អាមេរិក៖ លាក់ខ្លួននៅក្នុងទូច្រើនម៉ោង ដើម្បីចាប់អតីតសង្សារំលោភ
- ដោយ: សុបិន្ដ អត្ថបទ និងយកការណ៍៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០២ មិនា ២០១៥
- កែប្រែចុងក្រោយ: March 02, 2015
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពីការបែកបាក់ស្នេហាធម្មតា មកប្រព្រឹត្តិទោសឧក្រិដ្ឋ យ៉ាងអាក្រក់ជួរជាតិ។ អាឡិច (Alec N.) អ្នករស់នៅក្នុងក្រុង មីនាប៉ូលីស (Minneapolis ក្នុងរដ្ឋមីណេសូតា ភាគខាងជើងសហរដ្ឋអាមេរិក) ត្រូវបានចាប់ខ្លួន ដោយអាជ្ញាធរតំបន់ កាលពីយប់ថ្ងៃព្រហស្បត្តិ៍ ចូលមកថ្ងៃសុក្រ សប្ដាហ៍មុន ពីបទបានចូលទៅចាប់រំលោភ សេពសន្ធវៈលោក អតីតសង្សារបស់ខ្លួន។
សារព័ត៌មានក្នុងតំបន់ Minneapolis Star Tribune បានរាយការណ៍ថា ដើម្បីឈានទៅសម្រេចបំណង នៃតណ្ហារបស់ខ្លួន បុរសនេះ បានចូលទៅសំងំលាក់ខ្លួន ជាច្រើនម៉ោង នៅក្នុងទូរបស់ស្ត្រី ជាអតីតគូស្នេហ៍ ធ្លាប់រស់នៅជាមួយគ្នា។
យុវតីរងគ្រោះ ដែលនគរបាលមិនបានបញ្ចេញឈ្មោះ ទើបនឹងវិលត្រឡប់ ពីដំណើរផ្លូវឆ្ងាយមួយ កាលពីល្ងាចថ្ងៃពុធ ហើយនាងបានឃើញ នៅលើទ្វាចូលផ្ទះ នូវពាក្យគំរាមមួយ របស់អតីតប្រុសស្នេហ៍របស់នាង ដែលនាងបានចែកផ្លូវគ្នា តាំងពីប៉ុន្មានសប្ដាហ៍មុន។ តែដោយសារអស់កម្លាំងល្ហិតល្ហៃ យុវតីបានគិតថា មិនទាន់ខ្វល់ខ្វាយពីរឿងនេះភ្លាមៗនោះទេ និងបានចូលទៅគេងភ្លាម នៅវេលាប្រមាណជា ម៉ោង៩យប់។
នៅពីរម៉ោងក្រោយមក ហេតុការណ៍ដ៏អាក្រក់បានកើតឡើង។ ស្ត្រីវ័យក្មេង បានភ្ញាក់ដឹងខ្លួនក្រញ៉ាង ព្រោះមាន អាឡិច ស្រាតខ្លួនននលគោក នៅគេងក្នុងគ្រែក្បែរនាង។ ជាល្បែងខុសរឿង និងបំពានច្បាប់។ បុរសវ័យ៣០ឆ្នាំរូបនេះ ចង់បង្កការភ្ញាក់ផ្អើល ដោយអតីតសង្សាខ្លួន ហើយបានលួចចូលក្នុងផ្ទះ តាំងពីមុនយុវតីត្រឡប់មកវិញ ហើយបានសំងំក្នុងទូ ដាក់ខោអាវ តាំងពីច្រើនម៉ោងមកហើយ។
កាន់កាំបិតចិតបន្លែនៅនឹងដៃ អាឡិច បានគម្រាមទៅអតីតគូរស្នេហ៍ខ្លួន ឲ្យដោះខោអាវចេញ ហើយបន្ទាប់មក បានធ្វើសកម្មភាពរំលោភ សេពសន្ធវៈ មុននឹងគេចខ្លួនចេញទៅបាត់។ រីឯយុវតីរងគ្រោះវិញ បានហៅនគរបាល ក្នុងពេលបន្ទាប់មក ដើម្បីឲ្យជួយធ្វើអន្តរាគមន៍ និងបញ្ជូននាងទៅកាន់មន្ទីរពេទ្យ។
ជនចាប់រំលោភ មានបំណងចង់បំភ្លេចរឿងនេះ និងចង់ផ្សះផ្សាជាមួយអតីតសង្សាខ្លួនវិញ ដោយបានទូរស័ព្ទមកមន្ទីរពេទ្យ និយាយជាមួយយុវតីរងគ្រោះ។ តែដោយមានការផ្ដល់យោបល់ ពីនគរបាលផង អតីតស្រីស្នេហ៍បានបញ្ចុះបញ្ចូលឲ្យ អាឡិច មកមើលនាង ដល់មន្ទីរពេទ្យ។ គឺនៅពេលនោះហើយ ដែលបុរសម្នាក់នេះ ត្រូវបាននគរបាលឃាត់ខ្លួន ដោយមិនពិបាកហត់ ក្នុងការស្រាវជ្រាវ និងដេញតាមចាប់៕