រថពាស​ដែក​៧​គ្រឿង​ចល័ត​ចូល​ភ្នំពេញ មុន​បក្ស​ទាំង​ពីរ​បន្ត​ចរចា

ស្របពេលដែលការបន្តចរចានយោបាយ រវាងក្រុមការងារបច្ចេកទេស គណបក្សសង្រ្គោះជាតិ និងគណបក្ស​ប្រជាជនកម្ពុជា នឹងឈានចូលមកដល់នៅថ្ងៃទី០៣ ខែមីនា នោះ នៅថ្ងៃទី០១ ខែមីនា នេះ គេសង្កេតឃើញមាន​វត្តមានរថពាសដែកយ៉ាងហោចណាស់ក៏៧គ្រឿង បានចល័តក្នុងទិសដៅចូលរាជធានីភ្នំពេញ។ តែអ្នកនាំពាក្យ​របស់កងកម្លាំងជាតិទាំងនេះ បានអះអាងថា ការចល័តទ័ព គឺជាការធ្វើដំណើរទៅកាន់តំបន់ហ្វឹកហ្វឺនជាធម្មតា របស់កងទ័ព​ជាតិតែប៉ុណ្ណោះ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: March 01, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្របពេលដែលការបន្តចរចានយោបាយ រវាងក្រុមការងារបច្ចេកទេស គណបក្សសង្រ្គោះជាតិ និងគណបក្ស​ប្រជាជនកម្ពុជា នឹងឈានចូលមកដល់នៅថ្ងៃទី០៣ ខែមីនា នោះ នៅថ្ងៃទី០១ ខែមីនា នេះ គេសង្កេតឃើញមាន​វត្តមានរថពាសដែកយ៉ាងហោចណាស់ក៏៧គ្រឿង បានចល័តក្នុងទិសដៅចូលរាជធានីភ្នំពេញ។ តែអ្នកនាំពាក្យ​របស់កងកម្លាំងជាតិទាំងនេះ បានអះអាងថា ការចល័តទ័ព គឺជាការធ្វើដំណើរទៅកាន់តំបន់ហ្វឹកហ្វឺនជាធម្មតា របស់កងទ័ព​ជាតិតែប៉ុណ្ណោះ។


រថពាស​ដែកចល័តតាមផ្លូវជាតិលេខបួន ក្នុងទិសដៅទៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុកលោក មឿន តុលា)

នយោបាយកម្ពុជា - លោក មឿន តុលា សកម្មជនឃ្លាំមើលសិទ្ធិមនុស្សមួយរូប ដែលបានឃើញព្រឹត្តិការណ៍​ផ្ទាល់ ភ្នែក បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី០១ ខែមីនានេះថា វេលាម៉ោងជាង១០ព្រឹកនេះ នៅ​តំបន់​បែកចាន ជាយរាជធានីភ្នំពេញ មានវត្តមានកងរថពាសដែកចំនួន យ៉ាងតិច៧ គ្រឿងបានធ្វើដំណើរលើផ្លូវជាតិ លេខ៤ ក្នុងទិសដៅចេញពីខេត្តកំពង់ស្ពឺ ចូលមករាជធានីភ្នំពេញ។ តែលោក មឿន តុលា មិនបានបញ្ជាក់ថា ការ​ចល័តរថពាសដែកនៅពេលនេះ ធ្វើឡើងក្នុងបំណងអ្វី ហើយចេញពីទីតាំងណាឆ្ពោះទៅទីតាំងណា ឲ្យពិតប្រាកដ​នោះទេ។

លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបដិសេធមិនធ្វើការ​អត្ថាធិប្បាយ​លំអិត ចំពោះបញ្ហានេះទេ ដោយលោកថា មិនបានដឹងរឿងនេះ។ តែលោកបានជំរុញឲ្យយកបញ្ហានេះ ទៅសួរអ្នកនាំ​ពាក្យកងទ័ពជាតិ និងអ្នកនាំពាក្យកងរាជអាវុធហត្ថជាតិ។ លោក គៀត ច័ន្ទថារិទ្ធ បញ្ជាក់ថា៖ «រថពាសដែក​ទាល់​តែ​សួរកងទ័ព នគរបាលអត់មាន រថពាលដែកទេ។ មកសួរនគរបាល ម៉េចដឹង?!»។

អ្នកនាំពាក្យកងរាជអាវុធហត្ថជាតិ លោក ខេង ទីតូ បានពន្យល់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា ការចល័ត​រថពាស​ដែកនេះ គឺជារឿងធម្មតារបស់កងទ័ព ដែលត្រូវចេញពីបន្ទាយទៅកាន់ទីលានហ្វឹកហ្វឺនក្នុងវិស័យយោធា។ តែនៅពេលសួរថា តើរថពាសដែកទាំងនោះ ចល័តចេញពីបន្ទាយមួយណា ទៅកាន់ទីលានហ្វឹកហ្វឺនមួយណា នឹង​ចាំចាច់ឆ្លងកាត់រាជធានីភ្នំពេញ ឬយ៉ាងណា? អ្នកនាំពាក្យកងរាជអាវុធហត្ថជាតិ រូបនេះ ឆ្លើយបញ្ជាក់ថា៖ «ខ្ញុំមិន​អាច​លំអិតបានទេ អាហ្នឹងជាកិច្ចការខាងយោធាទេ»។

គួរកត់សម្គាល់ថា ការចល័តរថពាសដែកទាំងព្រឹកព្រលឹមនេះ គឺស្របពេលដែលក្រុមការងារបច្ចេកទេស​គណបក្ស​សង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា នឹងបន្តការចរចានយោបាយ នៅថ្ងៃទី០៣ ខែមីនា ខាងមុខនេះ ដែលជា​ផ្នែកមួយសំខាន់ ឈានទៅទម្លាយភាពជាប់គាំងផ្នែកនយោបាយ តាំងពីក្រោយការបោះឆ្នោតជាតិ ដ៏ចម្រូងចម្រាស កាលពីខែកក្កដា ឆ្នាំ២០១៣។

ការចរចានយោបាយនេះ ត្រូវបានអ្នកវិភាគនយោបាយឯករាជ្យកម្ពុជា មើលឃើញថា មិនស្ថិតនៅក្រោម​បរិយាកាស​កក់ក្តៅប៉ុន្មានទេ ព្រោះគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ ព្រមានថា អាចនឹងមានមហាបាតុកម្ម​ជាថ្មី​ដែលមានអ្នកគាំទ្រ២លាននាក់ ខណៈគណបក្សប្រជាជនកម្ពុជា ជាគណបក្សគ្រប់គ្រងអំណាច ក៏បានព្រមានរួច​ជា​ស្រេច ថានឹងមានមហាបាតុកម្មគាំទ្របក្សខ្លួនដែរ៕

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០១ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...