អាមេរិក៖ នគរបាល​បើក​រថយន្ដ បុក​ជន​សង្ស័យ​ប៉ើង​ដូច​សំឡី!

អាជ្ញាធរនៃរដ្ឋអារីហ្សូណា (Arizona) សហរដ្ឋអាមេរិក បានផ្សាយរូបភាពនេះ ជាសាធារណៈ ដែលបង្កឲ្យមានតក់ស្លុតក្រៃលែង។ រូបភាពដែលថតដោយម៉ាស៊ីនថត នៅនឹងរថយន្ដរបស់នគរបាល បានបង្ហាញថា រថយន្ដរបស់នគរបាល បានបើកទៅបុក យ៉ាងពេញទំហឹង ទៅលើជនសង្ស័យម្នាក់ បង្កឲ្យជននេះខ្ទាតប៉ើងឡើង ដូចសំលីបីបួនត្រឡប់។
សកម្មភាពតាមប្រម៉ាញ់ ជនសង្ស័យ ដ៏ពិសេសរបស់នគរបាលរដ្ឋអារីហ្សូណា។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៦ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 16, 2015
  • ប្រធានបទ: ការបង្ក្រាប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នគរបាលសហរដ្ឋអាមេរិក ដូចជាមិនសូវខ្វះរឿងប៉ុន្មានទេ ក្នុងរយៈពេលចុងក្រោយនេះ។ បន្ទាប់ពីបានបាញ់បោះ ទៅ​លើ​ជន​ស៊ីវិលគ្មានអាវុធ ឬច្រឡំបាញ់កាំភ្លើងគ្រាប់ពិត... តែនៅពេលនេះ ជាការបើករថយន្ដនគរបាល តម្រង់ទៅបុក​ជន​សង្ស័យម្នាក់ យ៉ាងពេញទំហឹងតែម្ដង។ ប៉ុន្តែលើកនេះ នគរបាលបានអះអាងថា វាជាទង្វើខុសទម្លាប់មួយ ដោយសារ​តែ​ក្រុម​​ខ្លួន​គ្មាន​​ជម្រើស។

ហេតុការណ៍បានកើតឡើង នៅខែកុម្ភៈកន្លងទៅ តែវីដេអូទើបនឹងទម្លាយមកឲ្យដឹង នៅថ្ងៃពុធនេះប៉ុណ្ណោះ។ ជា​រូបភាព​ដ៏តក់ស្លុត ដែលថតជាប់ ដោយម៉ាស៊ីនថត ជាប់នឹងរថយន្ដនគរបាល ផ្ទាល់តែម្ដង ហើយទើបនឹងត្រូវបាន អាជ្ញាធរ​រដ្ឋ​អារីហ្សូណា (ភាគខាងលិច នៃសហរដ្ឋអាមេរិក) យកមកផ្សាយជាសាធារណៈ ដោយបញ្ចេញដំបូងគេ នៅលើ​កញ្ចក់​ទូរទស្សន៍ អាប៊ីស៊ីញ៉ូ (ABC News)។

នគរបាលបានពន្យល់ថា ជនសង្ស័យ ត្រូវបានតាមប្រមាញ់ឲ្យក្រុមនគរបាល បន្ទាប់ពីបានចូលក្នុងព្រះវិហារមួយ ហើយ​បានធ្វើការបាញ់បោះ នៅទីនោះ។ មុននឹងមកដល់ក្នុងព្រះវិហារ ជនសង្ស័យត្រូវបានសង្ស័យដែរថា បានលួចរថយន្ដ​មួយ​គ្រឿង។ នៅ​ពេល​ដែលកងនគរបាល បានឃើញជននេះ នៅតាមដងផ្លូវ ជនសង្ស័យបានបើកការបាញ់រះ ដោយប្រើ​កាំភ្លើង ពាក់​កណ្ដាល​ស្វ័យប្រវត្តិមួយដើម ជាមួយនឹងបង់គ្រាប់ជាច្រើន នៅជាប់នឹងខ្លួន។

រថយន្ដនគរបាល ដែលថតរូបភាពដំបូង ជាអ្នកទទួលបន្ទុកតាមជនសង្ស័យ ពីចំងាយ ដែលទំនងជាពីមិនចង់ ប្រឈម​នឹង​​ជនសង្ស័យ ដែលប្រដាប់ដោយអាវុធម្នាក់នេះ។ គេឮសូរភ្នាក់ងារនគរបាលម្នាក់ បាននិយាយថា៖ «នៅឲ្យឆ្ងាយ​បន្តិច... កាំភ្លើងវាមានគ្រាប់»។ បន្ទាប់មក គេឃើញរថយន្ដទីពីរ បានបើកពីចំងាយយ៉ាងលឿន សំដៅជនសង្ស័យត្រង់​តែម្ដង។

ទោះជាត្រូវបានបុក បំប៉ើងដូចសំឡីក៏ដោយ តែជនសង្ស័យមិនបានស្លាប់ទេ។ បុរសនេះត្រូវបានដឹក ទៅកាន់មន្ទីរពេទ្យ ហើយត្រូវបានសាកសួរ និងរងការស៊ើបអង្កេត នៅពេលក្រោយមក។

ប៉ុន្តែនគរបាលវិញ បានព្យាយាមពន្យល់ ពីទង្វើរបស់ខ្លួនថា ដោយសារជនសង្ស័យ មានលក្ខណៈ«គ្រោះថ្នាក់» សម្រាប់​ហាង​ទំនិញមួយ នៅជិតនោះ។ ជាពិសេស ដោយសារបុរសនោះ ស្ថិតនៅឆ្ងាយ ពិបាកបង្ក្រាបពេក នគរបាលមានតែ​ប្រើ​វិធីនេះ ដើម្បីបង្ខំឲ្យជននេះទម្លាក់អាវុធ។ ភ្នាក់ងារនគរបាល ដែលជាអ្នកបើករថយន្ដបំបុកនេះ ត្រូវបានគេរាយការណ៍​មក​ថា មិនមានការខ្វាយខ្វល់អ្វីឡើយ ហើយភ្នាក់ងាររូបនោះ បានចូលមកធ្វើការ ដូចធម្មតា។ ចំពោះនាយនគរបាលវិញ បាន​​ទទួល​​ស្គាល់​​ថា វិធីសាស្ត្ររបស់ភ្នាក់ងាខាងលើ ដូចជាខុសពីទម្លាប់កន្លងមក... បន្តិចហើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...