ឥណ្ឌា៖ និស្សិតបីរូប រួមគ្នាបង្កើតអាវទ្រសុដន្ដ «ប្រឆាំង»ការរំលោភ
ដើម្បីប្រយុទ្ធប្រឆាំងនឹង ការចាប់រំលោភ ដែលតែងកើតមានជារឿយៗ ក្នុងប្រទេសឥណ្ឌានោះ និស្សិតបីនាក់ បានបង្កើតនូវអាវទ្រនាប់ប្រឆាំងការរំលោភមួយឡើង ដោយមានដាក់បញ្ចូលនៅក្នុងនោះ ជាចរន្តអគ្គិសនី អោយឆក់ជនណាក៏ដោយ ដែលហ៊ានលូកមកប៉ះស្ទាបសុដន្ដរបស់ពួកនាង។ អាវក្នុងរបស់ស្រីនេះ នឹងអាចដាក់មកលក់ ក្នុងចុងខែមេសានេះ។
អាវទ្រនាប់ នឹងគ្រឿងបំពាក់ខ្លះៗ ដែលជម្រុញអោយមានចរន្ដឡើងដល់ ៣៨០០គីឡូវ៉ុល។
អាវក្នុងរបស់ស្ត្រី ដើម្បីប្រយុទ្ធប្រឆាំងនឹងការរំលោភ នៅប្រទេសឥណ្ឌា៖ ជាគំនិតរបស់និស្សិតបីរូប (ស្រីពីរ ប្រុសម្នាក់) ដែលកំពុងរៀននៅក្នុងសាលាវិស្វកម្មមួយ នៅឆេនណៃ (Chennai) ប៉ែកខាងត្បូងនៃប្រទេស។ អាវនេះមានទម្រង់មិនខុសពីអាវទ្រសុដន្ដធម្មតា នោះទេ តែបានដាក់បន្ថែមនូវចរន្ដអគ្គិសនី សម្រាប់«ឆក់»ជនណា ដែលមានបំណងអាក្រក់។
នាងម៉ានីស្សា ម៉ូហាន់ (Manisha Mohan) និស្សិតម្នាក់ពីក្នុងក្រុមនាងទាំងបីនាក់ បាននិយាយថា «អាវទ្រនាប់ដ៏ស្ដើងនេះ មានបំពាក់ដោយប្រដាប់ទទួលចរន្ដភ្លើង ដែលអាចបញ្ចេញថាមពលមកវិញ នូវកម្លាំង ៣៨០០គីឡូវ៉ុល»។ តែពួកនាងបានធានាថា អាវនេះ នឹងមិនបង្កគ្រោះថ្នាក់អ្វី ប្រឆាំងនឹងអ្នកពាក់វាទេ។
បំណងដ៏មុតមាំ ដែលធ្វើអោយនាងឈានទៅបង្កើតអាវទ្រនាប់នេះ ដោយសារតែនាងសង្កេតឃើញជារៀងរាល់ថ្ងៃ នៅក្នុងសង្គមនេះ នូវភាពសាហាវឃោឃៅ ហួសពីការស្មាន។ ជនរងគ្រោះ ងាយនឹងមានគ្រោះថ្នាក់ភ្លាមមួយរំពេច ដោយគ្រាន់តែនាងបញ្ចេញ«ស្នាមញញឹម» តែបន្តិចប៉ុណ្ណោះ ហើយហេតុការណ៍ដ៏រន្ធត់អាចនឹងកើតឡើង ដូចការចាប់រំលោភជាក្រុម ទៅលើនិស្សិតស្រីម្នាក់ នៅទីក្រុងញ៉ូ ដេលី ក្នុងពេលកន្លងមក។ នាងម៉ានីស្សា បានបញ្ជាក់ថា ជាមួយនឹងអាវនេះ «ពួកនាងអាចការពារខ្លួន ប្រឆាំងនឹងការយាយីក្នុងផ្ទះ នៅក្នុងសង្គម ឬនៅក្នុងកន្លែងធ្វើការ នោះជាដើម»។
អាវទ្រនាប់ដែលបញ្ចេញប្រសិទ្ធិភាព ខ្លាំងជាងកាំភ្លើងឆក់ !!!
នាងម៉ានីស្សា បានពន្យល់ពី វិធីប្រើប្រាស់អាវនេះ បន្ថែមថា «នរណាក៏ដោយ ដែលចង់បំពារបំពានលើស្ត្រី នឹងទទួលមេរៀនមួយយ៉ាងជូរចត់ សម្រាប់ជីវិត»។ នៅពីលើអាវនេះ មានពង្រាយប្រដាប់បញ្ចេញចរន្ដចំនួន៨២ ហើយប្រដាប់ណាមួយ ក៏អាចបណ្ដេញជនអប្រិយនោះបានដែរ។ មិនត្រឹមតែប៉ុណ្ណោះ អាវទ្រនាប់នេះ បានបំពាក់ដោយបច្ចេកវិទ្យា ហ្សេប៉េអេស (GPS) និងហ្សេអេសអ៊ឹម (GSM) ដែលនឹងអាចបញ្ជូនដំណឹង ទៅអោយនគរបាលថែមទៀត។
នៅក្នុងជំហានដំបូង អាវទ្រសុដន្ដពិសេស នឹងត្រូវដាក់មកលក់នៅ អំឡុងចុងខែនេះ។ តែនៅជំហានក្រោយ អ្នកបង្កើតវាបាននិយាយថា នឹងស្វែងរកបច្ចេកវិទ្យាថ្មីទៀត ដើម្បីអោយអាវនេះ អាចអត់ធន់បាននឹងទឹក និងបន្ថយរូបរាងអោយតូចជាងពេលនេះ៕
--------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