ដឹង និង​ភ្លក្ស​រសជាតិ​ជីវិត​កម្មករ​ខ្មែរ ធ្វើ​ឲ្យ​ស្រក់​ទឹកភ្នែក

រហូតមកដល់ពេលនេះ វីដេអូទាំងនោះ បានឃើញពន្លឺថ្ងៃ ជាង៣ខែមកហើយ។ ជាបទពិសោធន៍ដ៏ជូរចត់ ដែល​យុវជន-​យុវតី មកពីបស្ចឹមលោក បានសាកល្បងភ្លក្សរសជាតិ ធ្វើជាកម្មករខ្មែរ... ជាលទ្ធផល គឺការ​សម្រក់​ទឹក​ភ្នែក...
ដឹង និង​ភ្លក្ស​រសជាតិ​ជីវិត​កម្មករ​ខ្មែរ ធ្វើ​ឲ្យ​ស្រក់​ទឹកភ្នែក
យុវតីមួយរូប ពីក្នុងចំណោមយុវជនន័រវេសបីរូប យំសម្រក់ទឹកភ្នែក អាណិតកម្មករខ្មែរ។ (រូបផ្តិតពីវីដេអូ)
Loading...
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី ០២ មិនា ២០១៥
  • កែប្រែចុងក្រោយ: June 27, 2015
  • ប្រធានបទ: ជីវិត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើនរណាមួយ ដែលមិនស្គាល់ប្រទេសន័រវេស ដែលល្បីខាងស្អាតស្អំ សម្បូរសប្បាយ និងមានស្ថានភាព​សង្គម ល្អ​ប្រសើរ​ជាង​គេក្នុងលោក? ប៉ុន្តែយុវជនប្រុសស្រី បីរូប ដែលមានជំនាញ ខាងរចនាសម្លៀកបំពាក់ និងផ្សព្វ​ផ្សាយ​តាម​បណ្ដាញ Blog មកពីប្រទេសនេះ មានបំណងចង់ដឹងថា តើជីវិតរស់នៅ របស់កម្មករ​កម្មកា​រិនី នៅក្នុងប្រទេសផ្សេង ដូច​យ៉ាង​កម្ពុជាជាដើម មានសភាពបែបណា? ពួកគេបានសាកល្បងមក​មើល​ផ្ទាល់ និងបានធ្វើការងារមួយចំនួន ដូច​នយោជិក​ក្នុងស្រុក... ទីបំផុតលទ្ធផលដែលចេញមក គឺការសម្រក់ទឹកភ្នែក។

នៅក្នុងរយៈពេលដែលពួកគេ បានចូលមកស្នាក់នៅ ក្នុងប្រទេសកម្ពុជា ពួកគេបានតាមដាន និងថតយក​ទិដ្ឋភាព ពីកម្មករ​កម្ពុជាសឹងតែរាល់ថ្ងៃ ពីព្រឹកទាល់ល្ងាច ជាពិសេស ត្រូវក្រោកពីព្រហាម ដើម្បីស្រូតរូតរះ​ធ្វើ​ដំណើរ ទៅកាន់​រោងចក្រ... គោលបំណងធំបំផុត របស់ពលករទាំងនោះ គឺផលិតសម្លៀកបំពាក់ ដើម្បីលក់​ទៅឲ្យយីហោធំៗ នៅក្នុង​បណ្ដាប្រទេសអ៊ឺរ៉ុប និងអាមេរិក។

ហេតុការណ៍ផ្ទាល់ភ្នែកទាំងនេះ មិនអាចទប់​យុវជន-យុវតី​ទាំងបីរូប មិនឲ្យ​សម្រក់​ទឹកភ្នែក​បានទេ។ យុវជន​ជាតិ​ន័រវេស​ម្នាក់ ក្នុងចំណោមពួកគេទាំងបី បានឧទានឡើងថា៖ «ខ្ញុំគ្មានពាក្យអ្វី ដើម្បីនិយាយទេ។ តែវា​អយុត្តិធម៌។» ខណៈយុវតី​ម្នាក់ទៀត បាននិយាយទាំងទឹកភ្នែកហូររហាមថា៖ «ខ្ញុំសោកស្ដាយណាស់»។ នាង​បាននិយាយទៀតថា៖ «ពួកយើងកើតមក ដូច​ជា​ត្រូវបានទំយើរ ជ្រុលពេកហើយ។ នៅពេលឃើញ​ពីទិដ្ឋភាព​ទាំង​នេះ ខ្ញុំមានការខ្មាសអៀនណាស់»។

វីដេអូរបស់យុ​វជនទាំងបី បានដាក់នៅលើ Blog ផ្ទាល់ខ្លួនពួកគេ តាំងពីថ្ងៃទី២៦ ខែវិច្ឆិកាកន្លងទៅ។ ប៉ុន្តែ​​បណ្ដា​ម្ចាស់​គណនីផ្សេងទៀត ទាំងនៅលើគេហទំព័រចែកចាយវីដេអូ យូធូប (Youtube) ឬ ដេល្លីម៉ូឆិន (Dailymotion) ទាំងនៅ​លើ​បណ្ដាញសង្គម សុទ្ធតែបានយកវីដេអូទាំងនោះ មកបង្ហោះផ្សាយជាបន្ត ជំរុញឲ្យ​ការ​និយាយ​​ពី​ជីវិត និងជីវភាព​របស់​កម្មករ​ខ្មែរ នៅតែត្រូវបានគេនិយាយ មិនដាច់ពីមាត់ នៅប្រទេស​ជា​ច្រើន ក្នុង​ទ្វីប​អ៊ឺរ៉ុប។​ ជាពិសេស ប្រព័ន្ធផ្សព្វផ្សាយ​របស់អ៊ឺរ៉ុប ក៏បានយករឿងនេះ មកចុះផ្សាយធ្វើជា​ព័ត៌មាន​យ៉ាង​អ៊ឺង​អាប់ នៅ​ក្នុង​អំឡុង​ចុង​ខែ​មករា ឆ្នាំ២០១៥ កន្លងមកនេះដែរ។

ហេតុការណ៍ទាំងអស់ខាងលើ ចាំបាច់តម្រូវឲ្យយីហោ ដ៏ធំមួយ ឈ្មោះ «H&M» របស់អ៊ឺរ៉ុប ចេញមុខមកប្រតិកម្ម។ នៅ​ក្នុងសេចក្ដីប្រកាស​ព័ត៌មាន​មួយ ក្រុមហ៊ុនសម្លៀកបំពាក់ ដែលមានទីតាំងធំ ក្នុងប្រទេសស៊ុយអែត បាន​បញ្ជាក់​ថា រោងចក្រដែលត្រូវបានថត​នៅក្នុងវីដេអូ មិនបានផលិតខោអាវ​ឲ្យខ្លួនទេ។ តែបើទោះជាយ៉ាងនេះក្ដី ក៏ «H&M» នៅតែប្រកាន់ខ្ជាប់ ពីគោលការណ៍របស់ខ្លួន ក្នុង​ការ​ជួយឲ្យចម្រើនទៅមុខ នូវស្ថានភាពជីវភាព នៃពលករ ដែល​ធ្វើការក្នុងឧស្សាហកម្មវាយនភ័ណ្ឌ នៅប្រទេសកម្ពុជា​ដែរ៕

សូមទស្សនាវីដេអូ (មានចំណងជើងជាភាសាអង់គ្លេស) របស់យុវជនយុវតីទាំងបី ដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...