តំណាងសហគមន៍៖ ពលរដ្ឋនៅអារ៉ែង កំពុងរងការគម្រាមពីអាជ្ញាធរនិងក្រុមហ៊ុន
- ដោយ: ប្រាថ្នា អត្ថបទ ៖ ប្រាថ្នា ([email protected]) យកការណ៍៖ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី៣១ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 31, 2014
- ប្រធានបទ: បរិស្ថាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តំណាងប្រជាសហគមន៍ លោក វ៉ែន វ៉ន បានរៀបរាប់ថា ឥលូវនេះ ប្រជាសហគមន៍ដែលជាជនជាតិជង រស់នៅក្នុងតំបន់ស្ទឹងជាយអារ៉ែង បាននឹងកំពុងរងការគម្រាមកំហែង ពីសំណាក់ក្រុមហ៊ុនចិន ស៊ីណូហាយដ្រូ។ លោកថា គេបានគម្រាមពួកលោកថា ប្រសិនបើសហគមន៍របស់លោក មិនយល់ព្រមឱ្យគេសាងសង់វ៉ារីអគ្គីសនីទេ គេនឹងចាប់សកម្មជន និងតំណាងយកទៅដាក់ពន្ធនាគារ។
តំណាងជនជាតិភាគតិចជងរូបនេះបន្តទៀតថា៖ «ទីពីរ គេធ្វើការដកហូត ដូចជាវិទ្យុទាក់ទងរបស់ពួកយើង ដែលប្រើរយៈកាលកន្លងមក ដែលអង្គការគេឱ្យមកយើងប្រើប្រាស់។ ខ្ញុំមកនេះ ខ្ញុំចង់បង្ហាញពីទុក្ខកង្វល់របស់ពួកយើង។»។
លោកបញ្ជាក់បន្ថែមថា បើទោះបីជាមានការគម្រាមកំហែងយ៉ាងណាក៏ដោយ លោកនឹងនៅតែធ្វើការតស៊ូការពារ មិនឱ្យមានការសាងសងទំនប់វារីអគ្គីសនី នៅក្នុងតំបន់ស្ទឹងអារ៉ែងទេ ព្រោះថានៅទីនោះ ជាទឹកដីកំណើតរបស់ជនជាតិជង ហើយវាជាឆ្នាំងបាយ របស់ជនជាតិភាគតិចមួយនេះផងដែរ។
តំណាងសហគមន៍រូបនេះ បានឱ្យដឹងទៀតថា កន្លងមកប្រជាពលរដ្ឋជាជនជាតិជង ដែលរស់នៅទីនោះធ្លាប់រងនូវការបង្រ្កាប និងការចាប់ខ្លួនម្តងរួចមកហើយ។ លោកបានលើកឡើងថា ការគម្រាមកំហែងរបស់អាជ្ញាធរ និងក្រុមហ៊ុន បានរំលោភទាំងស្រុងទៅលើ កតិកាសញ្ញារបស់អង្គការសហប្រជាជាតិឆ្នាំ១៩៤៨ ដែលទទួលស្គាលជនជាតិដើមភាគតិច និងបានរំលោភច្បាប់ ទៅលើច្បាប់មួយចំនួនទៀត។
លោក បានរក្សាជំហរយ៉ាងដូច្នេះថា៖ «អញ្ចឹងពួកយើងធ្វើអត់មានខុសច្បាប់ បើសិនជាចូលមកបំពានយើង យើងក៏ស៊ូស្លាប់ដើម្បីផ្ទះយើង»។ លោកថា បន្ទាប់សន្និសិទ្ធថ្ងៃនេះទៅ ប្រជាពលរដ្ឋនឹងធ្វើបាតុកម្មបន្តទៀត ដើម្បីប្រឆាំងនឹងក្រុមហ៊ុនចិននេះ។
មិនអាចសុំការបំភ្លឺពីអាជ្ញាធរ នៅតំបន់អារ៉ែង និងក្រុមហ៊ុនចិន ស៊ីណូហាយដ្រូ ដើម្បីធ្វើការស្រាយបំភ្លឺ ករណីចោទប្រកាន់ខាងលើនេះបានទេ។
តែកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤ ក្រសួងរ៉ែ ថាមពលបានចេញផ្សាយ នូវសេចក្តីបំភ្លឺមួយ ពាក់ព័ន្ធនឹងគម្រោងវារីអគ្គសនីស្ទឹងជាយអារ៉ែង។ គម្រោងសាងសងវារីអគ្គសនី មានផ្ទៃដីប្រមាណ១០ហិចតា មានផលប៉ះពាល់ដល់សត្វ ដែលរស់នៅតំបន់ មានបក្សីប្រមាណ១១៣ប្រភេទ ថនិកសត្វ៥៣ប្រភេទ ល្មូន៣១ប្រភេទ និងមច្ចាជាតិ៤៣ប្រភេទ៕