ស្នេហា​អ្នកគ្រូ​និង​សិស្ស​ក្មេង ខុស​វ័យ​២២​ឆ្នាំ នៅ​២០​ឆ្នាំ​ក្រោយ​...

នៅចុងទសវត្សន៍ឆ្នាំ៩០ អ្នកគ្រូ ម៉ែរី ឃេ (Mary Kay) និងកុមារ វីលី ហ្វូឡាអូ (Vili Fualaau) បានបង្កឲ្យមាន ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង នៅលើទឹកដីអាមេរិក៖ នោះគឺទំនាក់ទំនង មិនធម្មតា រវាងអ្នកគ្រូអាយុ៣៤ឆ្នាំ និងសិស្សរបស់ខ្លួន ១២ឆ្នាំ។ កន្លង​មក​អស់​ជា​ច្រើន​ឆ្នាំ អ្នកទាំងពីរបានរៀបការ ហើយមានកូនស្រីពីរនាក់។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ១៦ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 19, 2015
  • ប្រធានបទ: ស្នេហាមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើគ្រាន់តែលឺឈ្មោះ ម៉ែរី ឃេ និង វីលី ហ្វូឡាអូ លោកអ្នកប្រហែលជា មិនចាប់អារម្មណ៍ទេ។ ប៉ុន្តែសម្រាប់អ្នករស់នៅ ក្នុង​ប្រទេសអាមេរិក ឬនៅទ្វីបអ៊ឹរ៉ុបខាងលិច ប្រាកដជាបានដឹង ពីការចេញផ្សាយ ដ៏ភ្ញាក់ផ្អើល នៅតាមសារព័ត៌មាននានា ក្នុង​​ឆ្នាំ​១៩៩៧ ស្ដីពីហេតុការណ៍ ដ៏ហួសចិត្តមួយ។ នោះគឺអ្នកគ្រូរូបនេះ សាស្ត្រាចារ្យនៃសាលារៀនមួយ ក្នុងក្រុង​សៀតថល (Seattle) សហរដ្ឋអាមេរិក ត្រូវបានផ្តន្ទាទោស ពីបទមានទំនាក់ទំនងផ្លូវភេទ ជាមួយកូនសិស្សខ្លួនឯង ដែល​នៅ​ជា​កុមារ​​ក្មេង​​ខ្ចី​នៅ​ឡើយ។

ប៉ុន្តែ នៅ២០ឆ្នាំក្រោយមក ប្រវត្តិស្នេហ៍ដ៏គួរឲ្យហួសចិត្ត របស់អ្នកទាំងពីរ បានក្លាយជារឿងមួយ ដែលអស្ចារ្យ​រក​ទី​បំផុត​គ្មាន។ នៅក្នុងកញ្ចក់ទូរទស្សន៍ ABC កាលពីពេលថ្មីៗនេះ អ្នកទាំងពីរបានចូលខ្លួន មកផ្ដល់កិច្ចសម្ភាសយ៉ាងលំអិត ពី​ប្រវត្តិ​ស្នេហ៍​នឹក​ស្មានមិនដល់ របស់ពួកគេ។

ពួកគេបានចាប់ផ្ដើមនិយាយសារឡើងវិញ ដោយបានរៀបរាប់ តាំងពីឆ្នាំ១៩៩៦ ឆ្នាំដំបូង ដែលអ្នកគ្រូ ម៉ែរី អាយុ៣៤ឆ្នាំ និងមានកូនពីររួចហើយ បានជួបជាមួយកូនសិស្សរបស់ខ្លួន ដែលមានអាយុ ទើបនឹង១២ឆ្នាំ (ខុសគ្នា២២ឆ្នាំ)។ នៅរដូវ​ក្ដៅ ក្នុងឆ្នាំនោះ ទំនាក់ទំនងរបស់អ្នកទាំងពីរ ត្រូវបានបើកកកាយ ដោយហេតុថា អ្នកស្រី ម៉ែរី បានធ្លាក់ខ្លួនមានផ្ទៃពោះ ហើយគឺអតីតស្វាមីរបស់អ្នកស្រី ជាអ្នកដឹងរឿងនេះ។

អ្នកគ្រូត្រូវបានឃាត់ខ្លួន ហើយបានផ្ដល់កំណើត នៅក្នុងពន្ធនាគារ នាខែឧសភា ឆ្នាំ១៩៩៧ បានកូនស្រីដំបូង ឈ្មោះ អូដ្រេ (Audrey) ដែលអ្នកស្រីមាន ជាមួយកុមារវ័យជំទង់ វីលី។

