ពលរដ្ឋ​ភូមិ​«អញ្ញាសេះ» គ្រោង​ប្ដឹង​ទៅ​ឧទ្ធណ៍ រឿង​ដី​ធ្លី​ឈូស​ដល់​ជើង​ភ្នំ

ដីរបស់សហគមជិត២០ហិកតា ត្រូវបានលោក ខឹម រី កំពុងឈូសឆាយរំលោភយក ជាបន្តរបន្ទាប់រហូតមកដល់​ពេលនេះ ទោះមានការហាមឃាត់ពីសហគម ពីឃុំ និងពីរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺក៏ដោយ។ នេះជាការបញ្ជាក់​របស់តំណាងសហគមលោក ថូ ថាន់ មកពីភូមិអញ្ញាសេះ ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: March 01, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដីរបស់សហគមជិត២០ហិកតា ត្រូវបានលោក ខឹម រី កំពុងឈូសឆាយរំលោភយក ជាបន្តរបន្ទាប់រហូតមកដល់​ពេល​នេះ ទោះមានការហាមឃាត់ពីសហគម ពីឃុំ និងពីរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺក៏ដោយ។ នេះជាការបញ្ជាក់​របស់​តំណាងសហគមលោក ថូ ថាន់ មកពីភូមិអញ្ញាសេះ ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។


រូបបង្ហាញពីទេសភាពរបស់ស្រុកស្រែរបស់ប្រទេសកម្ពុជា នាពេលរសៀល។ (រូបភាពឯកសារ)

វិបត្តិដីធ្លី - ប្រជាពលរដ្ឋជាង៥៥គ្រួសារ គ្រោងនឹងដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធណ៍(រាជធានីភ្នំពេញ) បន្ទាប់​ពី​ពាក្យបណ្តឹងរបស់គាត់ ត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺបដិសេធមិនទទួលដោះស្រាយ និងក្រោយពីឃុំ រួមទាំង​រដ្ឋបាលព្រៃឈើគ្មានលទ្ធភាពក្នុងការសម្របសម្រួល។

លោក ថូ ថាន់ តំណាងសហគមន៍ភូមិអញ្ញាសេះ បានលើកឡើងថាដីចំនួនមួយរយហិកតានេះ ត្រូវបានក្រសួង​កសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទបានប្រគល់មកឲ្យសហគមន៍ក្នុងឆ្នាំ២០០៥ សម្រាប់ប្រជាពលរដ្ឋនិងកូនចៅជំនាន់​ក្រោយប្រើបាស់ជាដីចំការ ដីព្រៃឈើ ដីឃ្វាលគោ និងការទទួលអនុផលនានា។ តែបច្ចុប្បន្នត្រូវបានឈ្មោះ ខឹម រី ដែលជាប្រជាពលរដ្ឋអ្នកមានម្នាក់ក្នុងភូមិជាមួយគ្នានេះ បានឈូសឆាយវាតទីយកដីនេះជាច្រើន ដោយ​រំលោភលើដី​សហគមន៍ចំនួនជិត២០ហិកតា។

តំណាងពលរដ្ឋរូបនេះបន្តរថា ក្រោយពីការប្រគល់ដីនេះ ដោយអាជ្ញាធរថ្នាក់ជាតិក្នុងឆ្នាំ២០០៥ ហើយលោក ខឹម រី ចាប់ផ្តើមឈូសឆាយដីដែលជាកម្មសិទ្ធរបស់ខ្លួន ដោយរំលោភទាំងដីរបស់សហគមន៍ក្នុងឆ្នាំ២០០៩។ តែដីនេះ ក៏​ទើបតែបានទទួលស្គាល់ ជាផ្លូវការដោយអាជ្ញាធរក្នុងឆ្នាំ២០១១ប៉ុណ្ណោះ ។ លោកបានបន្តរថា ក្នុងឆ្នាំ២០១២ ឈ្មោះ ខឹម រី នេះបានឈូសឆាយកាន់តែខ្លាំង ទើបពួកគាត់សម្រេចចិត្តការបណ្តឹងមកសាលាដំបូងខេត្ត ដើម្បីជួយបញ្ឃប់។ «ដីអ្នកមានលុយ។ ពាក់ព័ន្ធពីដើមមក (វា)តិចទេ ដីខ្ទង់ប្រាំហិចតា។ ដល់ពេលសហគមន៍ហាមឃាត់ គាត់មិនស្តាប់​ទេ គាត់រិតតែធ្វើការឈូសឆាយចូលដីសហគមន៍ច្រើន។ ឥឡូវហ្នឹងចូលជិត២០ហិកតា។ (...) សហគមន៍ អាជ្ញាធរ​មូលដ្ឋាន ភូមិ ឃុំ ហៅមកជួបចចារក៏មិនបានមកដែរ និងនៅតែបន្តរំលោភបំពាន។»

