបួស នៅមន្ទីរពេទ្យជិតនោះជាបន្ទាន់។
ការស៊ើបអង្កេតមួយ បានបើកធ្វើទៅលើករណីនេះ ដោយអាជ្ញាធរកូរ៉េខាងត្បូង ដើម្បីឲ្យដឹងពីមូលហេតុ ដែលធ្វើឲ្យមានប្រហោងដី នៅទីនោះ។ ក្នុងសេចក្ដីសន្និដ្ឋានដំបូងមួយ បានឲ្យដឹងថា ដោយសារសំណង់អាគារធំៗ ដល់ទៅពីរ នៅក្បែរនោះ បានជំរុញឲ្យដីដែលរងភាពរញ្ជួយ ហើយហូរទៅកន្លែង ដែលការដ្ឋានសាងសង់អាគារ បានជីកទៅខាងក្រោម ដើម្បីសង់ជាជាន់ផ្ទាល់ដី។
សូមទស្សនាវីដេអូខាងក្រោមនេះ បន្ថែមទៀត ដើម្បីដឹងពីមូលហេតុ៖