យន្ដហោះបាត់ខ្លួន MH370៖ តំបន់រុករកនឹងកើនឡើង«ទ្វេដង» (vdo)
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ មេសា ២០១៤
- កែប្រែចុងក្រោយ: April 16, 2015
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យ៉ាងណាក៏ដោយ ជាងមួយឆ្នាំក្រោយមក អាជ្ញាធរនៅតែចិញ្ចឹមចិត្ត តាមស្វែងរកយន្ដហោះបាត់ខ្លួននេះ នៅឡើយ។ នៅថ្ងៃព្រហស្បត្តិ៍ទី១៦ ខែមេសានេះ ការរុករកយន្ដហោះ ប៊ូអីង (Boeing 777) របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ដែលបានបាត់ខ្លួនតាំងពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ត្រូវបានប្រកាសសារជាថ្មីថា នឹងត្រូវពង្រីកទ្វេឡើង ប្រសិនបើគ្មានអ្វី ត្រូវបានរកឃើញ ក្នុងពេលនេះទេ។ នេះជាការប្រកាសរួមគ្នា រវាងអ្នកទទួលខុសត្រូវ ក្នុងការរុករកយន្ដហោះ នៃប្រទេសម៉ាឡេស៊ី អូស្ត្រាលី និងចិន។
សេចក្ដីប្រកាសព័ត៌មានរួមគ្នាមួយ របស់ប្រទេសទាំងបី បន្ទាប់ពីការប្រជុំនៅរដ្ឋធានី កូឡាឡំពួរ បានឲ្យដឹងថា តំបន់សង្ស័យ ដែលនឹងត្រូវធ្វើការរុករក នឹងពង្រីកឡើងដល់ ១២០ ០០០ គីឡូម៉ែត្រក្រឡា (ពីមុន មានត្រឹមតែ ៦០ ០០០ គីឡូម៉ែត្រក្រឡា) ប្រសិនបើការរុករកក្នុងពេលនេះ មិនបានផ្ដល់នូវលទ្ធផលអ្វីសោះ។
ការរុករកក្នុងពេលកន្លងមក ទៅលើតំបន់ ដែលត្រូវបានសង្ស័យ ដោយការចាប់រូបភាព របស់ប្រព័ន្ធផ្កាយរណបនោះ ត្រូវបានធ្វើសម្រេច ទៅលើផ្ទៃក្រឡា ៦០ភាគរយហើយ។ ហើយគម្រោង នៃតំបន់រុករក ដែលកើនឡើងទ្វេដង ទៅលើយន្ដហោះបាត់ខ្លួន អាចនឹងមានរយៈពេលជាច្រើនឆ្នាំទៀត ដោយយោងទៅលើភាពពិបាក ក្នុងការចូលទៅតំបន់ ទាំងនោះ ក៏ដូចជាស្ថានភាពឧត្តុនិយម មិនអំណោយផល។
យន្ដហោះ ប៊ូអ៊ីង ដែលភ្ជាប់ជើងហោះហើរ MH370 ពីរដ្ឋធានីកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅរដ្ឋធានីប៉េកាំង ប្រទេសចិន បានបាត់ខ្លួន ពីប្រព័ន្ធត្រួតពិនិត្យអាកាស យ៉ាងអាថ៌កំបាំង នៅមួយម៉ោងក្រោយការងើបហោះ ចេញពីដី កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំទៅម៉ិញ។ នៅក្នុងយន្ដហោះ មានមនុស្ស២៣៩នាក់ រាប់ទាំងអ្នកដំណើរ និងបុគ្គលិកបម្រើការ នៅលើយន្ដហោះ។
កាលពីខែមករា ឆ្នាំ២០១៥នេះ អាជ្ញាធរម៉ាឡេស៊ី បានប្រកាសជាផ្លូវការថា ការបាត់ខ្លួន របស់យន្ដហោះ ជា«គ្រោះឧប្បត្តិហេតុ» ខណៈដែលការស៊ើបអង្កេត មិនបានរកឃើញ អ្វីទាំងអស់។ អាជ្ញាធរខ្លួនឯង មិនបានដឹងច្បាស់ថា តើយន្ដហោះបានបញ្ចប់ដំណើរខ្លួន ទៅកាន់ទីណា ឬនៅតំបន់ណា នោះឡើយ។ ភាពឃ្លីងឃ្លោងនេះ បានបង្កឲ្យមានការលើកឡើង និងការរកឃើញខុសៗគ្នា ពីការបាត់យន្ដហោះនេះ។
ការពន្យល់តែមួយ ដែលអាចយកជាការបាន ដោយក្រុមអ្នកស៊ើបអង្កេត គ្រាន់តែបានបញ្ជាក់ថា ការធ្លាក់ចុះដ៏គំហុកនៃសម្ពាធខ្យល់អុកស៊ីសែន អាចធ្វើក្រុមអ្នកបើកបរយន្ដហោះ និងអ្នកដំណើរទាំងអស់ សន្លប់លែងដឹងខ្លួន ហើយយន្ដហោះ បានបន្តដំណើររបស់ខ្លួន ដោយស្វ័យប្រវត្តិ រហូតធ្លាក់ចូលសមុទ្រ បន្ទាប់ពីអស់សាំង៕
---------------------------------------
» ស្វែងយល់បន្ថែម ពីការបាត់យន្ដហោះនេះ ជាវីដេអូ៖