ដោយឡែកមេឃុំទ័ពមានលោក​ ហែម សុង បានបញ្ជាក់ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថា លោកមិនសូវដឹង​រឿង​ច្បាស់ទេព្រោះទើបឡើងកាន់ជាមេឃុំ។ តែលោកបានបង្ហាញថា ពិតជាមានការរំលោភបំពានដីរបស់​សហគមន៍​ដែរ ប្រហែលម្ភៃហិកតាជាង ព្រោះតែប្លង់«មេ» (វា)ត្រួតស៊ីគ្នា។ លោកបន្តរថា ឈ្មោះ ខឹម រី នេះបាន​ទិញ​ដីមួយចំនួន ពី​ប្រជាពលរដ្ឋក្នុងឆ្នាំ២០០៦នៅទីនោះ ដោយសំអាងលើប្លង់រៀងៗខ្លួន បន្ទាប់ពីអាជ្ញាធរ​ថ្នាក់​ជាតិ​ប្រគល់ឲ្យ តែក៏​មិន​ទាន់ទទួលស្គាល់ជាផ្លូវការដែរ។ មេឃុំរូបនេះបានទទួលស្គាល់ ដីចំនួន១០០ហិកតាដែលប្រគល់​ឲ្យដោយអាជ្ញាធរ​ថ្នាក់ជាតិដល់សហគមន៍ប្រជាពលរដ្ឋក្នុងឃុំអញ្ញាសេះនេះ។ លោកបញ្ជាក់ថា «កាលនោះ មិនទាន់មាន​សហគមន៍​អ្វីដែរ។ ការបង្កើតសហគមពេលនោះ មិនទាន់មានព្រំប្រទល់ច្បាស់លាស់។ យើងមិនទាន់​បានកំណត់​ព្រំប្រទល់ថា ខាងនេះដីប្រជាជន ខាងនោះដីសហគមន៍។ យើងបង្កើតសហគម និងបានចែកព្រំ​ច្បាស់​លាស់ អញ្ចឹង​ប្រជាជនចេះ​តែលក់ទៅ ការកំណត់ព្រំប្រទល់ក៏មិនបានពិភាក្សាជាមួយប្រជាជន ដល់ពេលចុច ជីភីអេស (GPS) វា​អាចត្រួតស៊ី​គ្នា។»

