ប្រតិកម្មជុំវិញការដាក់កងកម្លាំងបង្រ្កាប នៅមុខក្រុមហ៊ុន ស៊ិនទ្រី
«បើយើងពន្លឿនការដោះស្រាយ អោយមានការយោគយល់ និងទទួលបានការយល់ព្រមទាំងអស់គ្នានោះ ទើបវាអាចដោះស្រាយបាន» នេះជាអះអាងរបស់ មន្ត្រីអង្គការសង្គមស៊ីវិល លោក អំ សំអាត។ មន្ត្រីរូបនេះយល់ថា ទាំងរដ្ឋាភិបាលនិងអ្នកពាក់ព័ន្ធទាំងអស់ គួរតែដោះស្រាយបញ្ហាដោយសន្តិវិធី ជៀសវាងការបង្រ្កាបទៅលើក្រុមអ្នកតវ៉ា ដែលវាជាដំណោះស្រាយដោយការរំលោភសិទ្ធិ មនុស្ស។
សកម្មភាពកូដកម្ម (រាំកំសាន្ដ) របស់កម្មករបុគ្គលិកក្រុមហ៊ុនប្រមូលសម្រាម ស៊ីនទ្រី។ (រូបថត ហ្វេសប៊ុក)
វិបត្តិសង្គម - ការធ្វើកូដកម្មមិនចូលធ្វើការរបស់បុគ្គលិកក្រុមហ៊ុនស៊ិនទ្រីនៅតែបន្ត ខណៈពេលដែលការចរចា ស្ថិតនៅក្នុងភាពប្រទាញប្រទង់បែបនេះ កងកម្លាំងដែលបានដាក់ពង្រាយ នៅមុខក្រុមហ៊ុនស៊ិនទ្រីត្រូវបានមតិមួយចំនួនយល់ថា ដាក់ដើម្បីចាំបង្រ្កាបអ្នកតវ៉ាធ្វើបាតុកម្ម។
ទាក់ទងនឹងបញ្ហានេះដែរ លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្សលីកាដូ ប្រតិកម្មថា «កាលៈទេសៈនេះគេយក"លេស"នៃការរក្សាសណ្តាប់ធ្នាប់សន្តិសុខសាធារណៈ។ ប៉ុន្តែ ពេលនេះខ្ញុំមើលឃើញថា មិនទាន់ដល់ពេលដែលយើងចាត់វិធានការរបៀបហ្នឹងទេ ព្រោះថាស្ថានការណ៍ប្រទេសយើង ឬរាជធានីភ្នំពេញមិនទាន់ដល់ថ្នាក់ ដាក់នៅក្នុងស្ថានភាពគ្រាមានអាសន្ននោះទេ។»
លោកពន្យល់ទៀតថា កម្ពុជានៅតែទទួលស្គាល់នូវសិទ្ធិសេរីភាពរបស់ពលរដ្ឋដដែល អញ្ចឹងការដាក់បំរាមមិនឲ្យមានការប្រមូលផ្តុំ ការតវ៉ាណាមួយ វាធ្វើអោយប៉ះពាល់ទៅដល់សិទ្ធិសេរីភាពរបស់ពលរដ្ឋ ជាពិសេសវាប៉ះពាល់ដល់សិទ្ធិក្នុងការបញ្ចេញមតិ និងប្រមូលផ្តុំដោយសន្តិវិធីដែលវាជាមូលដ្ឋានគ្រឹះនៃលិទ្ធិប្រជាធិបតេយ្យ។ កាលណាធ្វើអោយបាត់បង់នូវសិទ្ធិទាំងអស់នេះ នោះមិនមែនជាប្រទេសកាន់លិទ្ធិប្រជាធិតេយ្យទេ វាទៅជាប្រទេសដែលកាន់«លិទ្ធិផ្តាច់ការ»ទៅវិញ។
បញ្ហាធ្វើកូដកម្មមិនចូលធ្វើការរបស់បុគ្គលិកក្រុមហ៊ុនស៊ិនទ្រី និងការដាក់ពង្រាយកងកម្លាំងសមត្ថកិច្ចនេះ វាក៏ជាប្រធានបទមួយដែលអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ធ្វើការជជែកវែកញែកពីបញ្ហានេះដែរ។
ម្ចាស់ទំព័រហ្វេសប៊ុកមួយរូបឈ្មោះ Chrin Sokka បានធ្វើការរិះគន់ទៅកាន់កងកម្លាំងប្រដាប់អាវុធថា «បើពូកែបង្ក្រាបអញ្ចឹង ចាំបាច់ធ្វើបាតុកម្ម រឺកូដកម្មធ្វើអី? កម្មករទាំងអស់មិនបាច់ទៅធ្វើការម៉ងទៅ ហើយដេកផ្ទះរៀងៗខ្លួនទៅ មិនបាច់ភ័យត្រូវគេវ៉ៃ ចាំមើលពួកអ្នកបង្ក្រាបណ្នឹងវាកើបសំរាម ខ្លាំងដូចបង្ក្រាបអត់?» រីឯ ម្ចាស់ទំព័រមួយរូបទៀតគឺ Ron Sem បានបញ្ចេញយោបល់ដែរថា «បើចង់កែប្រែសង្គមអោយល្អឡើងវិញ អ្នកដឹកនាំត្រូវតែទទួលស្គាល់ភាពយុត្តិធម៌តម្លាភាព និងតុល្យភាពរវាងប្រជាជន គឺមានន័យថាប្រជាជននិងរដ្ឋអំណាចធ្វើការរួមគ្នា ដោយប្រកាន់យកយុត្តិធម៌មកដាក់ចំពោះមុខ»។
ជាការកត់សម្គាល់ឃើញថា រយៈកាលចុងក្រោយមកនេះការតវ៉ារកដំណោះស្រាយបានកើតមានជាហូរហែរ ហើយការបង្រ្កាបក៏តែងកើតមានទៅលើក្រុមអ្នកតវ៉ាបញ្ចេញមតិដែរ។ ចំពោះករណីនេះ លោក អំ សំអាត ដែលជាឃ្លាំមើលស្ថានការសង្គមបានផ្តល់យោបល់ថា «រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធត្រូវតែពន្លឿនរកនីតិវិធីយ៉ាងណា ដើម្បីដោះស្រាយបញ្ចប់បញ្ហា ចរចាគ្នាដោយសន្តិវិធី អាហ្នឹងបានវាដោះស្រាយចេញ។ បើយើងជ្រើសរើសយកវិធីនៃការបង្រ្កាបទៅលើអ្នកតវ៉ាបញ្ចេញមតិជាការដោះស្រាយបញ្ហានោះ អញ្ចឹងវាបានតែមួយពេលនោះទេ ហើយវានឹងកក្រើកឡើងនៅពេលណាវិញជាមិនខាន។ មួយវិញទៀតបើជ្រើសយកវិធីនៃការបង្រ្កាបនេះ ទីមួយប៉ះពាល់ដល់សិទ្ធិរបស់គេ ទីពីរធ្វើអោយមតិជាតិ និងអន្តរជាតិមើលមកថាជាប្រទេសមិនគោរពសិទ្ធិមនុស្ស៕»
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០១៤