«រវាងឋាននរក និងឋានសួគ៌» សំណើចខ្លីៗ
- ដោយ: ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី០១ មិនា ២០១៥
- កែប្រែចុងក្រោយ: March 01, 2015
- ប្រធានបទ: រឿងខ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្លើបីនាក់ មកពីបីសាសន៍ អាមេរិកាំង ចិន និងខ្មែរ បានស្លាប់ទៅហើយ តែបានទៅជួបគ្នា នៅក្នុងឋាននរក។ នៅចំពោះស្ដេចយមបាល អ្នកទាំងបីបានធ្វើការតវ៉ា ថាពួកគេមិនដែលធ្វើអំពើអាក្រក់ ហើយថាការស្លាប់របស់ពួកគេ មានភាពអយុត្តិធម៌ណាស់។
យមរាជស្ដាប់ហើយ ក៏សម្រេចក្ដី៖
- អញដឹងថា ការស្លាប់របស់ពួកឯងទាំងបីនាក់ វាអយុត្តិធម៌ហើយ។ តែមនុស្សស្លាប់ មកដល់ឋាននរកហើយ ត្រឡប់ទៅឋានមនុស្សវិញ មិនបានទេ។ ប៉ុន្តែអញអាចបញ្ជូនពួកឯង ទៅឋានសួគ៌បាន។ ប៉ុន្តែ មានល័ក្ខខ័ណ្ឌ៖ លុះត្រាពួកឯង អាចទ្រាំទ្រនឹងខ្សែរតីរបស់អញ ឲ្យបានក្នុងម្នាក់ បីខ្សែតីសិន។ តែបើឲ្យពួកឯងទទួលខ្សែតីអញសុទ្ធដូច្នេះ ពួកឯងច្បាស់ជាស្រែកថា អយុត្តិធម៌ទៀតហើយ អញ្ចឹងអញអនុញ្ញាតឲ្យពួកឯង ជ្រើសរើសរបស់មួយនៅទីនេះ ដើម្បីការពារខ្លួន។
លឺដូច្នោះ ក្លើទាំងបីអរណាស់ ហើយព្រមទទួលល័ក្ខខ័ណ្ឌ របស់ស្ដេចយមបាល។ អ្នកចាប់ផ្ដើមមុនគេ គឺជនជាតិអាមេរិកាំង។ ក្រោយពីសម្លឹងមើល របស់នៅជុំវិញខ្លួន មិនមានអ្វីរឹងជាថ្មនោះ ជនជាតិអាមេរិកាំង បានជ្រើសរើសយកថ្ម ក្នុងថាននរក មកធ្វើជារបាំងការពារខ្លួន។
ខ្សែតីវាត់មួយឆ្វាច់ ថ្មប្រេះ... ខ្សែតីវាត់លើកទីពីរ ថ្មបែកខ្ចាត់ខ្ចាយ... ខ្សែតីលើកទីបី ជនជាតិអាមេរិកាំង ដួលខ្ពោកទៅនឹងដី។ ដូច្នេះ ជនជាតិអាមេរិកាំង ត្រូវជាប់នៅឋាននរកនេះ អស់កាលរហូតទៅ។
អ្នកទីពីរ គឺជនជាតិចិន។ ជឿជាក់លើក្បាច់គុន ដែលខ្លួនបានហាត់ អស់រយៈពេលជាង៥០ឆ្នាំ ជនជាតិចិនបានជ្រើសរើសយក ក្បាច់គុនឆ្អឹងដែកស្បែកស្ពាន់ មកការពារខ្លួន។
ខ្សែតីវាត់មួយឆ្វាច់ ជនជាតិចិនធ្វើដូចធម្មតា... ខ្សែតីវាត់លើកទីពីរ ជនជាតិចិនមិនខ្ចីខ្វល់... ខ្សែតីលើកទីបី ជនជាតិចិន សើចឡើងយ៉ាងក្អាកក្អាយ។ ដូច្នេះ ជនជាតិចិន ត្រូវបានបញ្ជូនឲ្យទៅនៅឋានសួគ៌ អស់កាលរហូតទៅ។ តែជនជាតិចិន មិនទាន់ទៅភ្លាមទេ នៅចាំមើលវាសនា របស់ជនជាតិខ្មែរសិន។
អ្នកទីបី ដែលជាអ្នកចុងក្រោយ គឺជនជាតិខ្មែរ។ មិនដឹងថា ត្រូវរើសយកអ្វីមកការពារខ្លួនទេ... អេះអុញៗមួយសន្ទុះ ជនជាតិខ្មែរប្រាប់ទៅយមរាជថា៖
- ខ្ញុំជ្រើសរើសយក ជនជាតិចិន មកការពារខ្លួន!!!