ដឹងថាឈ្នះជ័យលាភី ណូបែលឆ្នាំ២០១៣ ក្នុងពេលកំពុងលង់លក់!
អាលីស មូនរ៉ូ (Alice Munro) ជាអ្នកនិពន្ធរឿងខ្នាតខ្លី បានឈ្នះជ័យលាភីណូបែល ខាងផ្នែកអក្សរសាស្រ្ត ប្រចាំឆ្នាំ២០១៣ ហើយត្រូវបានដាក់ងារជូនអ្នកស្រីថា ជា«កំពូលអ្នកនិពន្ធរឿងខ្លី»។ អ្វីដែលគិតថាគួរឲ្យភ្ញាក់ផ្អើលនោះ គឺដំណឹងនៃការឈ្នះរង្វាន់ណូបែលនេះ ត្រូវបានប្រកាសក្នុងពេលដែលអ្នកស្រីកំពុងទទួលទានដំណេក។ ជាក្ដីសុបិន្តដែលអ្នកស្រីមានតាំងពីយូរ ប៉ុន្តែរហូតមកដល់ក្រោយការប្រកាសនេះ ក៏អ្នកស្រីនៅតែមិនទាន់អស់ចិត្តនៅឡើយ។
អ្នកស្រី អាលីស មូនរ៉ូ អ្នកនិពន្ធរឿងខ្លី សញ្ជាតិកាណាដា។ (រូបថត ZUMA Press)
រង្វាន់ណូបែល - អ្នកស្រី អាលីស មូនរ៉ូ សញ្ជាតិកាណាដាអាយុ៨២ឆ្នាំ បានទទួលដំណឹងនៃការឈ្នះរង្វាន់ណូបែលនេះ តាមរយៈសារសម្លេងក្នុងទូរស័ព្ទរបស់អ្នកស្រី ក្នុងកំឡុងពេលដែលអ្នកស្រីកំពុងទទួលទានដំណេក។ រហូតមកដល់ពេលនេះហើយក៏ដោយ ក៏អ្នកស្រីនៅតែមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដែរ ព្រោះទាំងនេះជាក្ដីស្រមៃរបស់អ្នកស្រី ដែលមិនដែលគិតថា អ្នកស្រីអាចសម្រេចបានយ៉ាងដូច្នេះឡើយ។
ស្ត្រីអ្នកនិពន្ធវ័យចំណាស់ ដែលបានឈ្នះរួចហើយ នូវពាន់រង្វាន់អន្តរជាតិខាងតែងនិពន្ធមួយ មានឈ្មោះថា Man Booker International Prize រូបនេះ ទើបនឹងចេញផ្សាយស្នាដៃចុងក្រោយមួយ របស់អ្នកស្រី មានចំណងជើងថា៖ «ជីវិតសំណប់ចិត្ត (Dear Life)»។ ស្នាដៃចុងក្រោយ ដែលទំនងជាការចេញផ្សាយចុងក្រោយគេបំផុតដែរ នៅក្នុងជីវិតជាអ្នកតែងនិពន្ធរបស់អ្នកស្រី។
លោក ភីធើ អេនគ្លដ (Peter Englund) លេខាអចិន្ត្រៃយ៏នៃបណ្ឌិតសភារង្វាន់ណូបែល (ប្រទេសស៊ុយអែត) បានហៅអ្នកស្រីថា ជា«កំពូលអ្នកនិពន្ធរឿងខ្លីសម័យទំនើប»។ លោកបានថ្លែងសារភាពថា លោកគ្មានមធ្យោបាយណាផ្សេង ដើម្បីទាក់ទងទៅអ្នកស្រី អាលីស មូនរ៉ូ មុនការសម្រេចចិត្តរបស់គណកម្មាធិការណូបែលនោះទេ ហើយគឺរូបលោកផ្ទាល់ជាអ្នកដាក់សារជាសម្លេងនេះ នៅក្នុងទូរស័ព្ទរបស់អ្នកនិពន្ធវ័យចំណាស់។ លោកបានបញ្ជាក់ ពីការសម្រេចចិត្តជ្រើសរើសយកអ្នកស្រី មូនរ៉ូ ជាម្ចាស់ជ័យលាភីថា ដោយសាររឿងអ្នកស្រីមានសិល្បៈរស់រវើក មានលក្ខណៈខ្លីតែប្រហាក់ប្រហែលនឹងរឿងប្រលោមលោក ព្រមទាំងតាក់តែងស្ទើរតែល្អឥតខ្ចោះ។
អ្នកដែលឈ្នះជ័យលាភីនេះ មិនមានច្រើនប៉ុន្មានទេ បើរាប់ពីពេលចាប់កំណើតនៃរង្វាន់ណូបែល ក្នុងឆ្នាំ១៩០១នោះមក ហើយអ្នកស្រីជាអ្នកឈ្នះទី១៣ ដែលបានផ្តួលគូប្រជែងខាងផ្នែកនិពន្ធ ល្បីៗផ្សេងទៀតជាច្រើន ក្នុងឆ្នាំនេះ។
ដំណឹងដ៏ប្រពៃនេះ បានប្រកាសឲ្យអ្នកស្រីបានដឹងកាលពីថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០១៤កន្លងមក។ អ្នកស្រី មូនរ៉ូ បាននិយាយថា «ខ្ញុំធ្លាប់ដឹងថាខ្ញុំនៅក្នុងការប្រកួតប្រជែង។ ចាស ខ្ញុំបានដឹង។ តែខ្ញុំមិនដែលគិតថា ខ្ញុំនឹងអាចឈ្នះជ័យលាភី» ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ៧៧០ពាន់ផោននេះទេ។ ជ័យលាភីមុនៗ បានទៅលើអ្នកអក្សរសាស្រ្តដ៏ឆ្នើមៗដូចជា លោក រដយ៉ា ឃីពលីង (Rudyard Kipling) និងលោក អើណេស ហេមីងវេ (Ernest Hemingway) ជាដើម។ នៅឆ្នាំកន្លងទៅម៉ិញ ជ័យលាភីផ្នែកនេះ ត្រូវបានឈ្នះទៅលោក ម៉ូ យ៉ាន (Mo Yan) ជាជនជាតិចិន។
ការឈ្នះជ័យលាភីណូបែលរបស់អ្នកស្រី នឹងបន្ថែមឲ្យមានការទទួលស្គាល់ និងការទុកចិត្តកាន់តែខ្លាំងថែមទៀត ទៅលើស្នាដៃរឿងខ្លីៗរបស់អ្នកស្រី ដែលពីមុនមកអ្នកស្រីធ្លាប់និយាយថា អ្នកនិពន្ធរឿងខ្លីមិនសូវមានការចាប់អារម្មណ៍ទេ ផ្ទុយពីអ្នកនិពន្ធដែលសរសេរប្រលោមលោក។ សូមបញ្ជាក់ថា អ្នកស្រី អាលីស មូនរ៉ូ កើតនៅឆ្នាំ១៩៣០ ក្នុងសង្កាត់ វីនហាម (Wingham) នៃខេត្ត អនតារីយ៉ូ (Ontario) ប្រទេសកាណាដា។ អ្នកស្រីបានចាប់ផ្ដើមការសរសេរ តែងនិពន្ធរបស់អ្នកស្រី នៅពេលអ្នកស្រីមានវ័យជំទង់៕
--------------------------------------
ដោយ ក. សេងហុង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០១ មីនា ២០១៤