នៅក្នុងសវនាការ អ្នកស្រី ម៉ែរី បានទទួលស្គាល់កំហុស និងត្រូវបានផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ ៨៩ខែ ពីបទរំលោភ លើផ្លូវភេទនៃកុមារ មិនទាន់គ្រប់អាយុ។ បន្ទាប់ពីជាប់នៅក្នុងពន្ធនាគារ បាន៦ខែ អ្នកស្រីត្រូវបានដោះលែងវិញ តែ​អ្នក​ស្រី​ត្រូវបានដាក់ ក្នុងការឃ្លាំមើលរបស់តុលាការ ជាមួយនឹងល័ក្ខខ័ណ្ឌយ៉ាងតឹងតែង៖ ហាមទាក់ទងជាមួយយុវជន វីលី និង​ត្រូវ​ចូល​រួម ជាប្រចាំ ក្នុងវគ្គសិក្សាជាក្រុម ប្រឆាំងនឹងបទល្មើសផ្លូវភេទ។ ប៉ុន្តែក្ដីស្នេហ៍ ទប់អារម្មណ៍ខ្លួន មិនបាន ព្រោះបន្ទាប់​ពីមានសេរីភាព បាន​១ខែក្រោយមក អ្នកស្រីបានលួចជួប ជាមួយយុវជន វីលី ឲ្យទាល់តែបាន។ ហេតុការណ៍​នេះ បាន​ធ្វើ​ឲ្យ​​តុលាការ​ក្ដៅក្រេវក្រោប និងបង្គាប់ឲ្យចាប់​អ្នកស្រី ដាក់ទៅ​ក្នុង​ពន្ធនាគារវិញ រហូត​រយៈ​ពេល​៧ឆ្នាំ។

«ពោរពេញទៅដោយ សំនួរគ្មានចម្លើយ»

នៅប៉ុន្មានខែក្រោយមក អ្នកស្រី បានបង្កើតបាន កូនស្រីម្នាក់ទៀត​ ឈ្មោះ ជកចា (Georgia) ដែលជាកូនទីពីរ ជាមួយ​យុវជន វីលី។ ប៉ុន្តែលើកនេះ មិនអាចឲ្យអតីតស្វាមីរបស់អ្នកស្រី អត់អោនឲ្យបានតទៅទៀតឡើយ។ អតីតស្វាមី បាន​លា​លែងពីអ្នកស្រីទាំងស្រុង ហើយបានចេញទៅរស់នៅ ជាមួយកូនទាំងពីរនាក់ នៅក្នុងរដ្ឋអាឡាស្កា (Alaska) រហូត​មក​ទល់​​បច្ចុប្បន្ន។

ក្នុងឆ្នាំ២០០៥ អ្នកស្រីបានរួចចេញពីពន្ធនាគារវិញ និងបានរកឃើញ យុវជន វីលី។​ អ្នកទាំងពីរបានរៀបការ ជាមួយ​គ្នា​នៅប៉ុន្មានខែក្រោយមក។ នៅក្នុងកិច្ចសម្ភាស ជាមួយស្ថានីយ៍ទូរទស្សន ABC អ្នកស្រី ម៉ែរី និងលោក វីលី បាន​និយាយ​ព្រមគ្នាថា៖ «នៅពេលរៀបការហើយ យើងមានអារម្មណ៍ធូរស្រាល ខ្លាំងមែនទែន បន្ទាប់ពីបានឆ្លងកាត់ ពេល​វេលា​រាប់​ឆ្នាំ ដែលពោរពេញទៅដោយ សំនួរគ្មានចម្លើយ»។

សម្រាប់ពេលនេះ អ្នកស្រី ម៉ែរី មិនបានអនុញ្ញាត ឲ្យធ្វើជាគ្រូបង្រៀនទៀតទេ ដោយហេតុអ្នកស្រី បានជាប់ឈ្មោះ ក្នុង​បញ្ជី​​ខ្មៅ នៃបទល្មើសផ្លូវភេទ។ តែអ្នកស្រី ជាជំនួយការផ្នែកច្បាប់មួយរូប និងបានបញ្ជាក់ថា អ្នកស្រីនៅតែចង់ក្លាយ ជា​អ្នកគ្រូ​ដូចមុន ប្រសិនបើច្បាប់អនុញ្ញាត។ ចំណែកឯលោក វីលី វិញ ប្រកបមុខរបរជាបុគ្គលិក នៅក្នុងមជ្ឈមណ្ឌល​សង្គម​កិច្ច​មួយ សម្រាប់ពេលថ្ងៃ និងនៅពេលយប់ លោក វីលី គឺជាអ្នកចាក់ភ្លេងដ៏ល្បីម្នាក់ ក្រោមរហស្សនាមថា៖ «DJ Headlines»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...