អាយ៉ៃ​ឆ្លង​ឆ្លើយ​ព្រហ្មម៉ាញ របស់​ហង្សមាស រង​ការ​បរិហា​ថា​«រើសអើង»

ជនពិការកម្ពុជា អំពាវនាវសុំឲ្យបញ្ឈប់ការចាក់ផ្សាយឈុតអាយ៉ៃមួយក្នុងទូរទស្សន៍ ហង្សមាស និយាយត្រាប់​តាម​អ្នកនិយាយមិនច្បាស់ ដែលបង្ហាញនូវការរើសអើងរបស់ជនពិការ និងប៉ះពាល់ដល់អារម្មណ៍ពួកគាត់។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: March 21, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជនពិការកម្ពុជា អំពាវនាវសុំឲ្យបញ្ឈប់ការចាក់ផ្សាយឈុតអាយ៉ៃមួយក្នុងទូរទស្សន៍ ហង្សមាស និយាយត្រាប់​តាម​អ្នកនិយាយមិនច្បាស់ ដែលបង្ហាញនូវការរើសអើងរបស់ជនពិការ និងប៉ះពាល់ដល់អារម្មណ៍ពួកគាត់។


លោក ព្រហ្ម ម៉ាញ ក្នុងឈុតអាយ៉ៃឆ្លងឆ្លើយមួយ។ (រូបថតផ្ដិតពីវីដេអូ)

រើសអើង - អង្គការជនពិការកម្ពុជា (អពក) ក្នុងសេចក្តីប្រកាសរបស់ខ្លួនកាលពីថ្ងៃទី២០ មីនា បានសម្តែងនូវការ​មិនសប្បាយចិត្ត ចំពោះការសម្តែងអាយ៉ៃឆ្លើយឆ្លងរបស់លោក ព្រហ្ម ម៉ាញ ក្នុងឈុតមួយចាក់ផ្សាយ ជាស្ពត​ពាណិជ្ជកម្មរបស់ផលិតកម្មហង្សមាស លើកញ្ចក់ទូរទស្សន៍ហង្សមាស ដែលនិយាយយកត្រាប់តាមអ្នក​និយាយ​មិន​ច្បាស់។ អង្គការនេះ បានស្នើឲ្យទូរទស្សន៍ដកឈុតនេះចេញវិញ និង ស្នើមិនឲ្យប្រព័ន្ធផ្សព្វផ្សាយនានា ចាក់ផ្សាយ​នូវ​សកម្មភាពអ្វីដែលប៉ះពាល់ដល់អារម្មណ៍ជនពិការ។

«រាល់ការយកជនពិការមកលេងសើច គឺប្រឆាំងទៅនឹងអនុសញ្ញាស្តីពីសិទ្ធិជនពិការ ដែលបានផ្តល់សច្ចាប័ន​កាល​ពីខែធ្នូ ឆ្នាំ២០១២ និងច្បាប់ស្តីពីកិច្ចការពារជនពិការ និងលើកកម្ពស់សិទ្ធិជនពិការ ដែលអនុម័តឲ្យប្រើក្នុងខែកក្កដា ឆ្នាំ២០០៩។» នេះបើតាមប្រកាស របស់អង្គការជនពិការកម្ពុជា។

ឈុតអាយ៉ៃរបស់លោក ព្រហ្ម ម៉ាញ ដែលសម្តែងឲ្យផលិតកម្មហង្សមាស សម្រាប់ធ្វើជាវីស៊ីឌីដាក់លក់ ត្រូវបាន​ទូរទស្សន៍ហង្សមាសចាក់ផ្សាយរាល់ថ្ងៃ ដោយបានកាត់យកឈុតមួយត្ រង់លោកព្រហ្ម ម៉ាញ និយាយរឿងទិញទូរស័ព្ទថ្មី ហើយទូរស័ព្ទទៅមិត្តម្នាក់ទៀត សួរថាស្តាប់ច្បាស់ឬអត់ តែម្នាក់ទៀតឆ្លើយថា មិនច្បាស់ឡើយ។

លោក ងិន សៅរ័ត្ន ប្រធានអង្គការជនពិការកម្ពុជា ថ្លែងថា ក្រៅពីអំពាវនាវជាសាធារណៈ អង្គការក៏បានផ្ញើលិខិត​ដាច់​ដោយឡែកទៅកាន់ស្ថានីយ៍ទូរទស្សន៍ហង្សមាស កាលពីថ្ងៃទី១៩ មីនា ដើម្បីឲ្យបញ្ឈប់ការចាក់ផ្សាយ​ឈុតសម្តែង​មួយនេះ។

លោកថា៖ «មិនទាន់មានការឆ្លើយតបណាមួយ ពីទូរទស្សន៍នៅឡើយទេ ករណីនេះ។ ជនពិការមានការតូចចិត្ត ព្រោះ​ការសម្តែងនេះ ធ្វើឲ្យគេសើច ក៏ដូចជាការមើលស្រាលដល់ពួកគាត់ដែរ។ សូមអ្នកសិល្បៈគ្រប់រូប មិនត្រូវយកជន​ពិការ​ មកធ្វើជាប្រធានបទនៃការសម្តែងឡើយ។»

លោក អ៊ឹង សុងលាភ អ្នកចាត់ការទូទៅផលិតកម្មរស្មីហង្សមាស បានឲ្យដឹងថា លោកមិនទាន់ឃើញ នូវលិខិត​ពី​អង្គការជនពិការកម្ពុជានៅឡើយទេ តែលោកនឹងពិចារណាដកចេញនូវឈុតមួយនេះ ចេញពីទូរទស្សន៍ហង្សមាស ដើម្បីបង្ហាញពីការគោរពសិទ្ធិជនពិការ។

លោកនិយាយម្សិលមិញថា ៖ «មិនមានបញ្ហអីទេ យើងអាចដកឈុតនេះចេញបាន ព្រោះជាការចូលរួមទាំងអស់គ្នា​ក្នុងការគោរពសិទ្ធិ។ យើងតែងតែព្យាយាមអប់រំអ្នកសិល្បៈ តែអាចមានចំណុចខ្វះខាតខ្លះចៀសមិនបាន។»

រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារិទ្ធ កាលពីថ្ងៃទី៧ ខែមីនា ធ្លាប់បានស្នើឲ្យមានការលុបបំបាត់​ នូររាល់ទង្វើ​រើសអើង​ជនពិការ និងយកពួកគេជាប្រធានបទលេងសើច ព្រមទាំងលើកទឹកចិត្ត​ឲ្យមានការដាក់បញ្ចូលភាសា​សញ្ញា​ (សម្រាប់មនុស្សថ្លង់) មកផ្សាយគ្រប់ស្ថានីយ៍ទូរទស្សន៍៕

------------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី២០ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...