ឯមេភូមិអញ្ញាសេះលោក សុត វ៉ន ក៏បានបញ្ជាក់ពីបញ្ហាដីវិវាទនោះថា ឈ្មោះ ខឹម រី បានរំលោភបំពាន​ទៅលើដី​ជើង​ភ្នំអញ្ញាសេះ ដែលអាជ្ញារបានហាមឃាត់ចំងាយ៥០ម៉ែត្រ។ លោកបន្តរថា ៥០ម៉ែត្រនេះ ជាដីសហគមន៍មិនអាច​ជា​កម្មសិទ្ធិរបស់បុគ្គលណាម្នាក់ឡើយ តែឈ្មោះខឹម រី បានឈូសឆាយរហូតដល់ជាប់ជើងភ្នំតែម្តង។ លោកបានបន្តរថា គាត់(ខឹម រី) បានធ្វើការឈូសឆាយ រហូតដល់ជិត១០០ម៉ែត្រប្របជើងភ្នំ (ភ្នំអញ្ញាសេះ)។ «បញ្ហា​ដែលចេះតែបន្ត​រហូត​មកនេះ ព្រោះតែលោកខឹម រី មិនដែលបានមកជួបភូមិឃុំ តាមការអញ្ជើញឡើយ។ (...) ខាង​រដ្ឋបាលព្រៃឈើបាន​ហៅ​មកដោះស្រាយ តែលោក ខឹម រី ក៏មិនដែលមកដោះស្រាយដែរ។»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចទំនាក់ទំនងសុំការបំភ្លឺ ពីលោក ខឹម រី ម្ចាស់ដីវិវាទ និងពីរដ្ឋបាលព្រៃឈើ ខេត្ត​កំពង់ស្ពឺបានទេ ក្នុងថ្ងៃនេះ។ តែអតីតមេឃុំទ័ពមាន លោក ងិន ប៊ូ បានបញ្ជាក់ថា ដីដែលមានវិវាទនោះ ពិតជាដី​របស់លោក ខឹម រី មែន ព្រោះលោកបានចុះហត្ថលេខា ក្នុងការផ្ទេរសិទ្ធលក់ទិញពី​ប្រជាពលរដ្ឋដ៏ទៃទៀត ទៅឲ្យ​លោក​ ខឹម រីនោះ។

អតីតមេឃុំរូបនេះ ក៏បានធ្វើការចោទប្រកាន់ ទៅដល់រដ្ឋបាលព្រៃឈើ ដែលបានធ្វើការវាស់វែងដីសហគមន៍​ប្រជា​ពលរដ្ឋ ដោយព័ទ្ធយកភ្នំអញ្ញាសេះទាំងមូល រាប់ចាប់ពីជើងភ្នំ រហូតដល់ផ្លូវ ដែលមានចំងាយជាងពីរយម៉ែត្រ ដែល​នាំឲ្យមានការត្រួតស៊ីគ្នារវាងដីសហគម និងដីលោក ខឹម រី នោះតែម្តង ដោយសំអាងថាជាដីព្រៃរបស់រដ្ឋ។ លោក​បន្តរថាកាលពីលោកជាមេឃុំ លោកបានហៅប្រជាពលរដ្ឋ និងលោក ខឹម រី មកដោះស្រាយ តែលោក ខឹម រី មិន​ចូល​មកដោះស្រាយ។ «ដកពីភ្នំមក១០០ម៉ែត្រ ដីមួយចំនួនដែលបានលក់ឲ្យលោកខឹម រី នោះពិតជាកម្មសិទ្ធិស្របច្បាប់​របស់ប្រជាពលរដ្ឋមែន។ មកទល់នឹងពេលនេះ ខ្ញុំក៏មិនបានដឹងថាលោក ខឹម រី បានឈូសឆាយដល់ជើងភ្នំ​អញ្ញាសេះ​ដែរ។»

លោក រត្ន ថាវី មន្ត្រីសិទ្ធិមនុស្ស របស់សមាគមអាដហុកប្រចាំខេត្តកំពង់ស្ពឺ បានបញ្ជាក់ប្រាប់ថា បញ្ហាដីទំនាស់នេះ ស្ថិតក្រៅការទទួល​ខុស​ត្រូវរបស់លោក។ ព្រោះលោកទទួលរឿងភាគច្រើនគឺវិវាទរវាងអាជ្ញាធរ ឬក្រុមសមត្ថកិច្ច និង​ប្រជាពលរដ្ឋ រីឯវិវាទរវាង​ពលរដ្ឋ និងពលរដ្ឋមិនស្ថិតក្នុងការឃ្លាំមើលរបស់លោកឡើយ។ ទោះយ៉ាងនេះក្តី លោក​បានថ្លែងជា​ចុង​ក្រោយថា «ខ្ញុំក៏មិនបាន​ទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ឬតំណាងសហគមដើម្បីជួយ​អន្តរាគមន៍​ដែរ៕»

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១ ខែមីនា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...