ការចុះចតលើផែនដី«ជិតបានសម្រេច» នៃកាំជ្រួចផ្កាយរណប
- ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី ១៥ មេសា ២០១៥
- កែប្រែចុងក្រោយ: April 16, 2015
- ប្រធានបទ: អវកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការស្រាវជ្រាវ ដើម្បីឲ្យកាំជ្រួចផ្កាយរណប បានធ្វើឡើង សឹងតែបានសម្រេចទៅហើយ។ នោះជាគម្រោងស្រាវជ្រាវមួយ របស់ក្រុមហ៊ុន Space X របស់អាមេរិក ដើម្បីនាំកាំជ្រួចផ្កាយរណប ឲ្យត្រឡប់មកផែនដីវិញ ហើយធ្វើយ៉ាងណា ឲ្យកាំជ្រួចទាំងនោះ អាចចុះចតបញ្ឈរ។ ប៉ុន្តែ នៅពេលកាំជ្រួចបានចុះ មកដល់ជិតទូក ដែលដាក់រងចាំទទួលកាំជ្រួច នៅកណ្ដាលមហាសមុទ្រនោះ កាំជ្រួចបានរលំ ហើយបានផ្ទុះឡើង។ បញ្ហានេះ ទំនងបណ្ដាលមកពី កាំជ្រួចបានចុះចតវិញ ដោយល្បឿនលឿនពេក និងមិនបានចំកន្លែង ច្បាស់លាស់។
ការសាកល្បងនេះ បានប្រព្រឹត្តទៅ ជាលើកទី៣ នៅក្នុងឆកសមុទ្រ ផ្លរីដា (Florida) ភាគអាគ្នេយ៍ នៃសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារថ្ងៃទី១៤ ខែមេសាកន្លងទៅ ហើយរូបភាពទើបនឹងបញ្ចេញ ឲ្យដឹងនៅថ្ងៃព្រហស្បត្តិ៍នេះ។
បើទោះជាការសាកល្បង បានទទួលបរាជ័យ ប៉ុន្តែការស្រាវជ្រាវ នៅតែបន្តទៀត ដោយហេតុថា ទីភ្នាក់ងារអវកាស NASA របស់អាមេរិក ចង់កាត់បន្ថយការចំណាយ ទៅលើការសាងសង់កាំជ្រួច នៅរៀងរាល់ប្រតិបត្តិការ បាញ់ឡើងទៅអវកាស ដោយចង់ត្រឡប់ មកប្រើកាំជ្រួច ដែលបានប្រើរួច។ ហើយដើម្បីបម្រើឲ្យការសាកល្បង សម្រាប់ការចុះចត នៅលើដី ក្រុមហ៊ុន Space X មានកាំជ្រួចដល់ទៅ៨ដើម សម្រាប់ឆ្នាំ២០១៥នេះ៕