អាជីវករផ្សារដើមគ ខឹងអភិបាលរងខណ្ឌ ព្រោះបញ្ជាឲ្យចាក់ឥវ៉ាន់ខ្លួនចោល
- ដោយ: ក. វិច្ចនី អត្ថបទ៖ក. វិច្ចនី ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី ២៨ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: March 02, 2015
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការតបតសម្តីគ្នារវាងអាជីវករ និងអភិបាលរងខ័ណ្ឌ ដែលបានក្លាយជាការបោកបោះបន្លែ គ្រឿងទេសពាសពេញផ្លូវថ្នល់ បណ្តាលមកពីអាជីវករទាំងនោះ មិនព្រមធ្វើតាមបង្គាប់របស់មន្ត្រី ដែលចុះរៀបចំសណ្តាប់ធ្នាប់ទីផ្សារ ឲ្យមានរបៀបរៀបរយ។ ក្រុមអាជីវករមិនព្រមរើតូប តាមការរៀបចំរបស់សាលាខណ្ឌ ទើបធ្វើឲ្យជម្លោះជាពាក្យសម្តី បានផ្ទុះឡើង មុននឹងបង្ករជាជំលោះធំ។ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី ២៨ ខែកុម្ភៈ នៅផ្សារដើមគ សង្កាត់ផ្សារដើមគ ខ័ណ្ឌទួលគោករាជធានីភ្នំពេញ។
តាមប្រភពនៅនឹងកន្លែងកើតហេតុ បានឲ្យដឹងថា លោក ប៉ាង លីដា បានប្រាប់អាជីវករ ឲ្យរើរុះតូប ដើម្បីកុំឲ្យមានការលក់នៅលើចិញ្ចើមថ្នល់ ដែលបណ្តាលឲ្យខូចសណ្តាប់ធ្នាប់។ ប៉ុន្តែក្រុមអាជីវករបានតវ៉ា ចំពោះការរៀបចំនោះ ដោយពួកគេលើកឡើងថា លោក ប៉ាង លីដា មានភាពលំអៀង បញ្ជាឲ្យរុះរើតូបមិនស្មើរភាពគ្នា ព្រោះដេញតែពួកគាត់ ដែលលក់ដូនៅតាមសំយ៉ាបផ្ទះគេ និងមិនដែលបង់លុយឲ្យប្រធានផ្សារ ខណៈអ្នកដែលលក់នៅផ្សារ ជាប់នឹងចិញ្ចើមថ្នល់ដូចគ្នាដែរ បែរជាគ្មានបញ្ជាឲ្យរើរុះតូបទៅវិញ។
លោក ប៉ាង លីដា បានសម្ដែងការក្ដៅក្រហាយ ទៅនឹងក្រុមអាជីវករទាំងនោះ ដែលមិនព្រមស្តាប់តាមបញ្ជារបស់ខ្លួន ទើបបានបញ្ជាទៅមន្ត្រីក្រោមបង្គាប់ ឲ្យចាក់ចោល បន្លែនិងគ្រឿងទេស របស់ក្រុមអាជីវករ នៅពាសពេញផ្លូវ។ លោកបាននិយាយប្រាប់ ទៅអាជីវករទាំងនោះថា៖ «បើមិនសុខចិត្តទេ ចង់ប្តឹងទៅណាក៍ទៅទៅ នៅថ្ងៃច័ន្ទ»។
បញ្ជារបស់លោកអភិបាលរងខ័ណ្ឌ និងទង្វើរបស់មន្ត្រីក្រោមបង្គាប់ បានបញ្ឆេះកំហឹងរបស់ក្រុមអាជីវករ កាន់តែខ្លាំងឡើង។ ស្ត្រីអាជីវករលក់ដូរមួយរូប នៅកន្លែងកើតហេតុ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូទាំងកំហឹងថា លោក ប៉ាង លីដា ធ្វើការមិនស្មើភាពគ្នាទេ។ ស្ត្រីរូបនោះ បាននិយាយឡើងថា៖ «គាត់ដេញតែពួកខ្ញុំនៅខាងក្នុងសង្កាត់ ជួលដីនៅតាមសំយ៉ាបផ្ទះគេ ហីមិនដែលបង់លុយឲ្យប្រធានផ្សារ។ ពេលគេចាប់ ចាប់តែអ្នកនៅខាងក្នុង អ្នកនៅខាងក្រៅ លក់តាមចិញ្ចើមថ្នល់ដែរអត់ចាប់ បើគេបង់លុយឲ្យប្រធានផ្សារនឹង។»។
អាជីវករម្នាក់ទៀត អ្នកស្រី សុខ ហេង ក៏បានលើកឡើងដែរថា អាជ្ញាធរខ័ណ្ឌទួលគោក មកបញ្ជាឲ្យពួកគាត់រុះរើតូប ជាច្រើនដង ប៉ុន្តែអាជ្ញាធរទាំងនោះ ដេញតែពួកគាត់លក់នៅខាងក្នុង មិនដេញអ្នកលក់នៅខាងក្រៅនោះទេ រហូតដល់ថ្ងៃនេះ ស្រាប់តែក្រុមអាជ្ញាធរទាំងនោះ បានចាក់ក្រូចឆ្មារបស់គាត់ចោលតែម្ដង។ ដោយអះអាង ពីបំណងមិនចង់បង្កភាពអត់សណ្តាប់ធ្នាប់នោះ អ្នកស្រី សុខ ហេង គ្រាន់តែចង់សំនូមពរឲ្យអាជ្ញាធរទាំងនោះ ធ្វើការឲ្យបានត្រឹមត្រូវ មិនលំអៀង ទៅរកតែអ្នក ដែលធ្លាប់បង់លុយច្រើនៗឲ្យខ្លួន ហើយធ្វើបាបអ្នកដទៃផ្សេងទៀត ដូច្នេះប៉ុណ្ណោះ។
មិនអាចទាក់ទង លោក ប៉ាង លីដា ដើម្បីសុំការបញ្ជាក់បាននៅឡើយ នៅចុងសប្ដាហ៍នេះ ដោយហេតុជាថ្ងៃឈប់សម្រាក។ ទស្សនាវដ្តីនឹងលើកយករឿងនេះ មកផ្សាយជូនប្រិយមិត្តបន្តទៀត ប្រសិនជាទទួលបានប្រតិកម្មពីលោក និងហេតុការណ៍អ្វីបន្ថែម នៅពេលក្រោយ៕