អាមេរិក​​ចង់​ឲ្យ​ខ្មែរ​ដោះស្រាយ​ជម្លោះ​នយោបាយ រវាង​ខ្មែរ​និង​ខ្មែរ

សហរដ្ឋអាមេរិកដែលមិនទាន់ទទួលស្គាល់ជាផ្លូវការ អំពីភាពស្របច្បាប់របស់ដ្ឋាភិបាល និងរដ្ឋសភា«ឯកបក្ស»​គ្រប់គ្រង ដោយគណបក្សប្រជាជនកម្ពុជា តាំងពីក្រោយការបោះឆ្នោតជាតិខែកក្កដាឆ្នាំ២០១៣មកនោះ បាន​បង្ហាញគោលជំហរជាថ្មីថា សហរដ្ឋអាមេរិក ចង់ឃើញភាពជាប់គាំងផ្នែកនយោបាយរបស់ប្រទេសកម្ពុជា ត្រូវបាន​ដោះស្រាយដោយសន្តិវិធី តាមរយៈការជជែកពិភាក្សារវាងភាគីខ្មែរ និងខ្មែរ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: February 05, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សហរដ្ឋអាមេរិកដែលមិនទាន់ទទួលស្គាល់ជាផ្លូវការ អំពីភាពស្របច្បាប់របស់ដ្ឋាភិបាល និងរដ្ឋសភា«ឯកបក្ស»​គ្រប់គ្រង ដោយគណបក្សប្រជាជនកម្ពុជា តាំងពីក្រោយការបោះឆ្នោតជាតិខែកក្កដាឆ្នាំ២០១៣មកនោះ បាន​បង្ហាញគោលជំហរជាថ្មីថា សហរដ្ឋអាមេរិក ចង់ឃើញភាពជាប់គាំងផ្នែកនយោបាយរបស់ប្រទេសកម្ពុជា ត្រូវបាន​ដោះស្រាយដោយសន្តិវិធី តាមរយៈការជជែកពិភាក្សារវាងភាគីខ្មែរ និងខ្មែរ។


មួកមានរូបសញ្ញាគណបក្សនយោបាយធំពីរ នៅប្រទេសកម្ពុជា។

នយោបាយកម្ពុជា - ក្រោយជំនួបរវាង លោក ស្កុត ម៉ាសែល (Scot Marcel) ឧបការីក្រសួងការបរទេសអាមេរិក និងលោក ហោ ណាំហុង ជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី០៥ ខែកុម្ភៈ នេះ លោក កុយ គួង ជាអ្នកនាំ​ពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្នុងជម្លោះនយោបាយនៅកម្ពុជា សហរដ្ឋ​អាមេរិក​ប្រកាន់គោលជំហរអព្យាក្រិត្យ ដោយមិនមាននិន្នាការគាំទ្រគណបក្សណាមួយឡើយ។ អ្នកនាំពាក្យដដែលនេះ បន្ត​ថា សហរដ្ឋអាមេរិក ក៏បានជំរុញឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ត្រឡប់ចូលមកតុចរចា រវាងខ្មែរ និងខ្មែរផងដែរ។ ទន្ទឹមនឹងនេះ លោក កុយ គួង បញ្ជាក់ថា៖ «គណបក្សប្រជាជនកម្ពុជា នៅតែបើកទ្វារចំហ ក្នុងការចរចា ជាមួយគណបក្សសង្គ្រោះជាតិ»។

ជាមួយគ្នានេះ លោក ចន ម៉ាក់ខេនថុស (John Mccain toes) ជាមន្រ្តីនាំពាក្សស្ថានទូតអាមេរិក ប្រចាំកម្ពុជា បាន​ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបនោះ ដែរថា លោក ស្កុត ម៉ាសែល (Scot Marcel) ក៏បានទទូចឲ្យគ្រប់​ភាគី​កម្ពុជា គួរជៀសវាងការប្រើប្រាស់អំពើហិង្សា ដើម្បីសម្រេចគោលដៅនយោបាយ ដែលបានអូសបន្លាយជាង៦ខែ​មកនេះ។ ហើយសហរដ្ឋអាមេរិក ក៏បានស្នើដល់ រដ្ឋាភិបាលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ដកបំរាម មិនឲ្យមានការប្រមូលផ្តុំជួបជុំគ្នាធ្វើបាតុកម្ម ក្រោយពីការផ្ទុះបាតុកម្មរបស់គណបក្ស​សង្រ្គោះជាតិកាលពីពេលថ្មីៗ​នេះ។

សម្រាប់លោក កឹម សុខា ជាអនុប្រធានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ បានសរសេរ នៅលើ​ទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា៖ «ព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៤នេះ ខ្ញុំ កឹម សុខា បានជួបឧបការីរងក្រសួង​ការបរទេសសហរដ្ឋអាមេរិក លោក ស្កុត ម៉ាសែល (Scot Marciel) នៅស្ថានទូតសហរដ្ឋអាមេរិករយៈពេលជាង មួយម៉ោង ដើម្បីពិភាក្សាគ្នាអំពី ស្ថានភាពរំលោភសិទ្ធិមនុស្ស និងការជាប់គាំងនយោបាយនៅកម្ពុជាបច្ចុប្បន្ន»។

ទន្ទឹមនឹងនេះ លោកយ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុក្នុងស្រុក នៅ​ថ្ងៃ​ទី៥ ខែកុម្ភៈ នេះ ក៏បានបង្ហើបពីចេតនា ក្នុងការចរចាឡើងវិញ ជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។ លោក យ៉ែម បុញ្ញឬទ្ធិ បញ្ជាក់ថា៖ «គណបក្សសង្គ្រោះជាតិមិនមានលក្ខខណ្ឌអ្វី ដើម្បីយកទៅចរចាជាមួយគណបក្ស​ប្រជាជនកម្ពុជានោះទេ។ ប៉ុន្ដែថា ត្រូវយកបញ្ហាដាក់លើតុដើម្បីដោះស្រាយរួមគ្នា។»

គួររម្លឹកថា ប្រទេសកម្ពុជា មានភាពជាប់គាំងផ្នែកនយោបាយ ជាង៦ខែមកហើយ ក្រោយការបោះឆ្នោតជាតិ កាល​ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ ភាពជាប់គាំង គឺបណ្តាលមកពីការចរចានយោបាយបរាជ័យម្តងហើយម្តងទៀត រវាងគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា ទាក់ទងនឹងលទ្ធផលបោះឆ្នោត ដ៏ចម្រូងចម្រាសនោះ៕

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...